Archive for the ‘ទឹកចិត្តស្លាបប៉ាកកា ​​​​​​លេខ២’ Category

ហួងហែងព្រោះស្រឡាញ់ (បទពាក្យប្រាំពីរ)

ឱ!កែវព្រលឹងកុំខឹងបង………………………រឿងដែលឆ្គាំឆ្គងទាំងប៉ុន្មាន

ព្រោះតែបងស្នេហ៍ស្រស់កល្យាណ………….រំអុករំខានគ្រប់វេលា។

មិនដឹងហេតុអ្វីចិត្តចាប់ឈឺ………………….បានឮអូនលេងស័ព្ទវាចា

មិនថាប្រុសនោះជានរណា………………….បងសែនឆ្លេឆ្លាពេញដួងចិត្ត។

បងចង់ស្ទុះស្ទាទៅកាត់ស្ទាក់……………….ប្រាប់គេឱ្យជាក់ហាមកៀកកិត

កុំមកផ្តោះផ្តងរឿងស្នេហ៍ស្និទ្ធ………………កុំគិតលួងលោមសុំក្តីស្នេហ៍។

ពេលខ្លះរៀមងរឥតដឹងខ្លួន…………………ឃើញស្ងួនមិនស្តីដាក់បងដែរ

ខ្លាចអីស្រីធុញហើយប្រួលប្រែ……………..នោះទុក្ខឥតល្ហែឥតស្រាកស្រាន្ត។

រៀមទូរស័ព្ទមិនទំនេរ……………………….ជួនតេមិនចូលកើតរំខាន

នឹកតូចចិត្តខ្លាំងខ្លាចផុមផាន………………អូនបានរវល់នឹងអ្នកផ្សេង។

រៀមចង់នៅជិតគ្រប់វេលា………………….ឃ្លាំថែការពារគ្រប់កន្លែង

អូនចង់ទៅណាបងស្វះស្វែង………………ខ្លាចពួកអាដែងវាចោមញ៉ែ។

សង្សារសម្លាញ់សម្លាប់ចិត្ត…………………បងស្នេហ៍ពេកពិតឥតប្រួលប្រែ

សូមអង្វរចុះណាមាសស្នេហ៍………………ពាក្យបែកពាក្យបែរមិនចង់ឮ។

រាល់ថ្ងៃហួងហែងអូនខ្លាំងណាស់………….ចង់តែប្រកាសឱ្យរន្ទឺ

ចង់មានបងម្នាក់ពេលអូនឈឺ…………….ថែថួនជម្ងឺអូនផ្ទាល់ដៃ។

Advertisements

បណ្តាំតាមតារា (បទកាកគតិ)

យប់ស្ងាត់ជ្រងំ…………………….សព្វសត្វតូចធំ………………….ចរចូលសម្បុក

ប្លែកអីប្រចៀវ……………………..ច្រឹងខ្ញៀវឥតសុខ………………ហោះហើរពេញស្រុក

………………………………………ប្រឡែងរាត្រី។

សន្សើមក៏ធ្លាក់…………………….ជំនោរត្រជាក់…………………..ខុសប្រក្រតី

បក់ផាត់កាយា…………………….កើតការមមៃ……………………រងាឱបដៃ

………………………………………នាស្បៃអន្ធការ។

ផ្ងើយមើលមេឃា………………….យល់ដួងចន្ទ្រា………………..គួរគួចស្នេហា

ឱភាសស្រទន់…………………….គន់ជាប់នេត្រា…………………ចង់ចាប់ចន្ទថ្លា

………………………………………ក្រសោបផ្តេកផ្តិត។

អស់ហ្វូងតារា……………………..រះអមចន្ទថ្លា……………………មេត្តាអាណិត

ក្រពើកូនមាន់……………………..បន្ទន់ដួងចិត្ត…………………..យាមនង្គ័លគិត

……………………………………..ជួយដល់ខ្ញុំផង។

សូមជួយពាំនាំ……………………ពាក្យខ្ញុំផ្តែផ្តាំ……………………កុំភាន់រំលង

ប្រាប់ទៅចន្ទថា…………………..ស្នេហាឥតឆ្គង………………..ដួងចិត្តអន្ទង

……………………………………..នឹកគ្រប់វេលា។

ខ្ញុំសុំឱ្យជួយ……………………….សុំចូលបេះបួយ………………យកនូវចន្ទ្រា

ទោះមានឧបសគ្គ………………..រាំងស្ទាក់យ៉ាងណា…………..សូមដួងតារា

……………………………………..មេត្តាជំនះ។

ដួងចន្ទស្រស់ក្រៃ………………..ចង់បានបមបី…………………យប់ថ្ងៃបន់ព្រះ

សូមចន្ទធ្លាក់មក…………………ខ្ញុំយកជាម្ចាស់…………………ទុកឱ្យចន្ទរះ

…………………………………….ក្នុងបេះដូងខ្ញុំ។

សូមដួងតារា……………………..ជួយនាំវាចា……………………ពីចិត្តបារម្ភ

ព្រួយភ័យខ្លាចចន្ទ………………ចាកចោលទ្រនំ………………..ឥតប្រណីខ្ញុំ

…………………………………….ដែលខំស្នេហា។

រាល់ថ្ងៃខ្ញុំគិត…………………….សែនវិក្ខិត្តចិត្ត………………….នឹកតែចន្ទថ្លា

ខ្ញុំកើតកវី…………………………ផ្គងលៃវោហា………………….ពេញចិត្តស្នេហា

…………………………………….តែចន្ទមួយទេ។

ចន្ទរះពេញវង់…………………..ភក្រ្តមូលក្រឡង់………………ខ្ញុំចង់លោមស្នេហ៍

ចង់នៅស្នាលស្និទ្ធ……………..ផ្ញើចិត្តឥតប្រែ………………….ចិត្តសង្ឃឹមតែ

……………………………………តារាជួយថ្លែង។

ខ្លាចអីប៉ុណ្ណឹង (បទកាកគតិ)

ពាក្យបងថាស្នេហ៌……………..ពាក្យពិតឥតប្រែ………………….ក្នុងនាមកូនប្រុស

សន្យាជូនបាន………………….កល្យាណជឿចុះ………………….បងថាបងស្មោះ

……………………………………ខ្លាចអីប៉ុណ្ណឹង។

នឹកតែអូនមួយ………………….សូមអូនកុំព្រួយ……………………គិតច្រើនព្រលឹង

ពាក្យបងប្រាកដ……………….កំណត់ផឹងៗ………………………ទេព្តាជួយដឹង

…………………………………..សាក្សីក្តីក្តាំង។

ពេលខ្លះបងខឹង……………….សូមឲ្យអូនដឹង…………………….ព្រោះស្រឡាញ់ខ្លាំង

ជេរវាយចុះស្ងួន………………..បងមិនឃាត់ឃាំង……………….ប្រាប់ឥតលាក់បាំង

……………………………………សូមទោសផងណា។

ឲ្យម៉ែចូលស្តី…………………….តាមប្រពៃណី…………………….សក្ខីស្នេហា

ធានាធ្វើបាន…………………….អូនកុំសង្កា……………………….ប្រាំពាន់ដុល្លារ

…………………………………….ថ្លៃអីប៉ុណ្ណឹង។

សន្យាថែអូន……………………..មិនឲ្យស្រពោន………………….មួយជីវិតនឹង

បងមានការងារ………………….ទុកជារំពឹង……………………….ត្រឹមអូនប៉ុណ្ណឹង

……………………………………..មិនឲ្យលំបាក។

ស្រឡាញ់អូន ឬស្រឡាញ់អុក (បទពាក្យប្រាំពីរ)

ព្រលឹមស្រាងៗ ឆាងម៉ាងឆឹម……………….ដើរឡកកន្ទ្រឹមហៃអ៊ើងអើយ!

ចូលហាងកាហ្វេ អូនភឹមភើយ………………ប្រុសបងមកហើយ ណាវរមិត្រ។

ឆាងម៉ាងឆឹម អើយឆាងម៉ាងឆា…………….ទាំងភឿនអាស្នាដៃគូស្និទ្ធ

បងទាំងពីរនាក់សង្ហាពិត…………………….ឆាប់មកឲ្យជិតបងខ្សឹបមួយ។

ឆាងម៉ាងឆឹម អើយឆាងម៉ាងឆង…………….ដូចសព្វមួយដងណាផឹមផួយ

កាហ្វេមានអុកភ្ជាប់ជាមួយ…………………..ថ្ងៃនេះសុំពួយឲ្យពើតពើង។

ឆាងម៉ាងឆឹម អើយឆាងម៉ាងឆាយ………….ដល់ផ្ទះដាច់បាយចប់ហើយយើង

ឃើញតែកូនអុកក្នុងឈើងមើង…………….អុញនោះស្បែកជើងហោះដល់ក្បាល។

ឆាងម៉ាងឆឹម អើយឆាងម៉ាងឆា…………….ឈប់ម៉ែអាវ៉ាកុំទាន់អាល

សូមម៉ែវាលេងដៃស្រាលៗ………………….បងនេះរាងចាលឈប់ហើយអុក។

ឆាងម៉ាងឆឹមអើយឆាងម៉ាងឆាស់………….បងកូរពោះណាស់ ម៉ែអាម៉ុក

បើម្ជូរអម្ពិលបូតក្នុងស្រុក…………………….កុំស្លកូនអុកដូចបទភ្លេង។

ឆាងម៉ាងឆឹមអើយឆាងម៉ាងឆា……………..មកវើយអាស្នាសម្លាញ់ក្មេង

ទៅហាងកាច្រឹបជិតហ៊ាម៉េង……………….ដកមេមួយពែងជុំជើងអុក។

ឆាងម៉ាងឆឹមអើយឆាងម៉ាងឆេ…………….ក្បាលមួយអង្រែលាន់ដូចអុក

ស្មានថាអាស្នាចូលអុកឡុក………………..បែកឈាមពាសតទើបដឹងខ្លួន។

ឆាងម៉ាងឆឹមអើយឆាងម៉ាងឆុង……………ឃើញតែសារុងផុតកំភួន

សៗខ្ចីៗពីរដៃផ្ទួន……………………………ខំរត់គេចខ្លួនឡើងផ្អើលហាង។

ឆាងម៉ាងឆឹមអើយឆាងម៉ាងឆី………………ប្រពន្ធកាត់ក្តីច្បាប់ស្តេចថាង

កាំបិតក្បាលខ្លាទុកសំអាង…………………លះប្តីឡើងចាងនាពេលហ្នឹង។

ឆាងម៉ាងឆឹមអើយឆាងម៉ាងឆូម…………….ប្តីភ័យលេចនោមបាត់ព្រលឹង

ក្រាបថ្វាយបង្គំសុំកុំខឹង………………………សម្រាលទោសហ្នឹងត្រឹមពិន័យ។

ឆាងម៉ាងឆឹមអើយឆាងម៉ាងឆូវ……………..អើបើឥឡូវកាត់សេចក្តី

ខ្ញុំសុំសួរឯងឆ្លើយយ៉ាងខ្លី…………………….កុំរកលេសអ្វីដោះសាសោះ។

ឆាងម៉ាងឆឹមអើយឆាងម៉ាងឆុក……………ឆ្លើយខុសខ្វះសុខគ្មានស្រណោះ

ប្រាប់មកមួយណាដែលឯងស្មោះ…………ប្រយ័ត្នជាប់ខ្នោះអស់សេរី។

ប្រុសល្អស្រីល្អែង (បទពាក្យប្រាំពីរ)

អាសូរខ្លួនដែរលួចស្នេហ៍គេ…………………មិនខ្វល់អ្វីទេហេតុស្រឡាញ់

ស្រីល្អប្រុសណាមិនចុះចាញ់………………ល្អក្នក់ល្អក្នាញ់ល្អអស់ស្រី ។

តើសង្ឃឹមទេក្នុងជាតិហ្នឹង…………………..បានស្រស់ព្រលឹងរួមមេត្រី

នាងមិនដឹងផងខ្ញុំបេតី……………………….ស្រណោះត្បិតអីខ្ញុំអៀនពេក។

ធ្វើម្តេចប្រុសខ្ញុំប្លែកគេឆ្ងាយ………………..ចូលចិត្តសប្បាយខាងជជែក

សែនអាណិតខ្លួនស្ទើរយំយែក……………..ព្រោះត្រឹមត្រូវពេកដូចមិនស្រួល។

គេហៅផឹកស្រាហាមិនរួច…………………..បន្តិចបន្តួចស្ទើរដាបដួល

ថាពុំធ្លាប់សោះរឿងជ្រើមជ្រួល…………….ល្បែងបារបបួលខ្លបខ្លាចខ្លាំង។

លើកនេះខ្ញុំប៉ះអាស្រាមេ…………………….អាស្រាខុសគេពុលស្រវាំង

ស្រាស្នេហ៍ចាប់ចុកជាងពិសឆ្លាំង………….ប្រាណស្រឡាំងកាំងភាំងស្មារតី។

ខូចចិត្តត្បិតស្រីស្តីដៀមដាម……………….ពេបមួយចំអាមគ្មានខ្វល់អ្វី

នាងថាខ្ញុំប្រុសចរិតស្រី……………………..កុំសង្ឃឹមអីណាស្រីល្អ។

សែនខ្មាស់គេណាស់ប៉ះជុំជន……………..ផ្អើលមកគយគន់យ៉ាងឈូរឆរ

ខ្ញុំអៀនខំរត់បាតជើងស…………………….អស់កេរប្រុសល្អខ្ញុំហើយចា៎៕

អ្នកអាង (អត្ថបទពាក្យចួន)

១-អ្នកធ្វើការអាងប្រាក់ខែ             អ្នកធ្វើស្រែអាងលក់ស្រូវ           អ្នកអស់ផ្លូវអាងទៅស្រាត។

២-អ្នកក្មេងក្មាងអាងអីយំ              អ្នកខ្លួនធំអាងស្លៀកស្អាត          អ្នកចាស់ខាតខូចអាងងរ។

៣-អ្នកសិក្សាអាងវិជ្ជា                    អ្នកកាន់ងារអាងខ្សែឈរ            អ្នកភូតភរអាងខ្នោះឃ្នាង។

៤-អ្នកអាយ៉ៃអាងវោហា                អ្នកសង្ហាអាងរូបរាង                     អ្នកចម្រៀងអាងសំឡេង។

៥-អ្នកកាន់ធម៌អាងគម្ពីរ                អ្នករកស៊ីអាងកិបកេង                 អ្នកដើរលេងអាងទាត់ធាក់។

៦-អ្នកស្មោះស្នេហ៍អាងបង់ចិត្ត    អ្នកក្បត់ផិតអាងលួចលាក់         អ្នកជាប់ធ្នាក់អាងទឹកភ្នែក។

ស្នេហ៍រារែក (បទពាក្យប្រាំពីរ)

សូរសម្លេងភ្លេងទូរស័ព្ទ………………………….អាធ្រាត្រចុះអ័ព្ទចន្ទចែងចាំង

សម្លេងរោទិ៍ឮរឹតតែខ្លាំង…………………………ហាក់ចង់ប្រឆាំងដំណេកខ្ញុំ។

គេខលខកខានប្រាំដងហើយ…………………..មិនចង់លើកឡើយទាញភួយឃ្លុំ

ទើប១៨វ័យក្រមុំ………………………………….បេះដូងរឹតរុំដោយក្តីស្នេហ៍។

ឃើញលេខប្លែកៗឆែកម្តងៗ……………………ភ័យផងអរផងគិតគ្មានល្ហែ

ណាមួយព្រួយខ្លាចខ្លបចិត្តម៉ែ…………………..ណាខ្លាចចាញ់ស្នេហ៍ប្រុសផ្តេសផ្តាស។

គិតទៅគេងទៅនៅមិនសុខ……………………..ថ្ងៃសៅរ៍ថ្ងៃសុក្រថ្ងៃប្តូរផ្លាស់

ស្គាល់បុរសម្នាក់លួចលាក់ណាស់……………..ដឹងខ្លួនឯងច្បាស់ស្រឡាញ់គេ។

ព្រោះស្នេហ៍ជាប់ស្អិតក្នុងសំណាញ់…………….ចិត្តខ្មួលត្របាញ់ជាងទន្លេ

គិតបុរសនោះមិនទំនេរ…………………………..ចង់ខលទៅគេតែមិនសម។

ខ្ញុំគេងមើលផ្កាយក្លាយទម្លាប់……………………នឹកដល់គេជាប់រាប់បន្លំ

បិទភ្នែកប្រឹងគេងពួនសម្ងំ………………………..ប្លែកអីអារម្មណ៍ហោះហើរឆ្ងាយ។

ស្រឡាញ់គេហើយរារែកទៀត………………….ក៏ដឹងគេជ្រៀតពោរពេញកាយ

ឮសម្លេងគេក៏សប្បាយ…………………………..ជាតិនេះសែនស្តាយមិនបានបង។

%d bloggers like this: