Archive for the ‘ទឹកចិត្តស្លាបប៉ាកកា លេខ១’ Category

ភ្លៀង (បទពាក្យប្រាំពីរ)

ភ្លៀងធ្លាក់ឈូៗខ្លាំងៗថ្មី……………….ធ្លាក់មកដល់ដីឮប្រាវៗ

កើតជាទឹកជន់ជោរសាហាវ…………..ស្បោងការ៉ុងបាវខំទប់ទល់។

ភ្លៀងជន់កើនឡើងលិចជ្រួតជ្រាប…..ទំនប់តូចទាបទ្រាំលែងយល់

ធ្លុះធ្លាយខ្ចាត់ខ្ចាយកាយវិលវល់………ភ្លៀងងោះងងុលឥតមេត្តា។

ភ្លៀងជន់កំណាចសាចអាស្រូវ………..កេរ្តិ៍បវរត្រូវរងមរណា

ជន់ជោរលិចស្រែស្រូវចម្ការ……………បំផ្លាញខូចសារប្រយោជន៍។

ភ្លៀងជន់មិនរាំងថែមខ្លាំងឫក…………វាយវាតវរវឹកយ៉ាងអាណោច

ត្របាក់ខាំលេបសត្វស្រមោច…………វិនាសហិនហោចខ្លោចសង្ខារ។

ភ្លៀងអើយកុំជន់លិចក្បូនព្រះ………..ឈប់ធ្វើមានះអាងចេស្តា

ល្មមហើយល្មមឈប់សាងបញ្ហា……..ធ្លាក់គ្រាប់សុខាជំនួសទៅ។

បើសិនភ្លៀងរាំងនោះនឹងលេច……….សូរ្យសែងពព្រិចញញឹមនៅ

មេឃាស្រឡះចាំងច្បាស់ផ្លូវ………….ទឹកស្រកអស់ជ្រៅឃើញព្រាបស៕

រសៀលម៉ោងប្រាំ (បទពាក្យប្រាំពីរ)

រសៀលម៉ោងប្រាំចាំផ្លូវស្រី…………………..អូនដើរកាត់ដីមុខផ្ទះបង

នេត្រាគាប់ជួនតែមួយដង……………………ក្នុងចិត្តគួចប៉ងពៅស្នេហា។

ស្រមៃរហូតស្ទើរនឹងឆ្កួត………………………ក្តីស្នេហ៍រឹតរួតណែនឱរា

មិនអាចរកពាក្យថ្លែងវាចា……………………ត្រឹមអន្ទះសាចង់ជួបភ័ក្ត្រ។

មើលអូនរាល់ថ្ងៃឈ្មោះលាក់លៀម………..ឃើញហើយចិត្តរៀមរែងជំពាក់

ជំពប់លើស្រីតែមួយនាក់…………………….ចង់តែបញ្ជាក់ទាន់ក្តៅចិត្ត។

ឃើញអូនតុបតែងល្អែងស្រស់ស្អាត……….ឫកពារឆ្លៀវឆ្លាតគួរគួចនិត្យ

ចង់ឈ្លេចសួរអូនពីការពិត………………….តើស្រីធ្លាប់គិតដល់បងទេ។

ពុកអើយកុំប្រើទោះរវល់…………………….ម៉ែអើយមិនយល់សុំកុំជេរ

ម៉ោងប្រាំដល់ហើយមិនទំនេរ………………ព្រោះកូនចាំគេនៅមុខផ្ទះ។

ផុតពីម៉ោងប្រាំចាំពុកប្រើ……………………ម៉ែជេរចុះបើកូនមានះ

ព្រោះពន្លកស្នេហ៍កូនទើបរះ……………….កូនសុំសំពះប្រាប់តាមត្រង់។

ថ្ងៃនេះម៉ោងប្រាំចាំមិនឃើញ………………ឬមួយអូនញើញអស់ចិត្តចង់

បើពិតចិត្តបងនឹងល្អក់ខ្វង់………………….មានអូនស្រោចស្រង់ទើបផុតភ័យ។

ស្អែកនេះជួបអូនឆ្លៀតរឿងមួយ…………..ប្រាប់ឲ្យអស់ព្រួយពីហឫទ័យ

ជូនកូនសំបុត្រខ្លឹមអត្ថន័យ…………………ថាអូនក្មេងវ័យបងសុំស្នេហ៍។

ហុចសំបុត្រឲ្យអូនអៀនអន់………………..ស្រីធ្វើភ្នែកស្លន់ហាក់ឆ្ងល់ដែរ

ស្រីកញ្ឆក់យកទៅឥតបែរ…………………..បងអរឡើងម៉ែគាត់សួររឿង។

ម៉ែអើយកុំឆ្ងល់ចាំកូនប្រាប់………………….ម៉ែកុំស្រអាប់ឬព្រឿងៗ

សូមម៉ែកុំយល់ថាពណ៌លឿង………………រឿងនោះគឺរឿងពណ៌ផ្កាឈូក។

មួយយប់ខ្ញុំងប់នឹងខ្នើយឱប…………………ថើបឱបក្រសោបរមូពូក

សុបិនឃើញថាបានជិះទូក………………….ខ្ញុំដេកដូចជ្រូកដល់ម៉ោងដប់។

ម៉ោងប្រាំថ្ងៃនេះអរលាយភ័យ………………ព្រោះចាំសម្តីស្រីត្រឡប់

ស្រឡាញ់ឬខឹងកើតចិត្តស្អប់………………..ហើយពៅថុញថប់តប់ប្រមល់។

ឃើញអូនដើរមកភ័ក្ត្រញញឹម……………….មកជិតទន្ទឹមផ្ទឹមយោបល់

ស្រីថាមានចិត្តធ្លាប់គិតដល់………………….តែអកុសលអូនជាស្រី។

អូនសួរទូរស័ព្ទលេខប៉ុន្មាន……………………ទុកវាគ្រាន់បានផ្សាសម្តី

តែអូនមានចិត្តនៅព្រួយភ័យ…………………ខ្លាចពាក្យស្រដីពាក្យក្រឡៃ។

Hello darling! How are you?……………..Please, tell the true and don’t lie.

If you see it, Please reply…………………Good dream tonight, I miss you។

វីវរៗស៊យហើយខ្ញុំ……………………………..អង់គ្លេសទាំងដុំដាក់ព្រូៗ

ខ្ញុំគេចតែរៀនមិនស្គាល់គ្រូ……………………តើត្រូវគិតគូតបដូចម្តេច?។

ម៉ោងប្រាំចំណាំស្រីទៅរៀន…………………..ពេលនេះខ្ញុំគ្មានស្តីបន្តិច

ស្រីថាប្រុសប្រូមានកលល្បិច………………..ផ្ញើសាររាប់ភ្លេចម្តេចមិនតប។

ពុទ្ធោ! ខ្ញុំអើយឆ្លើយយ៉ាងណា……………….បើអត់សិក្សាការប្រកប

ខ្លួនគ្មានចំណេះឲ្យសមស្រប…………………ធ្វើមាត់ម្ហេបម្ហបចប់ហើយខ្ញុំ៕

អ្ហេ! ពួកម៉ាក! (បទពាក្យប្រាំពីរ)

មិត្តមួយមាឌមាំមានមន្តស្នេហ៍…………………..ជំនាញពូកែចែចង់ស្រី

វាសម្បូរញាតិពេលរាត្រី…………………………..ស្រុះស្រូតបោយដៃចូលកម្សាន្ត។

អាសូរប្រពន្ធ និង កូនវា……………………………រាល់យប់កំព្រាព្រួយប្រុសប្រាណ

គេងឱបតែទុក្ខឥតស្រាកស្រាន………………….ដូចបាយព្រាត់ចានខានយឹតយោង។

ឥឡូវអាអេដស៍វាចោមជេរ………………………..ថាអាទំនេរមិនទំនង

អាខ្វះគំនិតឥតគន្លង……………………………….គ្រួសារត្រូវរងទុក្ខខ្វល់ខ្វែង។

មិត្តមួយនោះវិញសេពតែស្រា…………………….គ្មានពេលធ្វើការលេសបង្វែង

ប្រពន្ធតាមទាន់ទក្តែងៗ…………………………..ទឹកស្រែហួតហែងមិនព្រមមើល៍។

វាផឹកនោះផឹកព្រឹកទល់យប់………………………ជួនដួលដេកដុបជួនផ្លូវដើរ

ឆ្កែថាអាឆ្កួតឥតអំពើ……………………………….វាហក់លោតលើលិឍមាត់លេង។

អាថ្លើមវាឆ្អើមស្រាឡើងឆ្អិន……………………….វាកើតរោគកក្រិនស្ទើរវង្វេង

ធុំស្រាវាអន្ធះអន្ទេង…………………………………ចង់លោតមកលេងខាងក្រៅម្តង។

ឥឡូវក្រពះក៏ពោលប្រាប់………………………….ថាឱ្យខំសាប់វាខំត្រង

ឱ្យឆ្អែតឆ្អន់លើសសព្វមួយដង……………………ព្រោះជិតតៃហោងសូន្យជីវិត។

មិត្តមួយនោះទៀតក៏ឆ្លៀតដែរ…………………….ប្រជាជនខ្មែរហៅបាំងផ្លិត

វាបាំងបក់បោះជុំញាតិមិត្ត…………………………ភ្លឺដល់ងងឹតឥតរកបាយ។

វាលេងសព្វល្បែងភ្នាល់ស៊ីសង…………………..ថ្ងៃឆ្នាំចាស់ឆ្លងខុសគេឆ្ងាយ

ទេវតាឆ្នាំថ្មីក្តៅក្រហាយ……………………………ថាអាអន្តរាយអន្តរធាន។

វាលេងអស់ចានឆ្នាំងស្លាបព្រា……………………មកដល់ផ្ទះវាច្បាមរុករាន

ក្រវិលខ្សែកប្រាក់ចិញ្ចៀន…………………………ប្រពន្ធមិនហ៊ានខ្លាចបីពិល។

ឥឡូវបំណុលបុល្លិកា………………………………ថ្ងៃឡើងប្រាក់ការលាប់កញ្ច្រិល

ពួនញាក់ក្នុងភួយលាក់ពុតខិល…………………..ចាំជាវាវិលរកស៊ីសង។

រកស៊ីឯណាគឺមូលវង់……………………………….ពួយភឿនបានរង់លេងល្បែងល្បង

អ្នកច្បាប់ចាប់បានជាប់ខ្នោះកង…………………..ជំពាក់គេផងចង់ចងក។

មិត្តមួយនោះវាក៏ញៀនញ៉ាម……………………..ពេទ្យលោកបានហាមយ៉ាងចំហ

វាមិនយកគិតរឹតបន្ត………………………………..គេប្រាប់ផ្លូវល្អវាបរវៀស។

វាប៉ិនណាស់ខាងបង្ហុយផ្សែង…………………….អ្នកជិតចំបែងល្អែងដើរចៀស

វាប៉ូវនូវសួតផ្សែងពោរពាស……………………….សួតសុំសម្ភាសន៍មានផលអ្វី។

ឥឡូវកើតរោគមិនចាញ់អេដស៍…………………..រាងស្គមទទ្រេតក្អករីងរៃ

សួតធ្លាក់ខ្លួនឈឺកំពុងភ័យ………………………..កើតខ្មោចបារីព្រោះមិនគិត។

មិត្តមួយវិញទៀតជាតិត្រូវការ…………………….វាមានប្រាជ្ញាថ្លាគំនិត

វារៀនចប់ថ្នាក់ថ្នាលបណ្ឌិត……………………….ខុសឆ្ងាយពីមិត្តបួនខាងលើ។

វានេះពូកែជួយសាងជាតិ………………………….កេរ្តិ៍វរនាថវាគ្រាន់បើ

វារំភើបណាស់ស្ទើរចង់ហើរ……………………….ព្រោះគេសរសើរគ្រប់ៗគ្នា។

ឥឡូវវាមាននាមឧត្តម……………………………..យសស័ក្តិបុណ្យសមនឹងវិជ្ជា

ចិត្តវាមានជាតិគ្រប់វេលា…………………………..ខ្លាចជាតិវេទនារងអន្តរាយ។

មិត្តនេះវាស្លាប់បាត់បង់ប្រាណ……………………តែឈ្មោះថ្កើងថ្កានថ្លៃសុះសាយ

ស្ថិតនៅក្នុងចិត្តមនុស្សគ្រប់កាយ…………………មិនសូន្យសោះឆ្ងាយពីលោកា។

មិត្តរៀបរាប់មកប្រាំប្រភេទ………………………..សូមជួយអង្កេតពិចារណា

តើមួយណាល្អគាប់ចិន្តា…………………………….សមមិត្តថ្លៃថ្លាគួរគប់រាប់៕

 

នឹកសង្សារ (បទពាក្យប្រាំពីរ)

សង្សារអូនអើយអូននឹកណាស់……………………ថ្ងៃយប់ប្តូរផ្លាស់ប្លែងគ្មានឈប់

តែចិត្តអូនវិញនៅងុលងប់…………………………..ទាញភួយដណ្តប់នឹកដល់បង។

រូបបត់បេះដូងអូនរក្សា………………………………តំណាងស្នេហាយើងទាំងសង

អូនដាក់តាមខ្លួនជាប់រាល់ដង………………………កាន់ក្តោបឱបផ្សងក្នុងឱរា។

អូនបានឃ្លាតកាយឆ្ងាយប្រុសបង…………………នឹកគ្រាកន្លងផ្តងវាចារ

បងកាន់ដៃអូនក្នុងសួនច្បារ………………………..កាច់ផ្កាសៀតសក់ឱ្យពុំងា។

ដើមដូងមាត់ព្រែកយ៉ាងម៉េចដែរ…………………..ទីយើងតែងតែណាត់ជួបគ្នា

បងតែងកំណាព្យចាប់ឃ្លោងឃ្លា………………….ស្មារបងអូនរាជាបង្អែក។

យើងមើលថ្ងៃលិចឯជើងភ្នំ…………………………រស្មីលឿងទុំទាំងទឹកព្រែក

បងសម្លឹងអូនភ្នែកទល់ភ្នែក………………………..បងក្នាញ់អូនពេកថើបមួយខ្សឺត។

អូនសែនភ័យអរអៀនណាស់បង………………….ដង្ហើមនេះផងស្រាលភិតភឺត

ចង់ឱ្យបងថើបអូនច្រើនខ្សឺត………………………..ព្រោះពេលមិនយឺតពន្យារដែរ។

ថ្ងៃឡើងយន្តហោះអូនបានលា……………………..ចិត្តអូនវេទនាទុក្ខឥតល្ហែ

អូនទៅស្រុកគេតាមចិត្តម៉ែ…………………………..អូនយំទាល់តែជោគកន្សែង។

ពេលណាក៏អូននៅតែនឹក……………………………សង្សារពន្លឹកកុំចំបែង

អូនតែប្រាថ្នាបងនេះឯង……………………………..ជាគូអូនស្វែងមួយជីវិត៕

អាល័យអាឡោះ (បទកាកគតិ)

ឱ!ល្មុតអំពៅ……………………….ខ្ញុំឃ្លាតឆ្ងាយទៅ…………………….ខាននៅមើលថែ

ដាក់ជីស្រោចទឹក………………….ល្ងាចព្រឹកឆ្នាំខែ……………………..តើស្រែកត្អូញត្អែ

………………………………………ទួញយំប៉ុណ្ណា។

ម្លប់ដូងដើមស្វាយ………………..ធ្លាប់សម្រាកកាយ…………………..ពេលកើតទុក្ខា

ស្តាប់សម្លេងចាប…………………ច្រៀងខាបខ្ញៀវខ្ញា…………………..អារម្មណ៍កាមា

………………………………………ឱ្យគេងលង់លក់។

ត្នោតអំពិលទឹក…………………..នឹកឡើងស្ទើរភ្លឹក…………………….កាលបេះផ្លែភ្លក្ស

មានរស់ជាតិឆ្ងាញ់………………..ចម្រាញ់ជញ្ជក់………………………..សរសើរក្បាលងក់

………………………………………គួរឱ្យចង់ឆី។

ទៀបក្រូចសេដា………………….ត្របែកពុទ្រា………………………….ពីងពង់ឫស្សី

ចេកថ្កូវច្រើនណាស់……………..ដេរដាសពេញដី……………………..ឥឡូវអស់ន័យ

………………………………………ខាននៅគាំពារ។

ព្រលិតរំចង់………………………..ឈូករីករហង់……………………….លើផ្ទៃគង្គារ

វាយោផាត់ផាយ…………………..រេកាយរាំរា………………………….សម្រស់សោភា

……………………………………….ដិតជាប់បេះដូង។

ត្រកួនកញ្ឆែត………………………វៀរដុះអណ្តែត……………………..នៅក្នុងអណ្តូង

ស្រស់ខ្ចីល្វក់ល្វន់………………….ទេរទន់គ្រប់ទង…………………….លោតចុះក្តិចប្រូង

……………………………………….ធ្វើអន្លក់ម្ហូប។

នឹកដល់វាលស្រែ………………….ដើមស្រូវហូរហែ…………………..ទំដោយកណ្តូប

កួរស្រូវបាក់់ក………………………រ៉េរ៉ដេកពោប……………………….ក្លែបក្លិនក្រអូប

………………………………………ផាយផាត់ក្រោមខ្យល់។

ទឹកបឹងប្រឡាយ…………………..ងូតសម្អាតកាយ……………………ឱ្យអស់កង្វល់

ដងដឹកមកប្រើ…………………….ស្រោចលើភោគផល………………ទៀងទាត់ដិតដល់

………………………………………ផលល្អផ្លែផ្កា។

គោក្របីឆ្មា…………………………ឆ្កែជ្រូកមាន់ទា………………………នឹកនាប៉ុណ្ណា

ធ្លាប់នៅថ្នមថ្នាក់………………….ថែដាក់អាហារ……………………….សំបូរត្រៀបត្រា

……………………………………..មិនឱ្យល្ហិតល្ហៃ។

តាមផ្លូវដិតដាន…………………..ធ្លាគេហដ្ឋាន………………………..រត់លេងរាល់ថ្ងៃ

បងប្អូនមិត្តភ័ក្តិ……………………ពួនលាក់ប្រញ៉ៃ……………………..សប្បាយពេកក្រៃ

……………………………………..ភូមិកំណើតខ្ញុំ។

នៅជុំពុកម៉ែ……………………….ជួយរំលែកថែ……………………….ការងារតូចធំ

រែកទឹកកាប់អុស………………….កូនប្រុសរមទម្យ………………….ពេលនេះចាកពុំ

………………………………………បានតបស្នងគុណ៕

ឈឺចាប់មួយសប្តាហ៍ (បទពាក្យប្រាំពីរ)

ច័ន្ទចាប់ជួបមុខស្រីមាសស្នេហ៍…………………………ចិត្តបងស្រាប់តែប្រែស្នេហា

លួចស្នេហ៍លួចស្និទ្ធស្រស់ជីវា………………………….តឹងណែនឱរាស្ទើរធ្លាយប្រេះ។

អង្គារមិនគួរកិតសារភាព…………………………………សង្ឃឹមមានលាភពៅគ្មានលែស

បានត្រឹមញញឹមបងកកស្លេស្ម………………………….ចិត្តអើយរោឆេះរលេះផ្សា។

ពុធពាំនាំពាក្យពិតស្នេហ៍ស្រី……………………………តែស្រស់ប្រិមប្រិយប្រាយប្រាប់ថា

ពៅមិនទំនេរផ្ទេរស្នេហា…………………………………ព្រោះមានសង្សារម្ចាស់ចិត្តពៅ។

ព្រហស្បតិ៍្តប្រុសហប់ថប់ពេញទ្រូង……………………ទេវតាអើយរូងភ្នែកខ្ញុំទៅ

អូនកាន់ដៃគ្នាដើរតាមផ្លូវ……………………………….ចិត្តស្រីឃោរឃៅឫស្យាពិត។

សុក្របងស្លភ្នែកឃើញដៃស្រី………………………….ខ្សែក្រហមនៃឆ្អៅឆ្អិនឆ្អិត

អូនភ្ជាប់ពាក្យយូរហើយវមិត្រ………………………….ឱ្យបងខូចចិត្តត្បិតស្នេហា។

សៅរ៍សែនគ្មានសុខទុក្ខមកទៀត……………………..ដូចកាំបិទស្នៀតចាក់ឱរា

អូនបានជូនបងនូវធៀបការ…………………………….ស្អែកកន្និដ្ឋារៀបការហើយ។

អាទិត្យបងឮភ្លេងប្រគំ…………………………………..ណែនទ្រូងពួនយំស្រែកដង្ហោយ

ទឹកភ្នែកហូរស្រក់ជោគជាំខ្នើយ……………………….បងឈឺឥតស្បើយស្រីសប្បាយ៕

ដំណើរកំសាន្តទៅប្រាសាទព្រះវិហារ (បទពាក្យប្រាំពីរ)

ដំណើរទៅកាន់ព្រះវិហារ………………………….ចម្ងាយមិនជាជិតប៉ុន្មាន

ឆ្លងកាត់ស្ពានអូរព្រៃស្មសាន………………………កង់ម៉ូតូឡានបរមួយពីរ។

ជិះក្នុងរថយន្តគន់ទេសភាព……………………….ព្រៃឈើខ្ពស់ទាបដុះមូលមីរ

ដល់កន្លែងបាយជិតម៉ោងពីរ………………………ត្រង់ដីល្បីទីស្រុកតាម៉ុក។

អន្លង់វិលខ្ជិលទៅមុខទៀត………………………..ញាំស្វាយអាំងងៀតផ្ទាប់ប្រហុក

សម្លម្ជូរឆាទឹកក្រឡុក……………………………….ថែមនំបញ្ចុកឆ្ងាញ់ជាប់ថ្នាក់។

បន្តដំណើរជិតពីរម៉ោង…………………………….ដីក៏ហុយផ្អោងព្រោះទើបចាក់

កងវិស្វកម្មខំសស្រាក់………………………………ឈូសឆាយលើកដាក់ចាក់គ្រឹះស្ពាន។

ស៊ីពេលប្រាំម៉ោងពីអូរញរ………………………….ដល់ដែនវឹកវរសៀមឈ្លានពាន

បងប្អូនយោធាឈរស្រេកឃ្លាន……………………កំពុងជីកលានដ្ឋានយុទ្ធសាស្រ្ត។

២៣ ធ្នូ ២០០៨………………………………………..មកដល់ទឹកដីភ្នំស្អេកស្កះ

ភ្នំដងរែករាយលើភូមិសាស្រ្ត………………………កំពូលខ្ពស់ណាស់ពពកពូន។

រសៀលជ្រាលជ្រេថ្ងៃរេទាប……………………….គិតរួចប្រុងប្រៀបស្អែកត្រៀមខ្លួន

ជួលឡានឡើងភ្នំកម្លាំងមួន……………………….ស្លៀកពាក់ហំហួនទៅទាន់ព្រឹក។

រាត្រីគេងក្នុងផ្ទះសំណាក់………………………….ដួងចិត្តអួលអាក់ជ្រួលកក្អឹក

អាណិតយុទ្ធជនជាពន្លឹក………………………….កណ្តាលព្រៃព្រឹកតើយ៉ាងណា។

តើមានម៉ុងភួយគ្រាន់ដែរទេ………………………ព្រោះបានលឺគេនិយាយថា

អំណោយបានជួយតាមឃោសនា………………មិនដល់ឡើយណាដៃយុទ្ធមិត្ត។

ខ្យល់អើយៗខ្យល់ប៉ះបង្អួច……………………….សូរដូចគេហួចពីរោះពិត

ដង្ហើមចាំខ្យល់ផ្តល់ជីវិត…………………………..ក្នុងភពងងឹតពុំយល់អ្វី។

%d bloggers like this: