តាមផ្លូវទៅរៀន

កាលខ្ញុំទៅរៀនខ្ញុំគ្មានប្រាក់ចាយ ខ្ញុំក្រខ្វះបាយក្រហាយជីវិត
រសាត់ក្រោមមេឃស៊ីវិល័យពិត ថ្ងៃល្ហែខែល្ហិតគិតគ្រប់នាទី។
ភ្លើងភ្លឺភ្លិបភ្លេតខ្ញុំប្លែកអារម្មណ៍ តន្ត្រីរណ្ដំរងំវក់វី
ខ្ញុំឃើញក្មេងៗហ៊ឺហាផឹកស៊ី មានឈ្មោលមានញីកៀកគូច្រៀងរាំ។
មកដល់ភ្លើងស្តុបខ្ញុំស្លុតស្មារតី ឃើញក្មេងប្រុសស្រីដេកដីភក់ជ្រាំ
ខ្លះស្ពាយប្អូនតូចហាក់ដូចមាំទាំ លើកដៃប្រណមសុំលុយងោចៗ។
ឆ្លងឆ្នាំទៅមុខស្រុកខ្ញុំយ៉ាងណា? ស្រណោះពើតផ្សាដូចខែរនោច
ចិន្ដាអួលណែនសែនញ័ររំញោច បេះដូងរោលខ្លោចខ្លាចជាតិលិចលង់៕
អ្នកនិពន្ធ៖ កើយ ចិត្រា
Download image

ញាក់ភ្នែក

ញាក់ភ្នែកខាងឆ្វេងល្អែងមានលាភ    ញាក់បែបសុភាពដាក់ស្រីៗ
ថ្ងៃមុនញាក់ចំនាងមានប្ដី ត្រូវមួយដុំដីអស់បីធ្នេរ។
ញាក់ភ្នែកខាងស្ដាំផ្ដាំមានស៊យ ញាក់ធ្វើបែបលយត្រូវគេជេរ
ចំស្ទាវវាវ៉ៃរត់ខ្មាសគេ ញាក់ត្រូវរិះរេញាក់ស្ងាត់ៗ។
នេះហើយរឿងញាក់មានពីរផ្នែក ញាក់បែបចំឡែកញាក់មិនបាត់
បើបានញាក់ហើយត្រូវប្រយ័ត្ន ទៅមកខ្វែងខ្វាត់ក្រែងជួញទុក្ខ៕
អ្នកនិពន្ធ៖ កើយ ចិត្រា
Download image

ម្នាក់នោះជាអ្វី?

ម្នាក់នោះជាអ្វី គេស្និទ្ធពិសី ស្និទ្ធក្រៃកន្លង
អូនថើបជញ្ជក់ ញីញក់ច្រើនដង ម្ដេចអូនបែរខ្នង
លាក់បងដល់ណា?
ម្នាក់នោះជាអ្វី គេក្មេងស្រស់ខ្ចី មិនស្ដីវាចា
គេកូនលោកធំ        ទើបមុំស្នេហា បងអន់ត្រង់ណា
សង្ហាមិនស្មើ 
ម្នាក់នោះជាអ្វី សូមអូនស្រដី ប្រាប់បងសើៗ
នរណាម្នាក់ហ្នឹង មុខរឹងគ្រាប់បើ បានអូនបណ្ដើរ
សរសើរដោយស្មោះ 
ម្នាក់នោះជាអ្វី ញីញក់ទ្រូងស្រី មិនខ្មាសគេសោះ
កណ្ដាលថ្ងៃត្រង់ ចង់ធ្វើនេះនោះ បងនេះកំលោះ
អូនចង់ដោះដៃ ។
ម្នាក់នោះជាអ្វី ម្ដេចអូនថ្នមបី បញ្ឈឺរាល់ថ្ងៃ
ប៉ុន្មានខួបហើយ កូនស្រស់ស្រីថ្លៃ ក្នាញ់ណាស់ចង់វៃ
ត្រង់កំប៉េះគូថ 
View | Download image អ្នកនិពន្ធ៖ កើយ ចិត្រា

ពូប្រឹង

នេះរឿងពូប្រឹង សព្វថ្ងៃបើដឹង ពូតឹងទាល់ក្រ
ពូអាងកេរម៉ែ មានស្រែកំដរ ពូធ្វើបន្ត
អាស្រ័យដោយផល ។
ឆ្នាំមុនបានស្រូវ ហាងឆេងហាក់ត្រូវ ពូលក់គ្មានសល់
ពូទិញរបស់ សើចស្រស់ឥតខ្វល់ ចុងក្រោយកើតទ័ល
ខ្ចីគេវាល់លាន ។
ឆ្នាំនេះលក់ស្រែ អស់ហើយកេរម៉ែ ព្រោះតែចង់មាន
ចង់ទ្បូយចង់ទ្បាន ក៏បានក៏ហ៊ាន តែងខ្លួនលើកពាន
មិនចាញ់អ្នកផ្សារ  ។
ចាយមួយទំហឹង ឲ្យស្គាល់ពូប្រឹង តើទ្បូយប៉ុណ្ណា
បានលុយលេងក្រុង ពូផុងតណ្ហា ស្រើបស្រាលបនបារ
ខារ៉ាអូខេ ។
ស្វាងស្រាដើរអួត បន្លឺរីកសួត ប្រាប់អស់ផងគេ
មានមីអូននោះ សាច់ស្រស់ម៉្លេះទេ ច្រៀងឱបយេៗ
សប្បាយណាស់វ៉ើយ ៕
View | Download image អ្នកនិពន្ធ៖ កើយ ចិត្រា

ប្រជុំរឿងព្រេងខ្មែរ

ដើម្បីអានរឿងព្រេងខ្មែរ សូមចុចលើតំណភ្ជាប់នេះ៖ Wikisource

ប្រជុំរឿងព្រេងខ្មែរ

ប្រជុំរឿងព្រេងខ្មែរ

មានតែម៉ែមួយ

ម៉ែឃើញកូនក្រ ម៉ែបេះពីក យកទៅឲ្យកូន
ម៉ែហ៊ានលើកដៃ សំពះក្រាបលូន សុំគេត្បិតកូន
ឥតខ្មាសអៀនអ្វី ។
ម៉ែអើយម៉ែចាស់ ម៉ែលំបាកណាស់ ត្បិតកូនប្រុសស្រី
ម៉ែខ្លាចកូនខ្លៅ ប្រដៅជេរស្ដី កូនខ្លះគិតខ្លី
ពោលពាក្យពាលា ។
ម៉ែព្រួយពេកក្រៃ ហត់នឿយយប់ថ្ងៃ ខ្លាចកូនវេទនា
ម៉ែឱបម៉ែថ្នម ខ្លាចកូនរងា ម៉ែតែងការពារ
បុត្រភ្ងាគ្រប់រូប ៕
View | Download image អ្នកនិពន្ធ៖ កើយ ចិត្រា

កុំត្រាប់នេនទុំ

កុំត្រាប់នេនទុំ ស្លាប់ព្រោះទាវមុំ ត្បូងឃ្មុំរឿងចាស់
សូន្យរូបត្បិតស្រី លោកិយខ្ពើមណាស់ នរកកម្មក្រាស់
ឃុំជាប់រាប់ជាតិ ។
គួរស្ដាយចំណេះ រៀនសូត្រចាំចេះ លើសអស់ផងញាតិ
ពុកម្ដាយរែកពន់ ស្រាលធ្ងន់ឥតឃ្លាត ពើបអស់សម្ពាធ
ខ្មីឃ្មាតត្បិតកូន។
ទុំអើយៗទុំ គួរណាស់ខ្មាសខ្ញុំ ក្នុងនាមជាប្អូន
ខ្ញុំឈឺព្រោះស្រី មិនខ្ចីស្លាប់សូន្យ ខិតខំសាងក្បួន
ឆ្លងសមុទ្រស្នេហ៍ ។
ស្លាប់ទៅជាខ្មោច ប្អូនខ្លាចអសោច អាប់ឱនជាតិខ្មែរ
ខ្លាចជួបដូនតា ផ្ដាសាផងដែរ ប្អូនតែងគ្រាន់តែ
ផ្ញើសារជូនបង ៕
View | Download image អ្នកនិពន្ធ៖ កើយ ចិត្រា

រំដួលបាំងស្លឹក

រំដួលចោលក្លិន ហាក់មិនរសាយ ក្រពុំលាក់កាយ មិនឆ្ងាយភ្នែកបង
រៀមលួចគយគន់ ផ្កាមានលំអង ក្រអូបផ្ដោះផ្ដង ចំណងនិស្ស័យ​ ។
បងលួចតោងមែក វែកស្លឹករំដួល ឱរ៉ាជ្រើមជ្រួល កើតកួចអាល័យ
បុប្ផាមួយទង រីកទាន់សម័យ ចិត្តឥតសង្ស័យ រាល់ថ្ងៃសង្ឃឹម ។
កន្លង់ឯណា មេត្តាកុំពាល់ ខ្ញុំលួចសម្គាល់ កក់ផ្កាញញឹម
ខ្ញុំសូមថ្នាក់ថ្នម រំដួលប៉ប្រិម កុំលួចសង្ឃឹម ផ្កាមានម្ចាស់ហើយ ៕
អ្នកនិពន្ធ៖ កើយ ចិត្រា
Download image

ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១

(ស្ដាប់ព័ត៌មានកាលពីយប់ម៉ិញ)
———————————————————————
ដំបូងនឹកថា ក្មេងៗឡើងកាន់កិច្ចការរដ្ឋ នឹងអាចបំបាត់អំពើពុករលូយបានមួយកម្រិត តែការគិតបែរជាមិនដូចរឿងរ៉ាវពិតនោះទេ ពួកគេរឹតតែបង្កើតអំពើពូករលូយលើសចាស់ៗទៅទៀត។ ក្នុងគោលគំនិតរបស់ពួកគេមួយចំនួន គឺមានគោលដៅធំពីរយ៉ាង៖
– ចូលធ្វើការរដ្ឋអាចបានប្រាក់បៀរវត្សពេលចាស់ទៅ
– អាចរកចំណូលពីអំពើពុករលូយបានច្រើន
* ក្នុងចំណោមពួកគេក៏មានអ្នកល្អខ្លះដែរ គេតែងមានគំនិត និងឧត្តមគតិចង់ជួយជាតិ តែមិនអាចទៅរួចនោះទេ ព្រោះគ្មានឱកាស បើមានឱកាសហើយ បែរត្រូវគេរួមគ្នាធ្វើបាបរហូតដកខ្លួនដើរចេញ ទាំងអនិច្ចារជាតិខ្លួន។
(អ្នកណាក៏ដឹងរឿងនេះដែរ)
ជាតិខ្មែររង់ចាំតែថ្ងៃសូន្យប៉ុណ្ណោះ។

កម្សត់បងអើយ

គេងនឹកស្រីថ្លៃ នឹកណាស់រាល់ថ្ងៃ ស្រមៃនឹងភ្នែក
នឹកណាស់សម្ដី មានន័យពន់ពេក ឲ្យបងនេះរែក
ទុក្ខស្នេហ៍ម្ដេចបាន។
នឹកផែនវង់ភ័ក្ត្រ ហត្ថាត្រជាក់ ធ្លាប់អង្អែលប្រាណ
ផ្ដោះផ្ដងវាចា គន្ធាក្សេមក្សាន្ត ឥឡូវឃ្លាតបាន
ឃ្លាតខានបានយល់។
ស្នាមថើបអភ័ព្វ បងថែជាទ្រព្យ រឿងសោកអំពល់
រស់នៅក្នុងឋាន ដោយគ្មាននិមល អូនអើយបងខ្វល់
ដល់អនុស្សារ។
ស្ដាយរូបសម្ផស្ស បងតែងអាឡោះ អាល័យជីវ៉ា
បងមើលរូបថត ចតទឹកនេត្រា ទុកក្នុងឱរ៉ា
សង្សារសំណព្វ៕
អូនចាកលោកទៅ ស្រណោះពេកពៅ ចាំផ្លូវត្រឡប់
រៀមរែងទន្ទឹង ទ្រូងតឹងធុញថប់ បងសុំយល់សប្តិ
កម្សត់បងមួយ៕
View | Download image អ្នកនិពន្ធ៖ កើយ ចិត្រា
%d bloggers like this: