Posts Tagged ‘កំណាព្យ កម្លោះស្រុកស្រែ បទកាកគតិ’

កំលោះស្រុកស្រែ

 កំលោះស្រុកស្រែ  ការងារពូកែ  មិនបានវោហារ
 អារឿងព្រោកប្រាជ្ញ  កោងកាចបានស្រា  បើអួតឡូឡា
 អាងក្បែរមានស្រី។
 គេថាពូជផឹក  អាពូជប្រមឹក  ច្រើនតែក្រក្រី
 ពូជផឹកមិនសល់  ច្រើនខ្វល់កើតក្តី  ពូជអាយុខ្លី
 អប្រិយតខ្សែ។
 ថាក៏ត្រូវម្យ៉ាង  ព្រោះមានសំអាង  ធ្លាប់ឃើញជួបដែរ
 ពួកស្ទាវយកស្ទាវ  ពួកស្រែយកស្រែ  ពួកមានមានដែរ
 តខ្សែតទៅ។
 កំលោះអភ័ព្វ  ស្រីគេមិនរាប់  ជាប់ស្នាមដាននៅ
 ពូជពង្សមិនល្អ  ពូជក្រល្ងង់ខ្លៅ  ត្រកូលញាតិផៅ
 ហៅថាពូជថោក៕
 និពន្ធដោយ៖ កើយ ចិត្រា