Archive for the ‘អត្ថបទ ក្រមង៉ុយ’ Category

ចរិយាប្រសើររបស់មនុស្ស (បទកាកគតិ)

អ្នកកុំមើលងាយ…………………ឃើញគេរីករាយ…………………..ព្រួញខ្លួនប្រយ័ត្ន

ត្រកូលញាតិផៅ…………………កូនចៅមហាក្សត្រ………………..ស្មើថ្លើមប្រមាត់

……………………………………..ប្រមាថមិនបាន។

ទោះអ្នកដទៃ……………………..អ្នកព្រៀងអ្នកព្រៃ………………..ដែលលោករាប់អាន

កុំថាតែមនុស្ស…………………..ទោះសត្វតិរិច្ឆាន…………………ឯងស្អប់ប៉ុន្មាន

…………………………………….កុំហ៊ានប្រមាថ។

របស់ឬទ្រព្យ……………………..ដែលជាសំអប់……………………កុំបាច់សំអាត

ទ្រព្យណាសំឡាញ់………………អស់អញឱហាត………………..ចូរចៅសង្វាត

…………………………………….ជួយថែរក្សា។

កុំជិះកុំជាន់……………………….ស្មៅផ្ទីអាចម៍មាន់……………….ពាក្យចាស់ឧបមា

បុរាណហៅផ្ទី…………………….ពីរបីប្រការ………………………កុំស៊ីត្រង់ណា

…………………………………….ជុះដាក់ត្រង់ហ្នឹង។

សាច់សាលោហិត………………កុំផ្តួលផ្តេកផ្តិត…………………..ផ្តួចទោសកើតបឹង

អាពុកផ្តែផ្តាំ………………………ចូរចាំចេះថ្លឹង……………………សាច់ថ្លើមសួតឆ្អឹង

…………………………………….និងស្បែកខាងក្រៅ។

សាច់សួតក្នុងខ្លួន………………..ទុកស្មើបងប្អូន…………………ប្រពន្ធកូនចៅ

សរសៃនិងស្បែក………………..ចែកជាញាតិផៅ……………….ខ្ញុំស្រីខាងក្រៅ

…………………………………….ជាស្មៅអាចម៍មាន់។

ស្រីខ្ញុំកំដរ………………………..បើឃើញរូបល្អ…………………កុំលលូកលាន់

កុំលួចលបលេង…………………ក្រែងម្ចាស់គេទាន់……………កុំកប់កុំកាន់

…………………………………….អាប់អន់អាត្មា។

បើអ្នកមានយស…………………មានស័ក្តិខ្ពង់ខ្ពស់……………..គាប់នឹងរាជការ

ធ្វើធំធ្វើថី…………………………មន្ត្រីមានត្រា……………………ព្រះហ្លួងឧកញ៉ា

…………………………………….សាលាកុង្សីយ៍។

ចេះច្បាប់បារាំង………………….កុំភ្លេចសច្ចំ……………………..កតញ្ញូខន្តី

កុំឆ្មើងហួសមាឌ…………………ភ្លេចញាតិប្រុសស្រី……………ជំនុំកាត់ក្តី

…………………………………….យកឧបេក្ខា។

កុំកាន់សីហលោ…………………កុំកាន់លោភោ………………..ទោសោមោហោ

កុំជក់អាភៀន…………………….កុំឃ្លានផឹកស្រា………………កុំស្អប់ខាងណា

…………………………………….សច្ចាយកត្រង់។

លួងលោមពិសោធ……………..កុំឆបញ្ឆោត……………………បញ្ជោរឲ្យបង់

ឲ្យបែកឲ្យបាត់…………………..ពាក្យសត្យពាក្យសង្ឃ……….កូនអើយផ្ចិតផ្ចង់

…………………………………….តម្រង់ស្មារតី។

កុំភ្លើនឃើញប្រាក់………………កុំភ្លើនភ្លាត់ស័ក្តិ………………..ធ្លាក់ទោអវចី

