Archive for the ‘គយ សារុន (បុប្ផាខ្មៅ)’ Category

សុរិយាក្តៅខ្លាំង (បទកាកគតិ)

សុរិយាល្ងាចថ្ងៃ…………….ទន្សោងគោព្រៃ……………..រកស៊ីជើងភ្នំ

ស៊ីតូចដោយតូច……………ស៊ីធំដោយធំ………………..រកស៊ីជើងភ្នំ

………………………………….ល្បាស់ព្រេចខ្ចីៗ។

សុរិយាល្ងាចថ្ងៃ…………….យុវជនសម័យ……………..ចង់ធ្វើមន្ត្រី

ព្រោះឃើញគេមុន…………ប្រពន្ធពីរបី………………….ផ្ទះថ្មឡានថ្មី

…………………………………..មិនបាច់ខិតខំ។

សុរិយាល្ងាចថ្ងៃ…………….មនុស្សលោកសម័យ…….យកលុយជាធំ

លុយជាចៅហ្វាយ………….ប្រសើរឧត្តម……………….ដឹកក្បាលឲ្យខំ

…………………………………..និយមតែលុយ។

និពន្ធដោយ៖ កវី គយ សារុន

«បទុមសុរិយា»ផ្សាយរូប (បទកាកគតិ)

បទុមសុរិយា………………..ផ្សងរូបប្រាថ្នា……………….រើសរកស្វាមី

បានព្រះជិនវង្ស…………….តាមរករូបស្រី……………….ដល់ក្រុងអសុរីឮ

………………………………..រួមរស់ស្នេហា។

ក្រមុំសម័យ…………………រាងរៀវច្រវៃ………………….បង្ហាញភក្ត្រា

ញញឹមប្រិមប្រិយ………….លើក្របទស្សនា…………….វដ្តី កាលណា

……………………………….ខ្ញុំលួចកើតទុក្ខ។

ខ្ញុំសែនស្នេហា…………….ចង់ផ្សងវាសនា……………..ឲ្យបានជួបមុខ

ទាស់ពីគ្មានឫទ្ធិ……………ឬគ្មានទ្រព្យស្តុក……………..ក្រែងស្រីមិនសុខ

………………………………ចិត្តចងស្នងស្នេហ៍។

ម្យ៉ាងទៀតរូបស្រី…………ផ្សាយពេញផែនដី……………បុរីនៃខ្មែរ

មិនតែរូបមួយ……………..ខ្ញុំព្រួយគ្មានល្ហែ……………….ក្រែងមានគេដែរ

………………………………ចងចិត្តប្រចណ្ឌ។

នាំកើតច្បាំងគ្នា…………..ដូចជាក្រុងមារ………………..យក្សសាលីកណ្ឌ

អួតអាងរាល់ខ្លួន………….គុំកួនដុកដាន់…………………ខ្ញុំមិនកួចកាន់

……………………………..សូមដកខ្លួនថយ។

និពន្ធដោយ៖ កវី គយ សារុន

ដើមអម្ពិលទឹក (បទពាក្យប្រាំពីរ)

គេកាត់គេច្រឹបគេរក្សា………………..ស្អិតស្អាងកាយាឲ្យឥតហ្មង

ពីខាង ពីលើ ធ្វើរបង………………….អ្នកផងសរសើរអម្ពិលទឹក។

ថាជារុក្ខជាតិមានវាសនា……………..គេរាប់ប្រើការបានសន្ធឹក

មានដើមមានមែកបន្លាញឹក………….សន្លឹកក៏ស្រស់រស់យូរយារ។

តែស្រស់តែស្អាតតែត្រឹមត្រង់………..រូបខ្ញង់នេះសម្រាប់នរណា?

សម្រាប់អម្ពិលទឹករុក្ខា?……………….ឬថាសម្រាប់មនុស្សវិញទេ?។

ដើមណាដែលរស់តាមធម្មជាតិ……..លូតលាស់តាមមាឌមែកទន់ទេរ

សារិកាច្រៀវច្រៃបំពេ………………….ផ្កាផ្លែរាំរេតាមសូរខ្យល់។

ឯដើមឈរត្រៀបតម្រៀបជួរ…………សមគួរល្អគន់ពន់ពេកសល់

តែកំរើកដៃកន្ត្រៃដល់………………….បានផលដាច់កត្រដរស់។

រស់រាប់ខែឆ្នាំចាំជីវិត…………………..ក្រិនក្រៀមក្រពឹតឥតកម្ពស់

យាមផ្ទះឲ្យគេទទេសោះ……………..មានឈ្មោះតែត្រង់គេថាល្អ។

លុះថ្ងៃដែលប្រាក់កាសគេដល់………គេកាប់គ្មានសល់ពូជទុកត

គេគាស់ទាំងឫសចាក់គ្រឹះថ្ម………….គេសរសើរល្អរបងដែក។

និពន្ធដោយ៖ កវី គយ សារុន

សួនងងឹត (បទពាក្យប្រាំពីរ)

រងំៗមនុស្សជុំជិត…………………………ជីវិតភ្លើតភ្លើនភ្លេចក្នុងបារ

បទភ្លេងល្វេងល្វើយដាស់កាមា…………សួនច្បារផ្ការីកពេលរាត្រី។

ផ្ការីកស្ទុងៗក្នុងភ្លើងពណ៌………………..អប្សររេរាំតាមតន្ត្រី

ចម្រៀងល្ហិមល្ហែមផ្អែមសម្តី……………..ស្រស់ស្រីនាងជាទេពកញ្ញា។

កំសាន្តក្នុងសួនទិព្វវិមាន…………………ចិត្តគ្មានកង្វល់ដល់ទុក្ខា

រសាត់បាត់ហើយរឿងខ្លោចផ្សា…………ចិន្តាចាំចងតែថ្លើមថ្លៃ។

ភ្លេចភ្លាំងអស់ហើយការសិក្សា………….ភ្លេចហើយគ្រួសារជាប់ជើងដៃ

ភ្លេចហើយទុក្ខសោកអ្នកដទៃ…………..គិតលៃម្តេចបានប្រាំក់រាំបារ។

អ្នកណាងាប់រស់អ្វីក៏ដោយ……………….គិតឲ្យតែអញបានហ៊ឺហា

ផឹកស៊ី ស៊ីផឹកដឹកសង្ហា……………………កំសាន្តសួនច្បារផ្កាងងឹត។

និពន្ធដោយ៖ កវី គយ សារុន

ទំព័រសៀវភៅ ទំព័រជីវិត (បទពាក្យប្រាំពីរ)

ពេលដែលខ្ញុំបើកទស្សនា-……………………រដ្តី កាលណាខ្ញុំសប្បាយ
មើលរូបភ្លើតភ្លើនភ្លេចឃ្លានបាយ…………….រីករាយស្រស់ស្រាយហក់តាមខ្យល់។
មើលឡានចេញថ្មីល្បីថាឆើត…………………ខ្លួនវែងរាងស្ទើតទើបមកដល់
បើត្រូវឆ្នោតធំសមលែងខ្វល់………………….ទិញមួយហើយសល់លុយដើរលេង។
មើលម៉ូដទំនើបធ្វើសក់ថ្មី……………………….ទឹកមុខលោកស្រីស្រស់ថ្លាឈ្វេង
ថតបែរមុខក្រោយថែមស្តាំឆ្វេង……………….ខ្ញុំមុខជាគេងស្រមៃហើយ!។
មើលតារាឯងនៃភាពយន្ត……………………..ល្អគយល្អគន់ណាស់លោកអើយ
ចេះធ្វើឫកពាចេះឆ្លងឆ្លើយ……………………ឃើញហើយជាប់ចិត្តឥតចង់ឃ្លាត។
មើលការប្រឡងភាពសង្ហា……………………សង្ហាអស្ចារ្យថែមឡានទៀត
ធ្វើឫកធ្វើរាងចែកជូនញាតិ……………………បំណាច់ខំឆ្លៀតមកពីឆ្ងាយ។
***
ក្នុងរូបអ្វីៗសុទ្ធតែល្អ……………………………ក្លឹង្គខ្មៅអាចសទៅវិញបាន
ខ្ញុំចង់មើលរូបទាំងប៉ុន្មាន………………………កំសាន្យសប្បាយឆ្ងាយជីវិត។

និពន្ធដោយ៖ កវី គយ សារុន

ខ្ញុំតាមមិនទាន់ (បទពាក្យប្រាំពីរ)

កញ្ឈិច! កញ្ឈិច! ភ្លេងសម័យ………………..កន្ត្រាក់សរសៃឲ្យរាំរែក

អន្ទងបេះដូងឲ្យយំយែក………………………ហាស្រែករកស្រីស្រៀវកាមា។

គេឱប គេរឹត គេត្រកង…………………………បែរមុខវិលខ្នងពត់កាយា

គេងើប គេមុជ ក្រោមហត្ថា……………………ហ្នឹងហើយសួគ៌ានាលោកិយ។

កុំអូសដៃខ្ញុំធ្វើអ្វីមិត្ត…………………………….រាំចុះកុំគិតខ្ញុំធ្វើអ្វី

ខ្ញុំមិនចេះរាំក្បាច់ខ្មែរថ្មី…………………………ព្រោះអីខ្ញុំដើរមិនទាន់គេ។

និស្ស័យនៃខ្ញុំអស់ផ្លូវកែ………………………..ខ្ញុំកើតនៅស្រែអត់ចេះទេ

ខ្ញុំរស់នៅវត្តស្មូតបំពេ…………………………..ហ៊ានរាំលោកជេរវាយបែកខ្នង។

កំហុសយ៉ាងធំ! ខ្ញុំមិនកែ……………………….ទើបងើបពីស្រែស្គាល់ក្រុងម្តង

ទើបចេញពីវត្តផុតរបង…………………………ម្តេចឡើយប្រឡងរាំញ័រញាក់។

កំហុសយ៉ាងធំ! ខ្ញុំមិនកែ………………………..ខ្ញុំខ្មែរភ្លេចស្រែរាំកន្ត្រាក់

ខ្មាសម៉ែ-ឪ-មា-មីង-មិត្តភ័ក្តិ…………………….ខ្មាស់បាយបាត្រស្រាក់ខ្មាសខ្លួនឯង។

និពន្ធដោយ៖ កវី គយ សារុន

អភ័ព្វកំលោះស្រុកស្រែ (បទពាក្យប្រាំពីរ)

ពីដើមនៅស្រុកស្រែចម្ការ………………….ស្នេហាសុខដុមភិរម្យណាស់

ក្រមុំកំលោះស្មោះស្ម័គ្រច្បាស់…………….ទាំងចាស់ទុំក៏ព្រមល្មចិត្ត។

ស្រឡាញ់គ្នាពិតឥតបែកបែរ……………….ឥតប្រែប្រុងប្រាសផ្តាសចោលមិត្ត

គិតតែរកស៊ីសាងជីវិត……………………….សុចរិតត្រឹមត្រង់សាងក្តីសុខ។

ឥឡូវក្រមុំចម្ការស្រែ………………………….ចិត្តប្រែចោលកំលោះក្នុងស្រុក

ខ្ជិលដាំដកស្ទូងចង់ស្រណុក………………..ចិត្តស្មុគរកស្ម័គ្រអ្នកប្រាក់ខែ។

កំលោះស្រុកស្រែបែរអន់អៀន……………..គ្មានបុណ្យស័ក្តិធ្លាក់ភ្ជួរស្រែ

ម្តេចឡើយគេនឹងមកស្និទ្ធស្នេហ៍……………ម្ល៉ោះហើយត្រូវតែរស់ក្រៀមក្រំ។

និពន្ធដោយ៖ កវី គយ សារុន
%d bloggers like this: