រំដួលបាំងស្លឹក

រំដួលចោលក្លិន ហាក់មិនរសាយ ក្រពុំលាក់កាយ មិនឆ្ងាយភ្នែកបង
រៀមលួចគយគន់ ផ្កាមានលំអង ក្រអូបផ្ដោះផ្ដង ចំណងនិស្ស័យ​ ។
បងលួចតោងមែក វែកស្លឹករំដួល ឱរ៉ាជ្រើមជ្រួល កើតកួចអាល័យ
បុប្ផាមួយទង រីកទាន់សម័យ ចិត្តឥតសង្ស័យ រាល់ថ្ងៃសង្ឃឹម ។
កន្លង់ឯណា មេត្តាកុំពាល់ ខ្ញុំលួចសម្គាល់ កក់ផ្កាញញឹម
ខ្ញុំសូមថ្នាក់ថ្នម រំដួលប៉ប្រិម កុំលួចសង្ឃឹម ផ្កាមានម្ចាស់ហើយ ៕
អ្នកនិពន្ធ៖ កើយ ចិត្រា
Download image

ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១

(ស្ដាប់ព័ត៌មានកាលពីយប់ម៉ិញ)
———————————————————————
ដំបូងនឹកថា ក្មេងៗឡើងកាន់កិច្ចការរដ្ឋ នឹងអាចបំបាត់អំពើពុករលូយបានមួយកម្រិត តែការគិតបែរជាមិនដូចរឿងរ៉ាវពិតនោះទេ ពួកគេរឹតតែបង្កើតអំពើពូករលូយលើសចាស់ៗទៅទៀត។ ក្នុងគោលគំនិតរបស់ពួកគេមួយចំនួន គឺមានគោលដៅធំពីរយ៉ាង៖
– ចូលធ្វើការរដ្ឋអាចបានប្រាក់បៀរវត្សពេលចាស់ទៅ
– អាចរកចំណូលពីអំពើពុករលូយបានច្រើន
* ក្នុងចំណោមពួកគេក៏មានអ្នកល្អខ្លះដែរ គេតែងមានគំនិត និងឧត្តមគតិចង់ជួយជាតិ តែមិនអាចទៅរួចនោះទេ ព្រោះគ្មានឱកាស បើមានឱកាសហើយ បែរត្រូវគេរួមគ្នាធ្វើបាបរហូតដកខ្លួនដើរចេញ ទាំងអនិច្ចារជាតិខ្លួន។
(អ្នកណាក៏ដឹងរឿងនេះដែរ)
ជាតិខ្មែររង់ចាំតែថ្ងៃសូន្យប៉ុណ្ណោះ។

កម្សត់បងអើយ

គេងនឹកស្រីថ្លៃ នឹកណាស់រាល់ថ្ងៃ ស្រមៃនឹងភ្នែក
នឹកណាស់សម្ដី មានន័យពន់ពេក ឲ្យបងនេះរែក
ទុក្ខស្នេហ៍ម្ដេចបាន។
នឹកផែនវង់ភ័ក្ត្រ ហត្ថាត្រជាក់ ធ្លាប់អង្អែលប្រាណ
ផ្ដោះផ្ដងវាចា គន្ធាក្សេមក្សាន្ត ឥឡូវឃ្លាតបាន
ឃ្លាតខានបានយល់។
ស្នាមថើបអភ័ព្វ បងថែជាទ្រព្យ រឿងសោកអំពល់
រស់នៅក្នុងឋាន ដោយគ្មាននិមល អូនអើយបងខ្វល់
ដល់អនុស្សារ។
ស្ដាយរូបសម្ផស្ស បងតែងអាឡោះ អាល័យជីវ៉ា
បងមើលរូបថត ចតទឹកនេត្រា ទុកក្នុងឱរ៉ា
សង្សារសំណព្វ៕
អូនចាកលោកទៅ ស្រណោះពេកពៅ ចាំផ្លូវត្រឡប់
រៀមរែងទន្ទឹង ទ្រូងតឹងធុញថប់ បងសុំយល់សប្តិ
កម្សត់បងមួយ៕
View | Download image អ្នកនិពន្ធ៖ កើយ ចិត្រា

ស្រណោះ

ស្រណោះធម្មជាតិ ស្រណោះផៅញាតិ ដែលឃ្លាតយូរឆ្នាំ
ស្រណោះស្រីនាង បងច្រៀងផ្ដែផ្ដាំ ស្រណោះដូងដាំ
ឈរចាំផ្លូវបង។
ស្រណោះខ្យល់ធ្លាក់ ស្រណោះវរលក្ខណ៍ ត្រជាក់ឆ្អឹងខ្នង
ស្រណោះជួបស្នេហ៍ នៅក្បែររបង ស្រណោះនួនល្អង
សាសងសម្ដី។
ស្រណោះខែប្រាំង ស្រណោះត្រីអាំង ក្រសាំងស្វាយខ្ចី
ស្រណោះវរមិត្ត ក្រៀមស្វិតស្រកី ស្រណោះណាស់ស្រី
ធ្លាប់បីបំពេរ។
ស្រណោះឆោមឆាយ ស្រណោះហូបបាយ ម្លប់ស្វាយដួលទេរ
ស្រណោះក្រមា ចិន្ដានឹកទ្វេ ស្រណោះម្ល៉េះទេ
ថ្ងៃជ្រេបាំងភ្នំ។
ស្រណោះមួកត្នោត ស្រណោះទៀតសោត យើងលោតរាវគ្រំ
ស្រណោះកាត់ត្រើយ ឆ្លងឆ្លើយរងំ ស្រណោះចាបយំ
ហើរទំដើមត្រែង។
ស្រណោះខ្លាំងពេក ស្រណោះបងដេក សង្វេគម្នាក់ឯង
ស្រណោះម្លឹងៗ ហួសនឹងថ្លាថ្លែង ស្រណោះកន្លែង
បងតែងជួបស្រី៕
View | Download image អ្នកនិពន្ធ៖ កើយ ចិត្រា

អង្អែលស្រោមចាំស្រី

ពេលអូនឃ្លាតទៅ បន្សល់ទុកនូវ ស្រោមពៅពីរបី
ប្រវាមកហិត រួមរឹតមេត្រី ក្លែបក្លិនពិសី
ដូចត្រីប្រហុក។
ស្រោមអើយស្រោមស បងថែយ៉ាងល្អ កម្របានញ៉ុក
រង់ចាំអូនមក រាប់រកសាងសុខ រៀមរែងរងទុក្ខ
អផ្សុកម្ដងៗ។
ស្រោមអូនបំពាក់ រួមរស់ពីរនាក់ ស្មោះស្ម័គ្រគ្មានហ្មង
អាកាសស្អុះស្អាប់ អូនស្ទាបក្បាលបង ហូរញើសដល់ខ្នង
សួរបងម៉េចហើយ?
ថ្ងៃយប់ទោម្នេញ ធ្វើអ្វីមិនចេញ ខាំធ្មេញក្រែងស្បើយ
រៀមរស់គ្មានស្រី គ្មានន័យអ្វីឡើយ អង្អែលស្រោមខ្នើយ
ដង្ហោយហៅអូន៕
View | Download image អ្នកនិពន្ធ៖ កើយ ចិត្រា

ជីវិតខ្លែងស្រាក

ជីវិតខ្លែងស្រាក | Ghost Bird.
ខ្ញុំបង្ហាញអំពីរបៀបតែងបទកាកគតិបែបថ្មី ដែលខ្ញុំច្នៃបន្ថែមពីក្បួនតែងចាស់ និងជាក្បួនផ្ទាល់ខ្លួនតែងជាទម្លាប់។ វាមានការលំបាក បើសិនជាអ្នកនិពន្ធមិនសូវពូកែចំណាប់ចួន តែបើធ្វើបាននោះអត្ថបទកំណាព្យនឹងមានពាក្យចួនណែងណង ពីរោះ រណ្ដំថែមមួយកម្រិត។
អ្វីដែលខ្ញុំបន្ថែមគឺត្រង់៖
-ព្យាង្គទី៤នៃឃ្លាទី២ចួននឹងព្យាង្គទី២នៃឃ្លាទី៣
-ព្យាង្គទី៤នៃឃ្លាទី៤ចួននឹងព្យាង្គទី២នៃឃ្លាទី៤
-ព្យាង្គទី៤នៃឃ្លាទី៦ចួននឹងព្យាង្គទី២នៃឃ្លាទី៧
ចំណែកចួនឆ្លងវគ្គរក្សានៅដដែល។ សូមអរគុណ!

ខ្លែងស្រាកចាកឋាន ដាស់អស់សន្ដាន ព្រួយប្រាណព្រួចព្រឺ
សំឡេងល្វើយៗ រំភើយឲ្យលឺ ឃ្លានជីវិតរឺ
បន្លឺម្លឹងៗ។
កណ្ដាលអធ្រាត្រ កំដៅផៅញាតិ ភ័យឃ្លាតព្រលឹង
ថាសត្វចង្រៃ ពេកក្រៃក្រោធខឹង ផ្ដាសាទ្រហឹង
ដេញប្រឹងប្រហារ។
អំបិលមួយក្ដាប់ ជេរគប់សម្លាប់ តម្រាប់ដូនតា
បញ្ជៀសបាបគ្រោះ សង្គ្រោះអាត្មា ចាបសូន្យសង្ខារ
ដោយសារសូរសៀង។
អភ័ព្វណាស់ខ្លែង គេលាបពណ៌ឯង រមែងគ្រោះទៀង
ចាបហើរលើមេឃ ហោះជ្រែកព្យុះភ្លៀង គ្រាន់តែស្រែកច្រៀង
គេមៀងផ្ដន្ទា៕
 View | Download image អ្នកនិពន្ធ៖ កើយ ចិត្រា

ម្ទេស១ចានដ៏ហិរ គួរបន្ទោសអ្នកបុក ឬអ្នកលិឍ?

ប៉ុន្មានខែនេះ សង្កេតឃើញមានការរុះរើ និងធ្វើលូតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ឱ្យបានប្រសើរជាងមុន ព្រោះមានការរិះគន់ច្រើនទាំងក្នុង និងក្រៅស្រុក។ វាជាកំហុសរដ្ឋាភិបាល និងកំហុសប្រជាជនផងដែរ។ មូលហេតុអ្វីខ្លះដែលធ្វើឱ្យមានបញ្ហានេះកើតឡើង?

ជាការពិតណាស់ ការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសវិស័យសំណង់អគារខ្ពស់ៗ ការចំណាកលំនៅពីជនបទមកទីក្រុង បានធ្វើឱ្យទីក្រុងក្លាយជាតំបន់ទីប្រជុំជនកកកុញ។ ដោយសារកត្តាកំណើននេះធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ធ្វើឱ្យតម្រូវការនៃការប្រើប្រាស់ទឹកស្អាត ការផ្គត់ផ្គង់ចំណីអាហារ ទំនិញផ្សេងៗមានការកើនឡើង។

១. រដ្ឋាភិបាល
-ដាក់លូតូចៗពេក ធ្វើឱ្យចរន្តខ្សែទឹករត់ពុំបានលឿន
-ពុំបានយកចិត្តទុកដាក់ស្ដាលូចាស់ៗឡើងវិញ
-សម្រុកតែការសាងសង់អគារបន្ថែម តែភ្លេចគិតពីភាពប៉ះពាល់ប្រព័ន្ធលូ
-គ្រប់គ្រងសម្រាម និងកាកសំណល់ផ្សេងៗពុំបានល្អ ជាហេតុធ្វើឱ្យហូរចូលស្ទះលូ…

២. ប្រជាជនទីក្រុង
-ខ្វះអនាម័យផ្ទះសម្បែង និងកន្លែងលក់ដូរប្រកបអាជីវកម្មផ្សេងៗ
-ការរៀបចំទុកដាក់ ឬចោលសម្រាម ឬកាកសំណល់គ្មានសណ្ដាប់ធ្នាប់ (គិតថាទ្រព្យសម្បត្តិសាធារណ មិនមែនជាទ្រព្យរបស់ខ្លួន ចង់យ៉ាងម៉េចក៏យ៉ាងម៉េចទៅ)
-ការប្រើប្រាស់ទឹកខ្ជះខ្ជាយ

ជាលទ្ធផលចុងក្រោយ ត្រូវលិចទីក្រុង ខាងបង់ប្រយោជន៌រួមទាំងអស់គ្នា!!!!

%d bloggers like this: