Archive for the ‘វិធីសាស្ត្រខ្មែរក្នុងការដោះស្រាយទំនាស់’ Category

វិធីសាស្ត្រខ្មែរក្នុងការដោះស្រាយទំនាស់ (ទំព័រ១១)

[…] នៅលើលោកនេះ ទីណាក៏ដោយឲ្យតែមានមនុស្សរស់នៅ ទីនោះរមែង មានបញ្ហា និងជម្លោះ ហើយការដោះស្រាយជម្លោះទាំងនោះ តែងធ្វើឡើងទៅតាមវិធីសាស្ត្រខុសៗគ្នាទៅតាមសង្គមជាតិនីមួយៗ។

ជាធម្មតាទំនាស់និងវិបត្តិផ្សេងៗ រួមទាំងសង្គ្រាមផងកន្លងមក ជួនកាលត្រូវបានគេដោះស្រាយឲ្យជ្រះស្រឡះភ្លាមៗ តែជួនកាលក៏គេពន្យា ពេលដោះស្រាយ ដោយគ្រាន់តែគ្រប់គ្រងបញ្ហាទាំងនោះកុំឲ្យវារីករាលដាលពីទំនាស់តូចតាចទៅជាទំនាស់ធំប៉ុណ្ណោះ។

តាមបទពិសោធន៍របស់បណ្ដាប្រទេសជឿនលឿននៅក្នុងលោកនេះ គេសង្កេតឃើញជារួម ការដោះស្រាយទំនាស់អាចប្រព្រឹត្តទៅតាមវិធីសាស្ត្របីយ៉ាងគឺ៖
ទីមួយ៖ ការគ្រប់គ្រងទំនាស់ (Conflict Management) ដើម្បីកុំឲ្យទំនាស់នោះវារីករាលដាលពីតូចទៅធំ។

ទីពីរ៖ ការផ្សះផ្សាទំនាស់ (Conflict Settlement) និង

ទីបី៖ ការដោះស្រាយទំនាស់ (Conflict Resolution) ។

ពិតមែនណាស់ ដើម្បីគ្រប់គ្រង ឬផ្សះផ្សា ឬដោះស្រាយទំនាស់បាន គេត្រូវតែស្គាល់ទំនាស់នោះឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។

វិធីសាស្ត្រខ្មែរក្នុងការដោះស្រាយទំនាស់ (ទំព័រ ១០)

[…] ក្នុងរជ្ជកាលថ្មីនៃព្រះរាជាណាចក្រកម្ពុជា (ជាលើកទី២ ពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន) ប្រជាជាតិខ្មែរក្រោយពេលឆ្លងផុតសង្គ្រាមវិនាសកម្មស្ទើរខ្សោះអស់ឈាមជ័រ បានជួបជុំមហាគ្រួសារជាតិឡើងវិញ ក្រោមគោលនយោបាយបង្រួបបង្រួមជាតិដ៏សុខដុម។ ជម្លោះបែកបាក់ជាតិ ត្រូវបាននិងកំពុងផ្សះផ្សា។ ការស្ថាបនាសន្តិភាព ការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឡើងវិញ លើគំនរផេះផង់ត្រូវបានចាប់ផ្ដើម។ ក៏ប៉ុន្តែសុភមង្គលរបស់ប្រជារាស្ត្រខ្មែរ នៅមានចម្រូងចម្រាស់ជាច្រើន៖ ការរំលោភបំពានសិទ្ធិមនុស្ស អំពើហឹង្សាចោរកម្ម អំពើពុករលួយ ឧក្រិដ្ឋកម្ម ការឆក់ប្លន់ ពេស្យាចារ នៅតែគម្រាមកំហែងដល់ស្ថិរភាព និងសន្តិសុខសង្គម ជាហេតុបណ្ដាលឲ្យជំនឿទំនុកចិត្ត និងក្ដីសង្ឃឹមរបស់មហាជនត្រូវស្រុតចុះ។ អ្នកខ្លះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ការលោភលន់កេងប្រវ័ញ្ច កំហឹងរោលរាល ការភាន់ច្រឡំ និងគំនុំសងសឹក ដុតបំផ្លាញសច្ចៈ យុត្តិធម៌ សុចរិតធម៌ មេត្តាធម៌ និងសាមគ្គីធម៌។ ខ្មែរខ្លះទៀតលង់លក់ស្កប់ស្កល់ និងសន្តិភាព សប្បាយភ្លេចខ្លួននឹងអបាយមុខ ពុករលួយ ខ្លះដេកព្រួយ អស់សង្ឃឹមចំពោះសេចក្ដីក្រីក្រ អសកម្ម។ ម្ល៉េះហើយម្នាក់ៗមើលបំណាំគ្នា ក្នុងការប្រព្រឹត្តអំពើល្អ។ ការកសាងបុណ្យទាន បានប្រព្រឹត្តទៅជាធម្មតា តែគ្រាន់តែជាទម្លាប់តែប៉ុណ្ណោះ។ ចំណុចវិជ្ជមាននៃសីលធម៌សាសនា និងការអប់រំតាមប្រពៃណីដូនតា ក្នុងការបណ្ដុះបណ្ដាលចិត្តគំនិតបរិសុទ្ធកប់បាត់ទៅក្នុងជំនឿល្ងិតល្ងង់។ គតិបណ្ឌិត គុណធម៌ សេចក្ដីសុចរិត ពិតត្រង់ បរទត្ថភាព និងអំពើស្អាតស្អំ ដែលជាមូលដ្ឋាននៃសេចក្ដីសុខក្សេមក្សាន្ត នៅតែពុំទាន់ត្រូវបានស្ដារនៅឡើយ។ ម្ល៉េះហើយនិន្នាការនៃជម្លោះបែកបាក់ទំនាស់អំពីបញ្ហាផលប្រយោជន៍ និងសង្គ្រាមវិនាសកម្មនៅតែគម្រាមកំហែងសន្តិភាពមាតុភូមិ។ នេះព្រោះតែជនជាតិខ្មែរបាត់បង់អស់នូវតម្លៃគុណធម៌ផ្លូវចិត្តដែលជាវិធីសាស្ត្រដោះស្រាយ និងបង្ការទំនាស់ដោយសន្តិវិធីនោះឯង។[…]

វិធីសាស្ត្រខ្មែរក្នុងការដោះស្រាយទំនាស់ (ទំព័រ៨ ទំព័រ៩)

[…]ទាំងអស់នេះ គឺជាបទពិសោធន៍នៃការគ្រប់គ្រងប្រទេសជាតិ ទោះជាបានផ្ដល់ប្រជាជាតិយើងនូវកេរ្តិ៍ឈ្មោះល្បីរន្ទឺសុសសាយ ឬជាភាអាម៉ាសពន់ប្រមាណក្ដី ក៏នោះគឺជាកេរ្តិ៍មត៌កពុំអាចកាត់ថ្លៃបាន ដែលបុព្វបុរសដូនតាបានបន្សល់ទុក។ គឺបទពិសោធន៍ ឬទង្វើទាំងនោះហើយ ដែលខ្មែរម្នាក់ៗ គប្បីស្វែងយល់ដើម្បីបង្កើតឲ្យមានសតិសម្បជញ្ញៈ និងសមត្ថភាពដោះស្រាយទំនាស់ដោយគតិបណ្ឌិតជាតិឡើងវិញ។ ជនជាតិខ្មែរសម័យនេះ គឺជាផលិតផលនៃអតីតកាល ឬជាលទ្ធផលនៃសម្បជញ្ញៈជាតិក្នុងការដោះស្រាយ និង បង្ការទំនាស់ប្រកបដោយគុណធម៌នេះឯង។

ជាការពិតណាស់ ថ្វីបើក្នុងទំព័រប្រវត្តិសាស្ត្រជាតិកម្ពុជា បានឆ្លងកាត់ភាពជូរចត់ខ្លោចផ្សាដ៏អាម៉ាសចាប់តាំងពីសតវត្សរ៍ទី១៥ រហូតដល់បច្ចុប្បន្ននេះ ក្រោយពីបានស្គាល់ភាពថ្កុំថ្កើងរុងរឿងជិត ៦០០ឆ្នាំ (ពីសតវត្សរ៍ទី ៩ ដល់ទី១៤) វប្បធម៌ អរិយធម៌ ដែលជាសមិទ្ធិផល នៃគតិបណ្ឌិតដូនតាខ្មែរ នៅតែទទួល ការគោរពលើកស្ទួយ និងការឧបត្ថម្ភគាំទ្រ ពុំទាន់បាត់ស្រមោលពីបញ្ជីមត៌កវប្បធម៌របស់មនុស្សជាតិនៅឡើយ។ ពិតមែនហើយថាអរិយធម៌បុរាណជាច្រើន របស់ពិភពលោក ត្រូវបានបាត់បង់ទៅហើយក្ដី តែអរិយធម៌ខ្មែរអង្គរដែលបាន តស៊ូឆ្លងកាត់ទប់ទល់ការឈ្លានពានពីបរទេស ជិតខាងជិត ៦០០ឆ្នាំ នៅតែពុំព្រម ចុះចាញ់ ឬទម្លាក់អាវុធចុះញ៉មវាសនាដ៏អភ័ព្វរបស់ខ្លួននៅឡើយ។ នេះគឺជាជោគវាសនាដ៏ខ្ពស់ខ្ពស់មួយរបស់ជាតិយើង។ តាមឯកសារប្រវត្តិសាស្ត្រខ្មែរ នៅសតវត្សរ៍ទី ១២-១៣ ចំនួនប្រជាពលរដ្ឋខ្មែរមានរហូតដល់ ៣០លាននាក់ ទៅហើយ តែលុះមកដល់រាជ្យក្សត្រីអង្គម៉ី (១៨៣៤) ប្រជារាស្ត្រខ្មែរនៅសល់ តែពីរលាននាក់ប៉ុណ្ណោះ ហើយចុះរហូតមកដល់សម័យអាណានិគមនិយមបារាំង (១៨៦៣) ប្រជារាស្ត្រខ្មែរ មានចំនួនមិនទាំងដល់មួយលាននាក់ផង (ប្រហែល ៨០០.០០០នាក់)។ បើផ្អែលលើតួលេខនេះ គេមានការព្រួយបារម្ភថា ប្រជាជាតិខ្មែរគង់នឹងគេចមិនផុតពីការសាបសូន្យឡើយ។ ប៉ុន្តែការពិត ពុំដូច្នោះទេ ប្រជារាស្ត្រខ្មែរនៅតែរស់រានមានជីវិត និងចេះតែកើនចំនួនឡើង រហូតដល់ជិត៨លាននាក់វិញ ព្រមទាំងបានរៀបចំស្រុកទេស ឲ្យមានលក្ខណៈទាន់សម័យវិទ្យាសាស្ត្រទំនើប និងក្លាយជាកោះសន្តិភាពមួយនៅសម័យសង្គមរាស្ត្រនិយមនាទសវត្សរ៍ទី ៦០-៧០។ ទោះជាយ៉ាងនេះក្ដីក៏ជាតិខ្មែរនៅតែពុំទាន់អស់កម្មដោយត្រូវស្លាប់បាត់បង់ជីវិតអស់រាល់លាននាក់ទៀត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមពីឆ្នាំ ១៩៧៥-១៩៧៩ និងចេះតែស្លាប់បន្តមកទៀតក្នុងរយៈពេល នៃសង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាងពីរទសវត្សរ៍កន្លងមកនេះ។ នេះគឺព្រោះតែសង្គ្រាម និងការបដិវត្តន៍ឥតឈប់ឈរ ដែលបណ្ដាលមកពីការបាត់បង់សីលធម៌ និងគតិបណ្ឌិតជាតិដ៏យូរលង់ ក្នុងការដោះស្រាយនិងបង្ការទំនាស់នេះ។[…]

វិធីសាស្ត្រខ្មែរក្នុងការដោះស្រាយទំនាស់ (ទំព័រ ៧)

[…]ផ្ទុយទៅវិញ ក្នុងរជ្ជកាលណាដែលអ្នកដឹកនាំគ្មានគុណធម៌​ក្នុងការដោះស្រាយទំនាស់ ឫសប្បាយភ្លើតភ្លើននឹងជ័យជំនះលង់លក់ក្នុងអំណាច បុណ្យស័ក្តិ ទ្រព្យសម្បត្តិ មាក់ងាយសត្រូវពុំយកចិត្តទុកដាក់ដល់ផលប្រយោជន៍រាស្រ្តនោះ​ ប្រទេសជាតិរមែងធ្លាក់ទៅក្នុងក្តីវិនាសអន្តរាយដោយជម្លោះបែកបាក់និងការបាត់បង់​ ។​ម៉្លោះហើយសត្រូវឈ្លានពានជិតខាងតែងប្រមាថមើលងាយ និងឆ្លៀតឱកាសចូលវាយលុកប្លន់ដណ្តើមយកទឹកដី​ ។ នេះបញ្ជាក់ថា ការស្គាល់វិធីសាស្ត្រក្នុងការដោះស្រាយទំនាស់ដោយ’ គតិបណ្ឌិតគឺជាគុណធម៌មិនអាចខ្វះបានក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេសជាតិ ។

ព្រះបាទជ័យវរ្ម័នទី៧ ​កំពូលពុទ្ធរាជស្ថាបនិកប្រសាទបាយ័ន(១១៨១-១២១៨)បានស្រោចស្រង់ប្រទេសជាតិឲ្យរួចផុតពីអាយ័ត(ការលុកលុយរាតត្បាត)របស់ចាមក្នុងឆ្នាំ ១១៧៩ និងបានស្ថាបនាមហានគរខ្មែរមួយ ប្រកបដោយអារ្យធម៌ថ្កុំថ្កើងរុងរឿងនា សតវត្សរ៍ទី១៣។ មិនគ្រាន់តែនៅក្នុងរជ្ជកាលព្រះអង្គប៉ណ្ណោះទេ វឌ្ឍនភាពនៃអរិយធម៌នោះ បានបន្តរហូត ដល់ជិត ១០០ ឆ្នាំទៀត ក្រោយពេលដែលព្រះអង្គចូលទីវង្គតទៅ។ នេះអាស្រ័យដោយនយោបាយដឹកនាំប្រទេសជាតិ ប្រកបដោយគតិបណ្ឌិត ក្នុងការដោះស្រាយ និងបង្ការទំនាស់ ដែលកាលណោះបុព្វបុរសខ្មែរចាត់ទុកថា ជាគុណធម៌ដ៏ខ្ពង់ខ្ពស់បំផុត។

ក៏ប៉ុន្តែចាប់តាំងពីគុណធម៌ដ៏រុងរឿងនោះ បានបាត់បង់ទៅ (ក្រោយឆ្នាំ១៤៣១) រជ្ជកាលដឹកនាំខ្មែរក្រោយមកតែងជួបប្រទះនឹងវិបត្តិបែកបាក់គ្រប់ប្រការ។

[…]

វិធីសាស្ត្រខ្មែរក្នុងការដោះស្រាយទំនាស់ (ទំព័រ ៦)

[…]បណ្ដាប្រទេសខ្លះ ក្នុងតំបន់ជាមួយគ្នា ដូចជាប្រទេសឡាវ និងប្រទេសវៀតណាមដែលគេធ្លាប់បានច្បាំងគ្នាដែរ តើហេតុដូចម្ដេចបានជាគេអាចបង្រួបបង្រួម ផ្សះផ្សាជាតិគេរហូតដល់បានអភិវឌ្ឍន៍សេដ្ឋកិច្ចបានយ៉ាងជោគជ័យ ត្រចះត្រចង់ គ្មានផលរមាស់អ្វីឡើយ ដល់បច្ចុប្បន្ន? ចុះជនជាតិខ្មែរ ម្ដេចក៏ធ្វើមិនបាន?

សំណួរ និង ចម្ងល់ទាំងនេះ នឹងត្រូវបានលើកយកមកពិភាក្សា ពិនិត្យរកហេតុផល និងផ្ដួចផ្ដើមរកវិធានការដោះស្រាយតាមទស្សនៈយល់ឃើញ និង ការស្រាវជ្រាវឯកសារសំអាង តាមដានប្រពៃណីខ្មែរ នៅក្នុងអត្ថបទទាំងឡាយដែលមានក្នុងសៀវភៅនេះ។

ជាការពិតណាស់ ការស្គាល់ច្បាស់នូវតម្លៃគុណធម៌ សីលធម៌ និង គតិបណ្ឌិតរបស់បុព្វបុរសខ្លួនក្នុងដំណើរប្រវត្តិសាស្ត្រជាតិដ៏យូរលង់ក្នុងការដោះស្រាយ និង បង្ការទំនាស់ គឺជាវិភាគទានដ៏វិសេសវិសាលរបស់ជនជាតិខ្មែរម្នាក់ៗដែលអាចផ្ដល់ដល់ប្រទេសជាតិខ្លួននូវអត្តិភាពរឹងមាំ និងភាពសម្បូររុងរឿង។

ឆ្លងតាមកំណត់ត្រាប្រវត្តិសាស្ត្រកម្ពុជាពីអតីតកាល ព្រមជាមួយនឹងសេចក្ដីសុខសន្តិភាព និងវិបុលភាពគេសង្កេតឃើញមានស្នាមបាក់បែក និងការបាត់បង់ជាបន្តបន្ទាប់នូវវិធីសាស្ត្រដោះស្រាយ និង បង្ការទំនាស់តាមគុណធម៌ និង គតិបណ្ឌិត ដែលជាហេតុរុញច្រានមាតុភូមិខ្មែឲ្យធ្លាក់ទៅក្នុងភាពទន់ខ្សោយ និងគ្រោះមហន្តរាយគួរឲ្យសោកស្តាយ។ ជាទូទៅក្នុងងរជ្ជកាលណាដែលវរជនខ្មែរដឹកនាំប្រទេសជាតិប្រកបដោយគុណធម៌ក្នុងការដោះស្រាយ និងបង្ករទំនាស់នោះប្រជារាស្រ្តខ្មែររមែងបានសេចក្តីសុខសន្តិភាពនិងវឌ្ឍនភាពគួរជាទីមោទន: ។[…]

វិធីសាស្ត្រខ្មែរក្នុងការដោះស្រាយទំនាស់ (ទំព័រ ៥)

[…]អារម្ភកថា

ទស្សនាទាននៃ «វិធីសាស្ត្រខ្មែរក្នុងការដោះស្រាយទំនាស់» (Cambodian Approach to Conflict Resolution)  គឺជាការសិក្សាស្រាវជ្រាវចូលជ្រៅទៅក្នុងវិធីសាស្ត្រអប់រំគោលគំនិត និងមធ្យោបាយដោះស្រាយ និង បង្ការទំនាស់យូរអង្វែងតាមប្រពៃណីខ្មែរ។

កម្រងស្នាដៃសិក្សាស្រាវជ្រាវនេះ បានប្រមូលផ្ដុំទៅលើគោលដៅ ពិនិត្យមើល ថាតើប្រជាពលរដ្ឋខ្មែរធ្លាប់មានវិធានការអប់រំ និងវិធីសាស្ត្រល្អៗ ក្នុងការផ្សាភ្ជាប់សង្គមជាតិខ្មែរឲ្យមានភាពសុខដុមរមនា និង សម្បូររុងរឿងក្នុងអតីតកាល ដូចជាក្នុងសម័យមហានគរ (ពីសតវត្សទី ៩ ដល់ទី ១៥) មែនទេ? តើវិធីសាស្ត្រនោះរលាយទៅណាអស់ហើយ? តើការបាត់បង់នោះ បណ្ដាលមកពីអ្វី? ឬមួយក៏មកពីប្រជាពលរដ្ឋខ្មែរខ្លួនឯងជាអ្នកបោះបង់ចោល?

សព្វថ្ងៃនេះ គេចេះតែឆ្ងល់ថា ចុះអភ័ព្វអ្វីតែជនជាតិខ្មែរ នៅអាស៊ីអាគ្នេយ៍នេះដែលចេះតែកើតមានទំនាស់បែកបាក់ និង សង្គ្រាមវិនាសកម្មឥតឈប់ឈរដូច្នេះ? តើសង្គ្រាមនេះបណ្ដាលមកពីជនជាតិខ្មែរខ្លួនឯងជាអ្នកបង្កើតឡើង ឬមួយក៏មកពីបរទេស? តើខ្មែរជាជនជាតិចង់ធ្វើសង្គ្រាម ឬមួយមានបរទេសជិតឆ្ងាយមានមហិច្ឆិតាចង់យកផលប្រយោជន៍ពីប្រទេសខ្មែរ?

សួរថា តើខ្មែរមានវិធីសាស្ត្រណាដើម្បីដោះស្រាយទំនាស់ និង បញ្ហាផ្ទៃក្នុងរបស់ជាតិខ្លួនបានទេ? […]

វិធីសាស្ត្រខ្មែរក្នុងការដោះស្រាយទំនាស់ (ទំព័រ២ ទំព័រ៣ ទំព័រ៤)

[…] ទស្សនវិជ្ជាព្រះពុទ្ធសាសនា ពោលគឺឱវាទរបស់ព្រះពុទ្ធបានជ្រាបចូលទៅក្នុងចិត្តគំនិតប្រពៃណីបុណ្យទាន ទំនៀបទម្លាប់ ការគោរពបូជា ជំនឿក្នុងការរស់នៅ និងដោះស្រាយបញ្ហាផ្សេងៗប្រចាំគ្រួសារ ភូមិស្ថាន និងសង្គមជាតិជាទូទៅរាប់ពាន់ឆ្នាំមកហើយ។ ជាការពិតណាស់ គឺ «ការដោះស្រាយទំនាស់ដោយគតិបណ្ឌិតផ្លូវចិត្ត» នេះហើយ ដែលជាសីលធម៌ និងជាព្រលឹងធម៌ ប្រពៃណីរបស់ជនជាតិខ្មែរ សម្រាប់ជួយអប់រំកូនខ្មែរឲ្យចេះរស់នៅសុខដុមរមនានិងចេះដោះស្រាយបញ្ហា ឬ បង្ការទំនាស់ដោយអហឹង្សាធម៌។ «គតិបណ្ឌិតផ្លូវចិត្ត» គឺជាឱសថសម្រាប់ទប់ទល់នឹងជម្ងឺលោភលន់ កេងប្រវ័ញ្ចជម្លោះអំពីបញ្ហាផលប្រយោជន៍ ការច្រណែននិន្ទា ឈ្នានីស និងការបែកបាក់សាមគ្គីដែលនាំឲ្យកើតមានសង្គ្រាមវិនាសកម្មបាន។

«វិធីសាស្ត្រខ្មែរក្នុងការដោះស្រាយទំនាស់» ដែលបានរៀបរៀងបោះពុម្ពផ្សាយលើកនេះ គឺជាឯកសារស្រាវជ្រាវអំពីគុណធម៌ដ៏ខ្ពង់ខ្ពស់ខាងផ្លូវចិត្តគំនិត និងបញ្ញាស្មារតីរបស់បុព្វបុរសដូនតាខ្មែរ ដកស្រង់ចេញពីប្រភពផ្សេងៗ ពីឯកសារបុរាណាចារ្យ ការទូន្មានរបស់ព្រះពុទ្ធ ពាក្យចាស់ទុំបុរាណ ពាក្យទំនឹមទំនៀមខ្មែរ និងសីលធម៌ប្រពៃណី។ល។ ពាក្យទាំងនេះសុទ្ធតែត្រូវបានចម្រាញ់ យកតែអត្ថន័យល្អៗ ដែលមានប្រយោជន៍ពិតប្រាកដដល់ការអប់រំទូន្មានចិត្ត និងបញ្ញាស្មារតី និងការដោះស្រាយ ឬ បង្ការទំនាស់ដោយសន្តិវិធី ដើម្បីសេចក្ដីសុខស្ងប់ និង សន្តិភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋយើង។

«វិធីសាស្ត្រដោះស្រាយទំនាស់» ក្នុងគោលដៅជាចម្បងមួយទៀតនោះ គឺជាការជ្រើសរើស «ជម្រើសទាល់» សម្រាប់ការផ្សះផ្សាចាតិ ការស្ថាបនាជាតិ និងការអភិវឌ្ឍជាតិ ខាងផ្នែកចិត្តគំនិតឡើងវិញ ក្រោយសម័យសង្គ្រាមដ៏ជូរចត់ខ្លោចផ្សាជាង២០ឆ្នាំ កន្លងមកនេះ។

ពិតមែនហើយ កម្រងស្នាដៃអត្ថបទនិពន្ធរៀបរៀងអំពី «វិធីសាស្ត្រខ្មែរក្នុងការដោះស្រាយទំនាស់» នៅមានការខ្វះខាតជាច្រើន។ ទស្សនៈដែលបានលើកឡើងខ្លះ នៅមានលក្ខណៈបុរាណហួសសម័យ ពុំស្របតាមតម្រូវការទំនើបនិយម ដែលមតិខ្លះយល់ថា ជាទ្រឹស្ដីអសកម្ម។ ក៏ប៉ុន្តែពាក្យទូន្មានទាំងនេះយ៉ាងហោចណាស់ ក៏អាចនឹងបានជាឱវាទដ៏ល្អមួយ ក្នុងការជួយកាត់បន្ថយសេចក្តីអស់សង្ឃឹម ការបាត់បង់ជំនឿ ការប្រកាន់ វណ្ណៈ បក្សពួក «អាត្មានិយម» គំនុំសងសឹក និងការបៀតបៀនរកទីបំផុត គ្មានក្នុងសម័យបច្ចុប្បន្ននេះ។

គំនិតផ្ដួចផ្ដើម និងការខិតខំប្រមូលផ្ដុំចងក្រងអត្ថបទទាំងឡាយក្នុងសៀវភៅនេះ គឺជាស្នាដៃរបស់អ្នកសិក្សាស្រាវជ្រាវមួយក្រុមដែលនិយមលើកស្ទួយ និងគោរពប្រតិបត្តិតាមតម្លៃគុណធម៌ និងសីលធម៌ ប្រពៃណីជាតិក្នុងការដោះស្រាយ និងបង្ការទំនាស់។ វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្ដិភាព បានឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តឲ្យមានការបោះពុម្ពផ្សាយសៀវភៅនេះ ដើម្បីជាគុណប្រយោជន៍ដល់ការអប់រំសីលធម៌ និងគុណធម៌ខាងផ្លូវចិត្តគំនិតរបស់ប្រជាពលរដ្ឋយើងក្នុងការដោះស្រាយ និងបង្ការទំនាស់ ដែលបានកើតមានក្នុងសង្គមជាតិយើងជាច្រើនទសវត្សរ៍ កន្លងមកនេះ។

ហេតុនេះ សូមអស់លោក និងមិត្តអ្នកអាន មេត្តាជួយធ្វើការរិះគន់ កែលម្អដើម្បីរួមចំណែកស្ថាបនាកម្រងស្នាដៃនេះ ឲ្យកាន់តែមានសារប្រយោជន៍ដល់ការលើកស្ទួយវិធីសាស្ត្រដោះស្រាយទំនាស់ដោយគុណធម៌ និងគតិបណ្ឌិតដែលជាប្រភពនៃសេចក្ដីសុខស្ងប់ និងសន្តិភាពមាតុភូមិយើង។ […]

សូមអរគុណ!

ភ្នំពេញ, ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ១៩៩៨

នាយកប្រតិបត្តិ នៃវិទ្យាស្ថានខ្មែរ សម្រាប់សហប្រតិបត្តិការ និងសន្តិភាព

កៅ គឹមហួន

%d bloggers like this: