សួនងងឹត (បទពាក្យប្រាំពីរ)

រងំៗមនុស្សជុំជិត…………………………ជីវិតភ្លើតភ្លើនភ្លេចក្នុងបារ

បទភ្លេងល្វេងល្វើយដាស់កាមា…………សួនច្បារផ្ការីកពេលរាត្រី។

ផ្ការីកស្ទុងៗក្នុងភ្លើងពណ៌………………..អប្សររេរាំតាមតន្ត្រី

ចម្រៀងល្ហិមល្ហែមផ្អែមសម្តី……………..ស្រស់ស្រីនាងជាទេពកញ្ញា។

កំសាន្តក្នុងសួនទិព្វវិមាន…………………ចិត្តគ្មានកង្វល់ដល់ទុក្ខា

រសាត់បាត់ហើយរឿងខ្លោចផ្សា…………ចិន្តាចាំចងតែថ្លើមថ្លៃ។

ភ្លេចភ្លាំងអស់ហើយការសិក្សា………….ភ្លេចហើយគ្រួសារជាប់ជើងដៃ

ភ្លេចហើយទុក្ខសោកអ្នកដទៃ…………..គិតលៃម្តេចបានប្រាំក់រាំបារ។

អ្នកណាងាប់រស់អ្វីក៏ដោយ……………….គិតឲ្យតែអញបានហ៊ឺហា

ផឹកស៊ី ស៊ីផឹកដឹកសង្ហា……………………កំសាន្តសួនច្បារផ្កាងងឹត។

និពន្ធដោយ៖ កវី គយ សារុន

បញ្ចេញមតិ