កាន់ធម៌ទសពិធ…………………រឹតឡើងរាសី…………………..គាប់ពីលោកិយ

…………………………………….ដល់បរលោកនាយ។

អ្នកក្តីជាភ្លើង…………………….កុំកាត់កាន់ជើង………………..អ្នកម្ខាងមើលងាយ

ចៅក្រមជាទឹក…………………..រំឭករំលាយ……………………កុំជេរកុំវាយ

……………………………………បង្ខំនាំខុស។

ចោរខូចលួចប្លន់………………..រីចោរស្ម័គ្រស្មន់……………….តណ្ហាស្រីប្រុស

កុំស្អប់ខាងនេះ………………….បញ្ចេះខាងនោះ………………លួងលោមបញ្ចុះ

……………………………………បញ្ចូលចិត្តក្តី។

កុំដុតឲ្យក្តៅ……………………..បើឃើញគេខ្លៅ………………ប្រាជ្ញាគ្នាខ្លី

កុំឃ្លានប្រាក់ប្រុស……………..បន្តុះខាងស្រី………………….បើកាន់ច្បាប់ថ្មី

……………………………………កុំចោលច្បាប់ចាស់។

កុំដៀលអ្នកស្រែ……………….ត្រកូលឯងខ្មែរ………………..កុំប្រែក្រឡាស់

ក្រឡេកមើលគុណ……………ទន់ខ្លួនសំពះ………………….កុំធ្វើអ្នកណាស់

……………………………………កុំត្មះអ្នកក្រ។

អ្នកកុំភ្លេចគុណ………………..គ្រូលេខនព្វន្ត…………………គ្រូសូត្រអក្សរ

កុំចាប់ដៃទាញ…………………គំនាប់ងក់ក……………………កុំជជែកត

………………………………….ស្មើមិត្តសំឡាញ់។

រាស្ត្ររត់ចូលជ្រក……………..សួរសាកទៅមក……………..កុំអើឯងអញ

ពាក្យពុំពីរោះ…………………..គេកើតមួរក្នាញ់………………គេដៀលផ្ទាល់ចាញ់

………………………………….អន្តរាយកេរ្តិ៍ឈ្មោះ។

កុំឆ្មើងអាងបុណ្យ……………..ស្រដីឲ្យទន់…………………..ពោលពាក្យពីរោះ

ខ្លួនអ្នកនឹងថ្កើង……………….នឹងឡើងស័ក្តិយស…………..កុំឆ្លៀងនាំឈ្មោះ

………………………………….ញុះញង់អ្នកធំ។

កុំស្អប់អ្នកតូច…………………បើឃើញគ្នាខូច………………គួចគិតប្រមុំ

ទោសគ្នាតិចតួច………………ផ្តួចផ្តើមជាធំ…………………ផ្សែងពូតជាដំ

………………………………….ផ្លុំឆេះជាភ្លើង។

កុំភ្លើនភ្លេចខ្លួន………………..ចេះសាសន៍ចិនយួន………….កុំចោលខ្មែរយើង

កុំធ្វើក្រអឺត…………………….កុំពើតកុំពើង…………………..កុំពាក់ស្បែកជើង

………………………………….ចូលវត្តលោកសង្ឃ។

ដោះមួកដោះឆ័ត្រ…………….ឱនកាយប្រណិប័តន៍………..លំឱតឱនអង្គ

កុំស៊ីតាមឃ្លាន………………..កុំហ៊ានតាមចង់……………….កាន់ច្បាប់ស្រុកហ្វ្រង្ស

………………………………….កុំបង់សាសនា។

កុំចង់ថ្កើងពេក……………….កុំលើដំណេក………………….ហួសមេហួសបា

តែងខ្លួនឲ្យល្មម………………មើលពូជពង្សា………………..សង្ខេបនិដ្ឋិភាព

………………………………….រឿងផ្គាប់បុណ្យស័ក្តិ។

និពន្ធដោយ៖ កវី ក្រមង៉ុយ
Advertisements

តម្លៃនៃអ្នកចេះដឹង (បទព្រហ្មគីតិ)

ឪពុកម្តាយស្លូតត្រង់………………….ចិត្តមិនចង់ឲ្យកូនខ្លៅ

ជេរវាស្តីប្រដៅ………………………..ឲ្យកូនចៅបានចេះដឹង។

ឪពុកគ្មានដំរេះ………………………..ឃើញកូនចេះមិនដែលខឹង

ឃើញកូនខំប្រិតប្រឹង…………………ឪពុកដឹងតែងត្រេកអរ។

ដាស់តឿនក្រើនរំលឹក………………..ជេរល្ងាចព្រឹកខ្លាចកូនក្រ

ចង់ឲ្យតែកូនល្អ………………………..លោមអង្វរឲ្យកូនខំ។

កូនកាចបំពេញទុក្ខ……………………ម្តាយឪពុកមានបារម្ភ

កូនស្លូតដឹងគួរសម……………………មេបាថ្កុំថ្កើងកេរិ៍្តឈ្មោះ។

ឪពុកម្តាយខ្សត់ខ្សោយ……………….កុំបណ្តោយឲ្យអាប់យស

ខំរៀនឲ្យបានខ្ពស់……………………..គ្រាន់សង្គ្រោះដល់មេបា។

អ្នកល្ងង់ហេតុពីខ្ជិល……………………ឥតមន្ទិលរឿងធម៌អាថ៌

គួរកូនចៅសិក្សា………………………..រៀនអក្ខរាទាំងប្រុសស្រី។

កាលអង្គព្រះសាស្តា…………………..មានថេរាមានថេរី

ភិក្ខុភិក្ខុនី…………………………………ធម៌បាលីចេះចាំស្ទាត់។

លោកសង្ឃខ្លះចេះស្ទើរ………………..ចេះភ្លើៗធ្វើឲ្យភ្លាត់

ព្រះអង្គទ្រង់សន្មត់………………………សិក្ខាបទដល់ឥឡូវ។

ទំលាប់ទំនៀមខ្មែរ………………………ខំធ្វើស្រែចង់បានស្រូវ

អ្នករៀនច្បាប់ខុសត្រូវ………………….ទុកជាផ្លូវភ្លឺប្រាជ្ញា។

ស្រុកសៀមលាវបារាំង………………….ចេះតតាំងពីដូនតា

ចេះលេខចេះអក្ខរា………………………សរសេរចារទាំងប្រុសស្រី។

ជាតិខ្មែរមិនចេះខ្មាស……………………រនាំពីចាស់គំនិតខ្លី

ល្ង់ដល់ចេះពីរបី………………………….ចេះជួញក្តីមិនចេះច្បាប់។

មិនចេះលេខអក្សរ………………………មុខមាត់ល្អប្រាជ្ញាអាប់

ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់……………….គេសូត្រប្រាប់ទើបបានដឹង។

ភ្នែកជាភ្លឺក្រឡែត…………………………ល្ងង់ព្រោះហេតុមិនខំប្រឹង

កើតទាស់មានចិត្តខឹង……………………ពឹងរកគេសរសេរឲ្យ។

មនុស្សក្រហេតុពីខ្ជិល……………………មិនរមិលមើលមុខក្រោយ

ម្យ៉ាងខ្សត់ពីព្រោះខ្សោយ………………..ញឹកខាងឲ្យរង្វើលរក។

ម្យ៉ាងក្រពីព្រោះល្ងង់……………………..ជួញលិចលង់មិនលៃលក

ទិញថ្លៃទៅលក់ថោក……………………..ចេះតែយកគិតមិនយល់។

អ្នកមានៗគំនិត……………………………ដេកដើរគិតកើតរវល់

ប្រជ្ញាជាឫសគល់…………………………កើតអំពល់អំពីទ្រព្យ។

អ្នកល្ងង់និងអ្នកចេះ……………………….បើនឹងរិះរាយរៀបរាប់

អ្នកចេះប្រសើរគាប់……………………….ល្ងង់ឥតភ័ព្វអាប់រាសី។

មានរូបមានជីវិត…………………………..មិនចេះគិតចង់ដឹងអ្វី

រូបប្រុសឫកដូចស្រី………………………..នឹងហ៊ានស្តីគ្មានគេស្តាប់។

ល្ងង់ម្យ៉ាងមានអំណាច……………………ល្ងង់កោងកាចអួតចាក់កាប់

ឆាប់ខឹងមិនដឹងច្បាប់………………………កាលណាស្លាប់គេត្រេកអរ។

អ្នកចេះតម្រិះដល់………………………….អ្នកល្ងង់ឆ្ងល់មិនសល់ក្រ

ចេះល្អិតចិត្តជាល្អ…………………………..សួយអាករចូលមិនខ្វះ។

ចេះម្យ៉ាងមានអំណាច……………………..អ្នកខ្លៅខ្លាចឱនសំពះ

គេខុសជេរដៀលត្មះ……………………….អ្នកខ្លៅខ្លះគេលបខឹង។

ប្រាជ្ញម្យ៉ាងចេះសព្វសុស………………….ប្រព្រឹត្តខុសនោះមិនដឹង

មិនគិតពិនិត្យថ្លឹង…………………………..ប្រាជ្ញប្រិតប្រឹងប្រដៅគេ។

កូនចៅទោះធំតូច…………………………..ខុសខិលខូចខឹងវាយជេរ

មារយាទខ្លួនខុសគេ………………………..មិនគ្នាន់គ្នេកិរិយាឯង។

កូនចៅទាំងស្រីប្រុស……………………….ការត្រូវខុសគួរគិតក្រែង

គិតគ្រប់សព្វកន្លែង………………………….តែងនឹងមានរាល់រូបកាយ។

និពន្ធដោយ៖ កវី ក្រមង៉ុយ
%d bloggers like this: