Archive for the ‘ក្រមង៉ុយ’ Category

បណ្តាំក្រមង៉ុយ

នេះបទព្រហ្មប្រាជ្ញប្រែ ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី
ឲ្យប្រិតប្រុងស្មាតី គួរគប្បីឲ្យអុស្សាហ៏។
កុំខ្ជិលកុំល្ងង់ពេក ខំរៀនលេខរៀនអក្ខរា
រៀនគ្រប់សព្វធម៌អាថិ ប្រាជ្ញាផ្សំនឹងគំនិត ។
កំណើតកើតជាមនុស្ស មើលឲ្យធ្លុះទោះឆ្ងាយជិត
ចេះស្ទាត់ប្រាកដពិត គិតការអ្វីបានគ្រប់យ៉ាង។
មនុស្សល្ងង់មិនផ្អើលភ្ញាក់ ដូចភ្នែកខ្វាក់ទាំងសងខាង
មានរូបគ្មានអ្វីអាង សាងបាបថោកកើតមកខ្លៅ។
ពូជមនុស្សទោះខ្ពស់ទាប កាត់តាមភាពត្រកូលផៅ
អាក្រក់ល្អសខ្មៅ កាត់កូនចៅដូចដូនតា។
ពូជល្ងង់មិនបានបួស ទុកជាទោសនឹងសាសនា
អ្នកបួសចេះធម៌អាថិ កូនសិក្សាខំរៀនសូត្រ ។
ពូជខ្លៅមិនសូវប្រាជ្ញ ពូជកោងកាចមិនសូវស្លូត
ពូជត្រង់ៗរហូត ពូជភរភូតមិនផុតផៅ ។
ឪពុកម្តាយស្លូតត្រង់ ចិត្តមិនចង់ឲ្យកូនខ្លៅ
ជេរវាយស្តីប្រេដៅ ឲ្យកូនចៅបានចេះដឹង។
ឪពុកគ្មានតំរិះ ឃើញកូនចេះមិនដែលខឹង
ឃើញកូនខំប្រិតប្រឹង ឪពុកដឹងតែងត្រេកអរ។
ដាស់តឿនកើនរំលឹក ជេរល្ងាចព្រឹកខ្លាចកូនក្រ
ចង់ឲ្យតែកូនល្អ លោមអង្វរឲ្យកូនខំ។
កូនកាចបំពេញទុក្ខ ម្តាយឪពុកមានបារម្ភ
កូនស្លូតដឹងគួរសម មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។
ឪពុកម្តាយក្សត់ខ្សោយ កុំបណ្តោយឲ្យអាប់យស
ខំរៀនឲ្យបានខ្ពស់ គ្រាន់សង្រ្គោះដល់មេបា។
អ្នកល្ងង់ហេតុពីខ្ជិល ឥតមន្ទិលរឿងធម៌អាថិ
គួរកូនចៅសិក្សា រៀនអក្ខរាទាំងប្រុសស្រី។
កាលអង្គព្រះសាស្តា មានថេរាមានថេរី
ភិក្ខុភិក្ខុនី ធម៌បាលីចេះចាំស្ទាត់។
លោកសង្ឃខ្លះចេះស្ទើរ ចេះភ្លើៗធ្វើឲ្យភ្លាត់
ព្រះអង្គទ្រង់សន្មត សិក្ខាបទដល់ឥឡូវ ។
ទំលាប់ទំនៀមខ្មែរ ខំធ្វើស្រែចង់បានស្រូវ
អ្នករៀនច្បាប់ខុសត្រូវ ទុកជាផ្លូវភ្លឺប្រាជ្ញា។
ស្រុកសៀមលាវបារាំង ចេះតតាំងពីដូនតា
ចេះលេខចេះអក្ខរា សរសេរចារទាំងប្រុសស្រី។
ជាតិខ្មែរមិនចេះខ្មាស នាំពីចាស់គំនិតខ្លី
ល្ងង់ដប់ចេះពីរបី ចេះជួញក្តីមិនចេះច្បាប់។
មិនចេះលេខអក្សរ មុខមាត់ល្អប្រាជ្ញាអាប់
ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់ គេសូត្រប្រាប់ទើបបានដឹង។
ភ្នែកជាភ្លឺក្រលែត ល្ងង់ព្រោះហេតុមិនខំប្រឹង
កើតទាស់មានចិត្តខឹង ពឹងរកគេសរសេរឲ្យ។
មនុស្សក្រហេតុពីខ្ជិល មិនរមិលមើលមុខក្រោយ
ម្យ៉ាងខ្សត់ពីព្រោះខ្សោយ ញឹងខាងឲ្យរង្វើលរក ។
ម្យ៉ាងក្រពីព្រោះល្ងង់ ជួញលិចលង់មិនលៃលក
ទិញថ្លៃទៅលក់ថោក ចេះតែយកគិតមិនយល់ ។
អ្នកមានៗគំនិត ដេកដើរគិតកើតរវល់
ប្រាជ្ញាជាឫគល់ កើតអំពល់អំពីទ្រព្យ។
អ្នកល្ងង់និងអ្នកចេះ បើនឹងរិះរាយរៀបរាប់
អ្នកចេះប្រសើរគាប់ ល្ងង់ឥតភ័ព្វអាប់រាសី។
មានរូបមានជីវិត មិនចេះគិតចង់ដឹងអ្វី
រូបប្រុសរិកដូចស្រី នឹងហ៊ានស្តីគ្មានគេស្តាប់។
ល្ងង់ម្យ៉ាងមានអំណាច ល្ងង់កោងកាចអាងចាក់កាប់
ឆាប់ខឹងមិនដឹងច្បាប់ កាលណាស្លាប់គេត្រេកអរ។
អ្នកចេះតំរិះដល់ អ្នកល្ងង់ឆ្ងល់មិនសល់ក្រ
ចេះល្ឥតចិត្តជាល្អ សួយអាករចូលមិនខ្វះ។
ចេះម្យ៉ាងមានអំណាច អ្នកខ្លៅខ្លាចឱនសំពះ
គេខុសជេរដៀលត្មេះ អ្នកខ្លៅខ្លះគេលបខឹង។
ប្រាជ្ញម្យ៉ាងចេះសព្វសុស ប្រព្រឹត្តខុសនោះមិនដឹង
មិនគិតពិនិត្យថ្លឹង ប្រាជ្ញប្រិតប្រឹងប្រដៅគេ។
កូនចៅទោះធំតូច ខុសខិលខូចខឹងវាយជេរ
មារយាទខ្លួនខុសគេ មិនគ្នាន់គ្នេរកិរិយាឯង ។
កូនចៅទាំងស្រីប្រុស ការត្រូវខុសគួរគិតក្រែង
គិតគ្រប់សព្វកន្លែង តែងនឹងមានរាល់រូបកាយ ។
ភ្នែកបើកភ្លឺមានពិត មើលឃើញជិតៗរៀងអាយ
ភ្នែកធ្មេចមើលឃើញឆ្ងាយ សព្វសុសសាយមិនសេសសល់។
រៀនរកស៊ីលក់ទិញ ខាតចំណេញគិតឲ្យដល់
ឲ្យដឹងការកិច្ចកល ទើបកើតផលប្រយោជន៏ខ្លួន។
ឲ្យរៀនលេខនព្ធន្ត បូកហាគុណឲ្យមាំមួន
ដីសនិងក្តារឆ្នួន ក្រែងចិនយួនបំបាត់បាន។
ជញ្ជីងភ្នែកមានល្បាក់ មើលឲ្យជាក់កុំប្រមាណ
ក្រែងខុសខាតមិនខាន ធ្លាប់រាប់អានកុំទុកចិត្ត។
ភ្នែកមនុស្សធំរលីង ភ្នែកជញ្ជីងគេចុចល្ឥត
អ្នកល្អថ្លឹងប្រឹងប្រឹត ព្រោះអាណិតខ្មែរល្ងង់ខ្លៅ ។
ចិនមានពីដូរលក់ ស្រូវកន្ទក់កន្តាំងតៅ
របស់ទោះឆ្អិនឆៅ សំពត់អាវខោខ្មៅស។
ខ្មែរអាងស្រូវក្នុងដោក ដូរថ្លៃថោកអាក្រក់ល្អ
អស់ស្រូវទៅជាក្រ អង្វរចិនជឿស្រូវឯង ។
ធ្វើស្រែនឿយហត់ណាស់ ចិននៅផ្ទះដេកចំខែង
ផ្ទះចិនពីរបីល្វែង មានកន្លែងជង្រុកស្រូវ។
ជាតិខ្មែរឥតគំនិត ស៊ីមិនគិតមើលខុសត្រូវ
ជឿចិនរាល់រដូវ កេរ្តិ៍ម៉ែឪចិនអូសអស់ ។
ចិនមកពីស្រុកនាយ មានសំពាយជារបស់
មិនទាន់ចេះខ្មែរសោះ គ្មានកេរកោះស្រែចំការ ។
កែវកចង្រ្កានឆ្នាំង ផ្សំកំលាំងនិងប្រាជ្ញា
អំរែកជិះលើស្មា មានម្លូស្លាជាដើមទុន។
ទំនិញមានគ្រប់មុខ ផ្ទាល់ផ្ទេរទុកដាក់ដោយធុន
ចិនរែកមិនដែលពុន ស្រូវជោរជន់ពេញជង្រុក។
ឈប់រែកដេកអង្គុយ រាប់កាក់លុយប្រមូលទុក
ឪទិនស្រាពីមុខ ទុកជាធ្នាក់ទាក់កខ្មែរ ។
ចិនច្រើនខ្មាំងចិត្តខ្មៅ កន្តាំងតៅធ្វើជាស្រែ
គ្មានត្បាល់គ្មានអង្រែ អង្ករខ្មែរចូលបាវចិន ។
ជាតិខ្មែរច្រើនឥតខ្មាស ស្រេកស្រាណាស់ផឹកជឿសិន
គំនិតគិតមិនឆ្អិន ផឹកបង្ហិនតែទ្រព្យឯង ។
កំណើតអ្នកផឹកស្រា បែកប្រាជ្ញាច្រើនកន្លែង
អ្នកម្យ៉ាងបែកខាងល្បែង មិនគិតក្រែងខ្លាចខ្លួនក្រ ។
អាម្យ៉ាងបែកលួចឆក់ មារយាទអាក្រក់មិនបានល្អ
ផឹកចោលការរបរ ផឹកថ្មើម៉ានចិនមិនគិត ។
ថាចិនមិនចេះកាញ់ ប្រាប់សំលាញ់ពួកម៉ាកមិត្ត
គូកនទោះឆ្ងាយជិត រឹតប្រមូលលុយឲ្យចិន ។
ត្រូវស្រាចង់ស៊ីឆ្ងាញ់ ធុំឆាខ្លាញ់បក់ឆួលក្លិន
ឃើញបាយសម្លឆ្អិន ផ្គាប់ចិត្តចិនយកបាយស៊ី។
ផឹកទឹកបោយត្រលោក មារយាទទាបថោករិកសៀធី
ចិនប្រើសែងរែកលី ស៊ីញយៗចិនមើលងាយ ។
ជាតិចិនកំណាញ់ស្វិត នឹកក្នុងចិត្តមិននិយាយ
មារយាទខ្មែរច្រើនរាយមាយ រលាយទ្រព្យអភ័ព្វខ្លួន។
ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់ ទាបថោកដល់ប្រពន្ធកូន
អាប់យសទាំងបងប្អូន ដល់តាដូនពូជពង្សខ្មែរ។
ជាតិចិនសុទ្ធសឹងស មានទ័លក្រខ្សត់ខ្លះដែរ
ស៊ីផឹកស្និទ្ធតាមសែ តមបាយខ្មែរមិនស៊ីសោះ ។
មានផ្ទះមានដំណាំ កាប់ដីដាំដោយកៀនកោះ
ដំឡូងត្រាវចេកម្នាស់ ស៊ីមិនអស់ទុកលក់ដូរ ។
ខ្មែរច្រើនខ្ជិលប្រមឹក កែងកោងរិកអួតអម្បូរ
ខ្វះលុយអង្គុយថ្ងូរ កើបបង្ហូរស្រូវជង្រុក ។
កូនអើយរឿងដំណាំ គួរតែដាំឲ្យគ្រប់មុខ
ដីកេរម្តាយឪពុក មិនត្រូវទុកចោលទំនេរ ។
រាជការវាស់មានថ្លៃ ផ្តិតមេដៃផ្តាច់ជាកេរ
មិនវាស់លេងទទេ រេរិះយកពន្ធរាល់ឆ្នាំ ។
ដូងស្វាយអំពៅចេក កុំខ្ជិលពេកដេកប្រចាំ
ម្លូស្លាម្រេចខ្ទឹមថ្នាំ ត្រូវតែដាំកុំឲ្យខ្វះ។
ទេសឯកសំពត់ស ដីវាលល្អដាំកប្បាស
កុំខ្ជិលតាមចាស់ៗ មនុស្សនឿយណាស់មិនដែលក្រ។
បន្លែដាំគ្រប់មុខ យកគ្រាប់ទុកដាំបន្ត
ចាក់ដីជាតិល្អៗ បង្ការស្លពេលល្ងាចព្រឹក។
ម្លូស្លាថ្នាំខ្ទឹមម្រេច លូតលាស់លេចពីស្រោចទឹក
បានផលផ្លែរឺស្លឹក កុំឆ្មើងរិកវាក្រខ្លួន។
ត្រីងៀតផ្អកប្រហុក ខ្មែរគ្រប់ស្រុកទិញដូរយួន
អំបិលធូបក្រមួន ពីតាដូនតែងដូរទិញ។
ដូរទុកដាក់ដំកល់ ស៊ីឲ្យដល់ខួបខែវិញ
ឲ្យបរិបូរពោរពេញ ខាតចំណេញកុំទិញតិច។
អំបិលទិញមួយចុង ច្រកពេញអុងអាងខាងលិច
កុំទិញក្តោបខ្ចប់វេច អស់រំពេចគេចទិញទៀត។
អំបិលមួយស្រូវបី វាល់នឹងល្អីទូលកណ្តៀត
ខ្លួនក្រត្រដរេឆ្លៀត មារយាទយ៉ាងហ្នឹងកុំប្រព្រឹត្ត។
កូនចៅទាំងប្រុសស្រី គួរគប្បីប្រុងគំនិត
ចិញ្ចឹមជន្មជីវិត គិតឲ្យវែងកុំគិតខ្លី។
ទំនេរល្ហែធ្វើការ សូត្រធម៌អាថិទាំងប្រុសស្រី
ឲ្យត្រឹមត្រូវបាលី ដូចស្រដីខាងដើមស្រាប់ ។
រាល់រូបទាំងប្រុសស្រី កាលចេះស្តីព្រោះចេះស្តាប់
ម៉ែឪតំរូវប្រាប់ កូនចៅត្រាប់តាមដូនតា។
ចាស់ម្យ៉ាងសាងសីលទាន មិនបំពានខុសពុទ្ធដិកា
កូនកាត់តាមមេបា មិនទៅណាឆ្ងាយពីផ្លូវ។
ចាស់ម្យ៉ាងសាងផលកម្ម ស្អប់សីលប្រាំដូចសត្រូវ
កូនកាត់តាមម៉ែឪ អាស្រូវភាសវិនាសខ្លួន ។
មិនជឿមគ្គជឿផល ធ្លាក់ទៅដល់អបាយបួន
កងកម្មចាំគំគួន គេចវេះពួនមិនកំបាំង ។
ព្រះអង្គមានពុទ្ធដីកា ប្រៀបឧមាជាទីតាំង
ដូចគេមានកំលាំង សំរាំងទុកទឹមរទេះ ។
នឹងបរផ្លូវវៀចត្រង់ រឺនឹងចង់បរគេចវេះ
កង់វិលមិនរបេះ ជិះជើងគេមិនឃ្លាតឃ្លា។
រាល់រូបទាំងតូចធំ ចូលរូងភ្នំរូងគុហា
យកថ្មផ្ទាំងរាំងទ្វារ កម្មវេរាតោងតាមបាន ។
កងសីលមានអង្គប្រាំ វេរាកម្មដិតដោយដាន
នរកប្រេតតិរច្ឆាន ខានឃាត់ខាំងរាំងមគ្គផល ។
គួរខំសាងសីលទាន យកនិពា្វនជាត្រើយថ្នល់
យូរឆាប់គង់តែដល់ កុសលជួយចាកសង្សារ ។
កូនចៅរិះរេគិត មើលគំនិតចិត្តដូនតា
ប្រព្រឹត្តខុសសាសនា គេចកិរិយាកុំធ្វើត្រាប់ ។
មើលចាស់ណាត្រឹមត្រូវ ចុះក្នុងផ្លូវកន្លងច្បាប់
ចាស់ស្តីគប្បីស្តាប់ ប្រិតព្រៀងប្រាប់ឲ្យប្រុងចាំ។
គោរពគុណទាំងបី សូត្របាលីតាមចំណាំ
រក្សាអង្គសីលប្រាំ កម្មវេរាតាមមិនទាន់ ។
សាសនានៅវែងឆ្ងាយ កន្លងបា្លយជាងពីរពាន់
សព្វថ្ងៃលៃគ្នេគ្នាន់ មិនទាន់គ្រប់ជាងប្រាំរយ។
ឥឡូវចិតប្រាំបី នៅម្ភៃមួយខាងក្រោយ
កូនចៅកុំបណ្តោយ ឲ្យលិចលង់ក្នុងសង្សារ។
មានពាក្យចាស់ដំណាល ថាកណ្តាលព្រះសាសនា
ទំនាយក្បួនតំរា ថានឹងរៀវហើយរីកវិញ ។
ហេតុនេះអស់កូនចៅ ទោះល្ងង់ខ្លៅយ៉ាងណាមិញ
ខំអុស្សាហ៏ទន្ទេញ បំពេញពាក្យពុទ្ធទំនាយ។
តំណពីថ្ងៃនេះ រៀនតំរិះកុំរាយមាយ
កូនណាមិនស្វាធ្យាយ មិនរលាយរលត់ទុក្ខ។
ដល់សាសនាគ្រប់គ្រាន់ ជួបប្រាំពាន់ទៅខាងមុខ
ទំនាយរាយទំនុក ថាឪពុកម្តាយស្អប់កូន។
ថាកើតអន្តរកប្ប គុំសម្លាប់គ្នាបងប្អូន
មិនដឹងតាដឹងដូន សូន្យសីលទានមិនមានសល់។
គួរគិតកុំសាងកម្ម កាន់សីលប្រាំចាំដំកល់
ខំសាងមគ្គសាងផល នឹងបានដល់ឋានសាន្តសុខ។
នឹងរួចពីកាប់ចាក់ មិនបានធ្លាក់ទៅនរក
ព្រះសិរអារ្យត្រាស់ខាងមុខ រាសាយទុក្ខសោករាល់ថ្ងៃ។
នេះហៅច្បាប់បណ្តាំ ថាពាក្យប្រាំៗមួយផ្ទូន
បទព្រហ្មគ្រប់ឃ្លាបួន ជួនចែងចប់ម្ល៉េះហើយហោង។

សេចក្តីរំលឹកដាស់តឿន

អ្នកភិរម្យភាសាអ៊ូ លើកដៃទាំងគូប្រណម្យផ្ចង់
បង្គំព្រះពុទ្ធគ្រប់ព្រះអង្គ ព្រះធម៌ព្រះសង្ឃប្រសើរសាយ។
ព្រះគុណគ្រូឧជ្ឈាយាចារ្យ មាតាបិតាបង្កើតកាយ
បង្កើតប្រាជ្ញាថ្លាវែងឆ្ងាយ ខ្ញុំសូមអធិប្បាយចែកពាក្យជូន។
ព្រះពុទ្ធសករាជព្រះសាសនា អតិកន្តាកន្លងធួន
ពីរពាន់បួនរយចិតសឹបបួន ជួនខែនិងថ្ងៃគ្មានកន្លង ។
ដើមឆ្នាំមមែក្នុងត្រីស័ក ពិសាខភ្លៀងធ្លាក់កាត់ទឹកម្តង
មួយរោចថ្ងៃសៅរ៍កើតសៅហ្មង លឺពាក្យអ្នកផងទាស់ទែងគ្នា ។
មិនបានកាប់ចាក់ដល់បាក់បែក ថ្ងៃនេះជជែកថ្ងៃស្អែកជា
ចាក់ដោតរាលរោលពោលពណ៌នា និន្ទាដៀលត្មះចាស់បុរាណ ។
ពួកចាស់ដៀលត្មះអ្នកប្រាជ្ញថ្មី រឿងធម៌បាលីស្តីប្រមាណ
ប្រមាថទៅមកមិនឈប់ខាន ហាមប្រាមមិនបានមិនបាត់មាត់។
ព្រះធម៌ព្រះពុទ្ធតែមួយអង្គ លោកសង្ឃបួសរៀនមានដោយវត្ត
សង្ឃខ្លះចេះស្ទើរមិនចាំស្អាត់ ភ្លើៗសូត្រភ្លាត់មិនត្រូវខ្យល់។
គេចាប់ថាខុសប្រកាន់ខឹង មិនដឹងថាខ្លួនរៀនមិនដល់
មិនដែលសួរគេព្រោះមិនឆ្ងល់ សំគាល់ថាខ្លួនត្រូវមិនខុស។
អ្នកប្រាជ្ញលោកសូត្រចំបាលី ថាគេធម៌ថ្មីស្តីបន្តុះ
បន្ទោសទៅមកឆ្លើយឆ្លងឈ្លោះ មិនព្រមចំណុះខុសចំណាំ ។
ចំណែកចំណេះចេះរាល់ខ្លួន បារាជិកបួនវិន័យប្រាំ
មហាវគ្កចុល្លវគ្គអាទិកម្ម ព្រះអង្គគ្មានផ្តាំឲ្យឈ្លោះគ្នា។
ផ្តាំឲ្យតែកាន់សិក្ខាបទ អ្នកបួសរាល់វត្តត្រូវសាមគ្គា
ព្រះពុទ្ធរូបរាល់វិហារ វន្ទាគោរពរាល់យប់ថ្ងៃ។
នមស្ការបង្គំធម៌បីបទ សូត្រហបមាត់នឿយជើងដៃ
មិនដឹងប្រាកដរតនត្រៃ មិនចេះសង្ស័យសួរអ្នកណា។
អ្នកប្រាជ្ញលោកសូត្រចំបាលី ប្រែចេញសេចក្តីឲ្យពិស្តារ
អ្នកខ្លៅមិនស្តាប់តាមពុទ្ធដិកា គេថាខ្លួនខុសប្រកាន់ខឹង ។
ធម៌សម្ពុទ្ធេសូត្រលាន់ៗ ព្រះពុទ្ធរយពាន់ខ្លះមិនដឹង
ជឿជាក់ថាចេះចប់ប៉ុណ្ណឹង មិនប្រឹងរៀនប្រែបកបរិយាយ។
ចេះហើយមិនដឹងថាខ្លួនខុស មិនព្រមចំណុះអ្នកប្រាជ្ញប្រាយ
បាលីច្រលំពាក្យនិស្រាយ នឹកស្តាយបែបចាស់មិនផ្លាស់ចេញ។
គេថាសូត្រធម៌មិនចេះប្រែ បានបុណ្យខ្លះដែរតែមិនពេញ
បើចេះប្រែផងបានចំណេញ ខ្លួនរិតទន្ទេញតែបែបចាស់។
ចចេសទទឹងរឹងជជែក ប្រកឹងប្រកែកប្រកួតម្នះ
ម្នៅៗសត្រូវនឹងធម៌ព្រះ ជាតិក្រោយក្រលាស់ជាល្ងង់ខ្លៅ។
មានកាលត្រលប់ជាគថ្លង់ មម៉េងមម៉ង់ឆ្កួតមួម៉ៅ
ពីព្រោះមិនស្តាប់ប្រាជ្ញប្រដៅ ហ្នឹងហៅចេះហើយមិនប្រសប់។
ប្រសិនបើឱនខ្លួនខ្លបខ្លាច អ្នកប្រាជ្ញកាលណាលោកនឹងស្អប់
ធម៌អាថិអ្នកណានឹងចេះចប់ កុំកាន់ទំលាប់ទំលោយខ្លួន។
ទំលាក់ឲ្យទាបសុភាពវ័យ ព្រះសូត្រវិន័យធំជាងក្បួន
ព្រះអភិធម្មជាមាំបួន នេះហើយប្រធួនគួររៀនទៀត។
ពាក្យពីបុរាណជាពាក្យងាយ ពាក្យក្បួនទូលាយស្រណុកជ្រៀត
ឯពាក្យគម្ពីរទីចង្អៀត គួរឆ្លៀតជ្រើសរកយកឲ្យបាន។
ឲ្យបែកគំនិតគិតច្រើនផ្លូវ មួយខុសមួយត្រូវជាពីរស្ថាន
គេប្រាប់ថាខុសគួរឈប់ខាន ឃើញត្រូវប៉ុន្មានប្រមូលយក។
ព្រះឱស្ឋព្រះអង្គទ្រង់ទេសនា អ្នកប្រាជ្ញចែងចារចងទុកមក
ព្រះសូត្រវិន័យលោកលៃលក ប្រែសព្ទសៀតស៊កច្រើនប្រការ
ពាក្យពិតប្រាកដបទបាលី ប្រែចេញសេចក្តីឃើញពិស្តារ
គួរស្តាប់ឲ្យស្តែងសិនកុំថា កុំអាងតំរាតំរាប់ចាស់។
តំរាយបុរាណយូរអង្វែង មិនលែងច្រលំមានលើសខ្វះ
អ្នកប្រាជ្ញជំនុំឃើញខុសណាស់ ចោលខ្លះទុកខ្លះដោយពិស្តារ។
យ៉ាងធម៌«តិរោក»ពីបុរាណ មិនដឹងជាបានពីគ្រូណា
សូត្រលាយចំរុះខុសអក្ខរា មិនបានជាការប្រយោជន៍អ្វី។
អ្នកប្រាជ្ញឃើញខុសច្រើនអន្លើ រុះរើរៀបចំផ្សំបាលី
អ្នកខ្លៅហៅធម៌តិរោកថ្មី សម្តីបែបឡកចំអកខឹង។
សង្ខេបរឿងសូទ្រធម៌ត្រូវខុស កូនចៅប្រុសៗគួរខំប្រឹង
ប្របរកអ្នកប្រាជ្ញប្រិតឲ្យដឹង សំលឹងអក្ខរាឲ្យប្រាកដ។
ប្រការមួយទៀតចាស់ជាន់មុន ធ្វើបុណ្យអភិសេកបែកច្រើនបទ
ច្រើនបែបរាប់អានគ្មានកំណត់ សន្មតថាធ្វើតាមបុរាណ។
អាចារ្យមួយប៉ែកអភិសេកខ្ជិល បង្វិលពពិលរំពេចបាន
អាចារ្យមួយថាធ្វើតាមបាន លំអានគម្ពីរបឋមត្រាស់។
ទេសទសជាតកចប់អភិសេក ព្រឹកស្អែករៀបចំមធុបាយាស
មានមារលើកពលច្បាំងដេរដាស ធ្វើច្រាសត្រលប់ក្រោយជាមុន។
បើធ្វើឲ្យត្រូវតាមសាស្រ្តា នាងនាថសុជាតាគេមានគុណ
ថ្វាយមធុបាយាសព្រះមានបុណ្យ និមន្តទៅផ្សងបីដងត្រាស់។
ទេវតាផ្អើលចុះពេញផែនដី គ្រប់ទិសប្រាំបីមីរដេរដាស
កក្រើកញាប់ញ័រទាំងអាកាស អរណាស់ថ្វាយសព្ទសាធុការ។
ហេតុនេះអ្នកចេះចាំនិទាន ធ្វើរោងធ្វើរានថ្វាយទេវតា
អ្នកប្រាជ្ញចេះថ្មីស្រដីថា អាចារ្យនាំធ្វើខាតប្រយោជន៍។
អាកាសទេវតានៅស្ថានខ្ពស់ គេខ្ពើមជាមនុស្សក្លិនអសោច
ឧស្សាហ៍ដាក់នំឲ្យហិចហោច ចំណេញស្រមោចចោមរោមស៊ី
អាចារ្យមួយទៀតចេះរៀបចំ ប្រណម្យសំពះក្រុងពាលី
ព្រះអិសូរព្រះនារាយណ៍មានរិទ្ធី ពេញទីចោលត្រៃសរណគមន៍។
ចំណីចំណែកចែកដាក់ពែ ចំណេញបានឆ្កែវាស៊ីនំ
នាងហ៊ីងធរណីថាជាធំ សូមសុំទឹកដីសាងកុសល។
អាចារ្យជាន់ចាស់ដោះសង្ស័យ ថារតនត្រៃគេតំកល់
តំកើងលើកឡើងជាដើមផល ប្តឹងដល់ទេវតាជាសាក្សី។
សង្ខារិករលឹកគុណ ធ្វើបុណ្យអភិសេកព្រះពុទ្ធថ្មី
បូជាភ្ញីផ្កាស្លាបារី គ្រប់ទិសប្រាំបីសឹងឲ្យមាន។
អភិសេកព្រះពុទ្ធតាំងកសាង តំណាងព្រះពុទ្ធដ៏ទ្រង់ញាណ
រំលឹកទេវតាជាប្រធាន ប្រាថ្នានិពា្វនស្ថានផុតទុក្ខ ។
ថាបើទេវតាខ្ពើមចំណី ស្អប់ស្លាបារីមិនចង់ជក់
បិសាចភ្លើៗមិនលែងភ្លក់ អារុក្ខទេវតាមិនលែងសោយ។
នំនែកចំណីឆ្អែតស្កប់ស្កល់ សេសសល់បានប្រេតគ្នាស៊ីក្រោយ
ស៊ីគ្រាន់រួចរស់ព្រោះគេឲ្យ បានដោយមគ្គផលកុសលដារ ។
លោកសូត្រតិរោកតែរាល់ព្រឹក យំកិញ្ចិច្រូចទឹកថែមយថា
បញ្ជូនអានិសង្សដល់ដូនតា ប្រាថ្នាដូចម្តេចក៏សឹងបាន។
ក្រែងដូនតាណាទៅជាប្រេត រឺមួយអណ្តែតជាតិរច្ឆាន
លើសខ្វះប៉ុណ្ណោះខុសប៉ុន្មាន រាប់អានទេវតាប្រាថ្នាសុខ។
ថាបើទេវតាមិនព្រមសោយ កុំឲ្យខុសចុះនរក
នរូកើតភាន់ផុតក្នុងភក់ វីវក់ក្នុងវាលវដ្តសង្សារ។
មិនដាច់សង្ស័យដូចអរហត្ត លោកកាត់កាមគុណនិងតណ្ហា
ត្រង់ភ្លឹងមិនងាកពឹងទេវតា ប្រាថ្នានិញ្វនគ្មានត្រលប់ ។
ឃើញឆ្លងមិនផុតភពទាំងបី ធម៌អាថិបាលីចេះមិនចប់
មិនចោលសីល៥កម្មបទ១០ រាវរៀបឲ្យសព្វកុំឲ្យសល់
សម្បត្តិសួគ៌សុខកើតពីទាន ឈោងយកនិញ្វនឈានមិនដល់
មិនដើរហួសសោតាមគ្គផល តម្កល់និញ្វនទុកដោយឡែក ។
នេះចប់ចំលើយអ្នកប្រាជ្ញចាស់ ប្រាជ្ញថ្មីចង់ឈ្នះប្រឹងប្រកែក
ប្រាកដនិញ្វនជាស្ថានឯក ចំណែកសោតាក្នុងតែបាន។
ជ្រះថ្លាធ្វើបុណ្យក៏ធ្វើចុះ ទានណាខាតខុសត្រូវឲ្យខាន
អារុក្ខអារក្ខកុំរាប់អាន ជាស្ថានទាបថោករកធ្វើអ្វី ។
សង្ខេបរឿងសូត្រធម៌ត្រូវខុស កូនចៅស្តាប់ចុះទាំងប្រុសស្រី
អ្នកប្រាជ្ញពួកចាស់និងពួកថ្មី គប្បីចូលចិត្តជឿពួកណា។
បើរឿងសូត្រធម៌អាថិបាលី គួរចូលប្រាជ្ញថ្មីខំសិក្សា
ប្រយោគប្រធានមានមាត្រា រាជការបានធីប្រឡងជាប់ ។
ប្រាជ្ញចាស់ជាន់មុនធ្វើបុណ្យទាន ធ្វើរានទេវតាដោយសារធ្លាប់
អ្នកឆោតល្ងង់ខ្លៅគ្នាខ្លាចងាប់ អាចារ្យបង្គប់គ្នាធ្វើទៅ ។
បើបែរជាខានមិនបានសុខ មិនបានធ្លាក់ចុះនរកជ្រៅ
បើធ្វើទេវតាមិនជ្រកនៅ ស្ថានគេសន្ធៅសន្ធឹងហោះ ។
ហេតុនេះគួរគិតគូររំពឹង ជញ្ជឹងកុំឲ្យសល់ចន្លោះ
ចាស់មុនមានគុណរាប់មិនអស់ មិនឲ្យចោលសោះក៏មិនបាន។
គួរគិតឲ្យសព្វគ្រប់អន្លើ គួរធ្វើរឺគួរបង្អង់ខាន
បើធ្វើមិនខាតបង់ប៉ុន្មាន បើខានក៏គ្មានទោសទាស់អ្វី។
ប៉ុន្តែមិនបាត់ពាក្យចាក់ដោត ដ្បិតមនុស្សច្រើនឆោតទាំងប្រុសស្រី
ពោលថាធ្វើបុណ្យតាមប្រាជ្ញថ្មី អាយុថយខ្លីជាងដូនតា ។
ពាក្យនេះសង្ខេបស្លេះមួយប៉ែក មានឈ្លោះប្រកែកច្រើនប្រការ
មិនចាំប្រាកដគម្ពីរណា ពោលថាទឹកដីនេះគ្មានគុណ ។
អ្នកប្រាជ្ញនាំឲ្យអ្នកខ្លៅឆ្ងល់ សាយសុសសួរដល់ពួកអ្នកមុន
អ្នកមួយរេរារង់រែកពុន មិនទាន់ចូលស៊ុនស៊ប់ម្ខាងៗ។
អ្នកក្រោយបណ្តោយសូរអ្នកមុន ថាដីមានគុណប៉ុន្មានយ៉ាង
សំគាល់គោលអ្វីជាតីតតាង មានរាងឃើញក្នុងគម្ពីរណា។
រុកម្ខាងថាអាងនគរកាយ បរមត្ថអធិប្បាយក្នុងសាស្រ្តា
ធាតុទឹកតួ ន អង្គអក្ខរា ជាគុណមាតាពីរដណ្តប់។
ធាតុទឹករំលឹកពីសេម្ហំ វកំ យកនំ រហូតចប់
ធាតុដី កេសា មសំ សព្វ បញ្ចប់ បិត្តំ គុណបិតា ។
អ្នកចេះបិដកឆ្លើយបីដង ថានោះជាកងពួកកេសា
ហៅធម៌អាច់នោមក៏ល្អើមល្អា អ្នកណារំលឹកគ្មានប្រយោជន៍។
អ្នកមួយថាភាវនាកុំឈប់ ជាទីអសុភផ្លូវអសោច
អសារឥតការស្លាប់ជាខ្មោច គេដុតឆេះខ្លោចគ្មានខ្លឹមសារ។
គួរគិតកុំស្តាយកុំស្រណោះ រូបរាងទាំងអស់ជាអនិច្ចា
អនិច្ចំមិនទៀងល្អៀងសង្ខារ សង្ឃឹមរូបានេះមិនបាន។
សរសៃរសាច់ស្បែកសង្គេគគ្រប់ ជាសាកអសុភកម្មដ្ឋាន
របស់ខាងក្នុងទាំងប៉ុន្មាន មុខជាមិនខានរលាយបាត់ ។
ទឹកដីខាងក្រៅក៏មានគុណ ព្រោះដីកើតមុនទើបកើតសត្វ
កើតសព្វរូបកាយអធិប្បាយកាត់ លើកឡាត់លះឃ្លាឲ្យយ៉ាងខ្លី។
គម្ពីរត្រៃវេទដើមសាសនា ត្រៃយុតត្រៃតាគ្រប់ជាបី
ព្រះពុទ្ធចេញសាងអាងទឹកដី សន្សំបារមីក្នុងភទ្ទកប្ប។
ភទ្ទកប្បនេះមានព្រះពុទ្ធ៥ បានរៀនចេះចាំជាសណ្តាប់
សំដែងថាចុះនរកមួយកប្ប លោកប្រាប់ថាជេរព្រោះទឹកដី។
អ្នកម្ខាងថាអាងរៀនសាស្រ្តា ប្រែអស់គាថាបទបាលី
ព្រះពុទ្ធទតគ្រប់ភពទាំងបី ត្រង់គុណទឹកដីមិនឃើញមាន។
កេសាអក្ខរាទាំង៥គូ មិនគួរបើយកមកសន្និដ្ឋាន
យើងចេះដឹងដែរតែមិនហ៊ាន ដូចពោលបំពានហួសពុទ្ធដិកា។
ពាក្យនេះអ្នកខ្លៅកើតសង្ស័យ សព្វថ្ងៃនៅក្នុងឧេក្ខា
មិនទាន់ដាច់សេ្រចទៅខាងណា មិនឃើញពិស្តារស្តាប់មិនបាន ។
ម្យ៉ាងទៀតប្រាជ្ញថ្មីស្តីដៀលត្មះ ចង្ហាន់ថ្វាយព្រះថាឲ្យខាន
ដ្បិតព្រះមិនឆាន់នៅពេញចាន របស់ប៉ុន្មានបានអាចារ្យ។
របៀបរាប់បាតមានកន្ទោង ១ឈេង២ឈោងហៅបាយដារ
បាយដាក់ហ្នឹងតើឲ្យអ្នកណា អសារឥតការឥតប្រយោជន៍។
ព្រះពុទ្ធមិនឆាន់មិនចេះស្តី យើងអាងបាលីឧទ្ទិសដល់
តម្លើងចង្ហាន់លើកតំកល់ សេសសល់ប្រគេននេនសាមណេរ
សមណៈបួសរៀនមានសីលដប់ ប្រសប់ប្រសើរគ្រាន់បើដែរ
បញ្ចូនមគ្គផលដល់ឪម៉ែ បង្វែរឧទ្ទិសតាមប្រាថ្នា។
អ្នករេគំនិតគិតគៃកាញ់ ចូលបទកំណាញ់ក្រៅតំរា
ទុកស៊ីមាត់ឯងឲ្យឆ្ងាញ់ពិសា ខ្លាចបានអាចារ្យស៊ីខាតទុន។
អ្នកម្ខាងថាអាងដាក់ឲ្យប្រេត ដោយហេតុគ្នាឃ្លានគ្នាហិនហោច
គ្នាស៊ីខ្ទុះឈាមក្លិនអសោច បិចបោចចែកទានគ្នាស៊ីផង។
ប្រេតត្រូវជាញាតិធម៌តិរោក គ្នាបានងើបមកព្រោះគេផ្សង
បានស៊ីដោយសារដារម្តងៗ បានដូចបំណងបំណាច់នឹក។
ចង្ហាន់ថ្វាយព្រះត្រូវបូជា អាចារ្យវន្ទាសូត្ររំលឹក
ព្រះពុទ្ធមានគុណមុនលោកភិក្ខុ៍ បាយទឹកជាទានមានមគ្គផល។
ម្យ៉ាងទៀតប្រាជ្ញថ្មីស្រដីផ្តាច់ ថាពូនភ្នំខ្សាច់មិនបានបុណ្យ
ជីកដីលៀនភ្នែករែកត្រុន ដឹងបានជាគុណប្រយោជន៍អ្វី ។
នាំគ្នាអុជធូបហែទក្សិណ អាចារ្យនោះឆ្អិនខាងបាលី
ហើយមានចេះធម៌បំបួសដី មិនដឹងជាដីឆ្លើយថាម្តេច។
អ្នកមួយថាពូនភ្នំខ្សាច់ស្អាង តំណាងចេតិយព្រះសរពេជ្ញ
ព្រះសាររីរឹកធាតុយើងមិនភ្លេច ដ្បិតបុណ្យយើងតិចទៅមិនដល់។
បើធ្វើដោយវាលកណ្តាលថ្ងៃ គង់ជាប់និស្ស័យបានកុសល
បើដើមពោធិ៍ពិតរឹតបានផល តំកល់ដើមពោធិ៍យកជាម្លប់។
ពូនភ្នំតំកើងពោធិព្រឹក្ស រលឹកដល់អង្គព្រះចមភព
ច្រក្តារ៤ផ្ទាំងបង្ខាំងផ្ទប់ កុំឲ្យកំពប់ហៀរហូរដី ។
បើចេះរំលឹកបានបុណ្យណាស់ ជឿចុះប្រាជ្ញចាស់កុំជឿថ្មី
ប្រាជ្ញចាស់ក៏ចេះប្រែបាលី បរលោកលោកិយក៏ចាស់ដឹង ។
ចាស់ម្យ៉ាងចាស់ពិតគំនិតពាល ចាក់ដោតរោលរាលនាំក្មេងខឹង
ចាស់ម្យ៉ាងផឹកស្រាក្លាស្រវឹង ចាស់ហ្នឹងហៅក្មេងក៏សឹងបាន។
ចាស់ជាន់ពីមុនច្រើនខ្លាចច្បាប់ ធ្វើតាមតំរាប់ចាស់បុរាណ
បុរីនគរធ្លាប់រាប់អាន តែខានខ្លាចខុសក្បួនតំរា។
ច្រើនជឿតំរាប់ក្បួនលោកិយ មានកូនប្រុសស្រីត្រូវរៀបការ
សំលាប់ជ្រូកមាន់ស៊ីហ៊ឺហា ផឹកស្រាលៀនភ្នែកជជែកឈ្លោះ
បណ្តោយឲ្យយកគ្នាទទេ មេបាធ្វើគេក្រែងមិនរស់
នាំកូនសែនខ្មោចអសោចឈ្មោះ ពីព្រោះមានប្តីមិនរៀបការ។
រៀបកិច្ចមង្គលមានច្រើនយ៉ាង ពួកចាស់ច្រើនអាងក្បួនតំរា
បើតាមតំរាយព្រះសូត្រថា មេបានាំកូនចុះនរក ។
បុត្តទារស្ស សង្គហោ ហីនោ គាមោ ធម៌អ្នកស្រុក
សង្រ្គោះកូនផុងទៅក្នុងភក់ ហ្នឹងហៅអាពុកពន្លិចកូន។
បើធ្វើមង្គលឲ្យរួចបាប រួចពៀរដរាបអស់តាដូន
មង្គលយ៉ាងល្អបរិសុទ្ធសូន្យ ប្រមូលបងប្អូនស៊ីម្លូស្លា។
ជ្រូកមាន់កុំបាច់សំលាប់ តៃសាកមានស្រាប់ទិញពីផ្សារ
ផ្សំកូនប្រុសស្រីតាមមេបា អាចារ្យប្រមូលអស់ចាស់ទុំ។
ប្រុសស្រីអង្គុយកាន់ពពិល បង្វិលប្រាំបួនដណ្តប់ជុំ
ធ្វើកិច្ចមង្គលក្នុងជំនុំ ផ្សំផ្គុំកូនប្រុសនិងកូនស្រី ។
ចាស់ៗធ្វើច្រើនធ្វើក្នុងឆោត ចង់ឲ្យគេកោតនាលោកីយ
យើងធ្វើយាងតិចត្រលេចខ្លី បានប្តីប្រពន្ធដូចៗគ្នា ។
ហៅកូនសង្រ្គោះម្តាយឪពុក រួចទោសរួចទុក្ខអស់មីងមា
អាពុកសង្រ្គោះគ្មានវេរា អាវាហ៍វិវាហមង្គល។
មិនគួរបង្គាប់ឲ្យកោរជុក ហេតុម្តាយអាពុកនាំរវល់
អាចារ្យតែងក្បួនឲ្យអំពល់ ពន្យល់អ្នកល្ងង់ឲ្យបង់ទ្រព្យ។
អ្នកខ្ជិលគេជឿសីលមាំមួន ពាក្យក្បួនតំរាគេមិនរាប់
គេថាមិនរស់ពីព្រោះធ្លាប់ មិនងាប់ពីព្រោះមិនធ្វើធ្មេញ ។
យ៉ាងដូចចិនយួននៅដាក់ផ្សារ ស្រុកស្រែចំការក្រុងភ្នំពេញ
កើតឡើងដុះសក់មិនកោរវិញ រវល់ដូរទិញអង្គុយលក់ ។
ប៉ុន្តែជាតិចិនល្មោភស៊ីសាច់ តមដាច់មិនដែលស៊ីប្រហ៊ក់
ខែ្មរៗប្រហែលខ្វះម្ទេសជ្រក់ ទូលស្រូវកន្ទក់ទៅដូរចិន ។
ហេតុតែជាខែ្មរសម្បុរខ្មៅ គំនិតគិតឆៅមិនសូវឆ្អិន
រកស៊ីមិនឆ្អែតជឿចែសិន អាចឹកវាកិនទារទាល់បាន ។
១កើតអស្សុជសំលាប់មាន់ ចំអិនគ្រប់គ្រាន់ដួសដាក់ចាន
រៀបសែនព្រះភូមិតាមបុរាណ ថាខានខុសក្បួនប្រពៃណី ។
ហ្នឹងហៅចាស់ឆោតនាំក្មេងព្រើល ហែកមាត់មាន់មើលចង្កាពីរ
អាដែងព្រះភូមិមានឈ្មោលញី ថាសែនរកស៊ីបានផលស្រូវ។
មានជូនដូនតាទៅស្រុកប្រេត បណ្តែតសំបានច្រានសំពៅ
សំពះអារក្ខជូរខាងឪ ខាងម៉ែក៏ត្រូវមិនសូវខុស។
ថ្វាយចេកថ្វាយស្រាជារង្វាន់ ខ្មោចចូលជិះជាន់រូបស្រីប្រុស
កូនចៅអើយជឿពុទ្ធដិកាចុះ រូបស្លាប់ពីព្រោះតែផលកម្ម។
រូបសុខដោយសារតែផលបុណ្យ កាលជាតិពីមុនខ្ជាប់សីល៥
ជាតិនេះអាយុអង្វែងឆ្នាំ កូនចៅអ្នកចាំជឿឲ្យជាក់។
ឲ្យពិចារណាចិត្តឯង ស្តាប់ធម៌ម្តងៗគួរឲ្យភ្ញាក់
កុំផ្ញើរូបកាយនឹងអារក្ខ ក្រែងធ្លាក់ទៅក្នុងចតុរាបាយ។
បើចង់អាយុវែងយឺនយូរ គោរពគុណគ្រូអាពុកម្តាយ
បើចង់រកស៊ីសុខសប្បាយ ផ្ញើកាយនឹងគុណរតនត្រៃ។
នមស្ការបង្គំពេលល្ងាចព្រឹក ភាវនារំលឹករាល់យប់ថ្ងៃ
កុំថាធម៌ណាថោកណាថ្លៃ សង្ស័យត្រូវសួររាជបណ្ឌិត។
កុំឲ្យមន្ទិលធម៌ថ្មីចាស់ មួយធម៌ក្រដាសមួយធម៌ស្លឹករិត
រាជការជំនុំរួមគំនិត រិះគិតតំកើងព្រះសាសនា។
តំកល់សីលប្រាំសីលប្រាំបី ឲ្យមនុស្សប្រុសស្រីរួមរក្សា
ផ្ទាត់ផ្ទៀងខ្លាចល្អៀងព្រះពុទ្ធដីកា ពិនិត្យអក្ខរាយកត្រឹមត្រូវ។
ជំនុំបោះពុម្ពដាក់ក្រដាស ជាការរហ័សធ្វើសៀវភៅ
ឲ្យមានសូត្ររៀនច្រើនតទៅ ទុកនៅជាកេរ្តិ៍អង្វែងឆ្ងាយ។
សព្វថ្ងៃអ្នកខ្លៅស្អប់អ្នកប្រាជ្ញ ពោលខ្លាំងគិតខ្លាចលឺសុសសាយ
ថាធម៌សៀវភៅធម៌ក្លែងក្លាយ អធិប្បាយខ្សឹបៗតែគ្នាឯង។
ឲ្យស្ងៀមពីថ្ងៃនេះតទៅ ឯធម៌សៀវភៅផែនដីតែង
មិនមានអ្នកប្រាជ្ញណាហ៊ានក្លែង ខ្លាចក្រែងរាជការចាប់ដាក់គុក។
គម្ពីរស្លឹករឹតជាគំរូ តំកល់ក្នុងទូចាក់សោទុក
គម្ពីរសៀវភៅប្រើគ្រប់មុខ ទំនុកបំរុងក្នុងសាសនា។
ចាស់ៗជាន់មុនមានគំនិត គម្ពីរស្លឹករឹតជួលគេចារ
ពុំនោះជាវគេដោយជ្រះថ្លា ច្រើនមានប្រាជ្ញាតិចអ្នកចេះ។
សង្ខេបបទបែបរឿងប្រដៅ ទូន្មានអ្នកខ្លៅឈប់ទុកស្លេះ
សុំកើតអ្នកប្រាជ្ញមានតំរិះ កុំតិះដៀលត្មះចាស់ជាន់មុន។
កុំថាចាស់ល្ងិតល្ងង់ល្ងីល្ងើ ក្រែងពារទៅលើអ្នកមានគុណ
កុំពោលថាចាស់ថយថោកធុន ក្រែងស៊ុនទៅលើគ្រូអាត្មា។
ដ្បិតសិស្សនិងគ្រូមិនអ្នកក្រៅ ជាក្មួយជាចៅជាជីតា
ជាសាច់ខាងមាតារឺបិតា ជាកម្មវាចាខ្លះជាបង។
ខ្លះត្រូវជាធំខ្លះត្រូវជាមា ជាគ្រូឧជ្ឈាយ៍បំបួសផង
ប្រដៅសព្វថ្ងៃវាយម្តងៗ ព្រោះលោកបំណងចង់ឲ្យចេះ
ដល់ខ្លួនរៀនចាំជាក់បាលី ឡើងពាក្យសំដីអាងតំរិះ
តំរូវខាងណោះខុសខាងណេះ ដៀលតិះថាគ្រូខ្លួនឯងល្ងង់។
លោកគ្រូមិនដឹងប្រឹងតែអរ ខំផ្ញើអង្ករបាវការុង
ស្ករក្អមស្ករស្រាក់លាក់មិនគង់ ចង់ផ្ញើពូជពង្សល្បីកេរ្តិ៍ឈ្មោះ។
ខ្លួនចេះបន្តិចកំប៉ិចឡើង ចចើងចចេសជជែកឈ្លោះ
ចេះកប់ពពកយកកំពស់ បន្តុះបន្ទន់គុណទាបទៅ។
បើចិត្តចង់ធំកុំចចើង គួរលើកតំកើងគុណទុកនៅ
ទោសនោះធ្លាក់ចុះនរកជ្រៅ ម្នៅៗឲ្យបាបពីព្រោះមាត់។
ព្រោះមាននិទានពុទ្ធឃោសា អាងចេះសាស្រ្តាគម្ពីរស្ទាត់
ថាចេះលើសគ្រូៗបំភ្លាត់ បំប្លេងកំចាត់ឲ្យទណ្ឌកម្ម។
ប្រដូចនិទានតែប៉ុណ្ណេះ អស់លោកក៏ចេះបានរៀនចាំ
ផ្តួចផ្តើមមួយឃ្លាជាពាក្យផ្តាំ ដូចមានចំណាំចំណោទជួន។
ទំនុកបុរាណមានប្រាជ្ញា ចេះចែងបញ្ហាសាស្រ្តាក្បួន
ទុកឲ្យអ្នកក្រោយដោះសំនួន បើគិតឲ្យមួនគួរមានភ័យ។
ចំណោទថាសត្វបរោខោ អង្គុយមែកឈើស៊ីផ្លែជ្រៃ
បុរសខុសជ្រុលគ្មានលក់ព្នៃ បង់គោក្របីទាំងមេកូន។
បុរសម្នាក់ទៀតឡើងដើមឈើ បេះផ្លែខាងលើចែកបងប្អូន
ស៊ីឆ្អែតបន្តិចភ្លេចគល់សូន្យ បុរសម្នាក់បានកូនភ្លេចគុណម្តាយ។
ចំណោទទីបីចំណែកនេះ គួររិះឲ្យជិតកុំគិតឆ្ងាយ
កុំឆ្ងល់និងពាក្យពោលអធិប្បាយ ប្រឹងគិតដោះស្រាយប្រាជ្ញាស្រាប់។
និយាយដើមគ្រូដោយកំបាំង មានខ្សឹបមានខ្លាំងពោលបង្អាប់
បង្អើលឲ្យអ្នកដទៃស្តាប់ បង្អន់ដូចកាប់គាស់ឫគល់។
ស៊ីផ្លែឆ្ងាញ់ផ្អែមតាមទុំខ្ចី ឫលិចក្នុងដីមើលមិនយល់
មិនយកដីចាក់កប់គុណទល់ អំពល់ឲ្យបាបអំពីមាត់។
ពីមុនកាលកើតមានរូបកាយ អ្នកម្តាយចិញ្ចឹមបានធំធាត់
នាំយកទៅទុកឲ្យនៅវត្ត រៀនចេះចាំស្ទាត់បំភ្លាត់គុណ។
ភ្លេចគោក្របីទាំងមេកូន សាបសូន្យកុសលដែលមានមុន
សាងក្រោយសាងឲ្យតែខាតទុន ពីព្រោះបាបស៊ុនស៊យពីចិត្ត។
ពិចារណាគួរតែកោតខ្លាច ខ្លួនបានជាប្រាជ្ញព្រោះគ្រូប្រិត
ប្រឹងប្រៀនប្រដៅច្បាប់ក្រមក្រិត្យ អាណិតដល់គុណធ្ងន់អនេក។
អនាគតកាលទៅមុខ ចូរចាំចងទុកដល់ស្អែកៗ
កុំស្អប់ចាស់ថ្មីស្តីដោយឡែក មើលចែកចាត់ចិត្តថ្លឹងឲ្យស្មើ។
ធ្វើបុណ្យដោយស្មោះកុំរើស្ម័គ្រ បាលីបីថ្នាក់ចាំហើយតើ
មនោសេដ្ឋំចិត្តប្រសើរ ប្រសប់គ្រាន់បើធ្វើបុណ្យបាន។
ប្រាជ្ញថ្មីធ្វើតិចធ្វើតាមចុះ កុំថាគេខុសហើយឈប់ខាន
ប្រាជ្ញចាស់ច្រើនធ្វើតាមបុរាណ ច្រើនលើសប៉ុន្មានបានដោយបទ។
កុំធ្វើដោយរាប់អានស្រលាញ់ ទុកជាកំណាញ់ហួសកំណត់
កំណើតមគ្គផលជឿប្រាកដ សន្មតថាបានច្រើនប្រការ។
កុំធ្វើប្រកាន់ដោយយល់មុខ ហៅបុគ្គលិកទានគ្មានផលា
តាំងចិត្តចុះផ្លូវឧេក្ខា រក្សារូបសុខដល់សួគ៌នាយ
សួគ៌នេះបើចង់ឲ្យឆាប់ដល់ សាងមគ្គសាងផលកុំរាយមាយ
ឃើញគេខុសចិត្តកុំមើលងាយ កុំពោលនិយាយកាន់ម្ខាងៗ។
អ្នកប្រាជ្ញចេះថ្មីត្រូវដោយឡែក ចំណែកប្រាជ្ញចាស់ត្រូវដោយយ៉ាង
កាន់យកទាំងពីរជាទីអាង សន្សំខំសាងនឹងបានសុខ។
ពីថ្ងៃនេះទៅនៅឲ្យនឹង ស្ងៀមមាត់ឲ្យឈឹងខ្លាចនរក
ពីព្រោះឈ្លោះគ្នារៀងរាល់ស្រុក បឹងថ្លុកត្រពាំងរាំងប្រេះដី។
មិនឈ្លោះពីរឿងកេររឿងកោះ រឺទ្រព្យរបស់គោក្របី
នេះឈ្លោះពីធម៌ចាស់ធម៌ថ្មី ក្តៅចិត្តកើតក្តីរកចាញ់ឈ្នះ។
បើក្តីពីស្រែពីចំការ ចៅក្រមសាលាងាយជំរះ
នេះក្តីពីធម៌ថ្មីធម៌ចាស់ នោះក្រែងតែព្រះទើបកាត់បាន។
ចៅក្រមសព្វថ្ងៃឧាសក ចេះខ្ទេចបិដកព្រះកម្មដ្ឋាន
កាត់ក្តីត្រូវច្បាប់អំបាលម៉ាន អ្នកក្តីមិនខានប្តឹងឧទ្ទរណ។
អាដែងមនុស្សម្នះរឹងចចេស បានតែនិរទេសក្រៅនគរ
តែទុកវានៅវានាំវរ ជំហរតែរឹងទទឹងច្បាប់។
សង្ខេបបែបបទរឿងប្រដៅ អ្នកល្ងិតល្ងង់ខ្លៅគួរតែស្តាប់
អ្នកចេះសូត្រធម៌មិនស្តាប់ស័ព្ទ គួរត្រាប់អ្នកប្រាជ្ញចេះបាលី
ធ្វើបុណ្យធ្វើទានកុំចោលចាស់ ចោលចេញទុកខ្លះក្បួនលោកិយ
សូត្ររៀនតាមបែបអ្នកប្រាជ្ញថ្មី កុំបីភ្លេចគុណចាស់បុរាណ
ធម៌អាថិច្រលំកុំច្រលោត ពាក្យពោលចាក់ដោតឲ្យឈប់ខាន
រួមចិត្តសះសាបានសុខសាន្ត នឹងឲ្យរុងរឿងរីកសាសនា។
កុំឲ្យរៀវរោយរឹតរងកម្ម រាំងរឹងរាល់ឆ្នាំ៥វស្សា
វស្សន្តរដូវត្រូវមនុស្សថា រំជួលទេវតាក្តៅក្រហាយ
មនុស្សភូតកុហកឆក់ឆរបោក ឆ្នាំនេះស្រូវថោករាស្រ្តអត់បាយ
ក្រលុយក្រកាក់ខ្វះប្រាក់ចាយ មហាជនទាំងឡាយកើតវេទនា
ភិរម្យខ្ញុំបាទដើមឈ្មោះអ៊ូ ពូជពង្សអំបូរខែ្មរអ្នកជា
អាពុកឈ្មោះ អ៊ុក មានសក្តិងារ ចៅពញាធម្មធារាមេស្រុក
ក្នុងខេត្តភ្នំពេញ ឃុំកំបូល ពូជពង្សត្រកូលម្ចាស់អង្គប៉ុក
ជីតាខាងម្តាយឈ្មោះពញាម៉ុក គាត់ធ្វើមេស្រុកឃុំស្ពានថ្ម
អ្នកម្តាយអាពុកបងប្អូនជិត ជីទួតមួយពិតពូជចិត្តល្អ
ដូនតាផ្សំផ្គុំជាតំណ បង្កកើតមកជាខ្ញុំបាទ
ពូជខាងអាពុកមានប្រាជ្ញា ច្រើនចេះសាស្រ្តាចាំក្បួនខ្នាត
ត្រកូលខាងម្តាយប្រាជ្ញាឆ្លាត រូបរាងច្រើនស្អាតគ្មានគស្អប់ ។
ខ្ញុំលឺមនុស្សឈ្លោះពីធម៌អាថិ គិតក្រែងសាសនាប្រែត្រលប់
ខ្ញុំចាប់អធិប្បាយពុំសាយសព្វ សន្មតថាចប់ម្ល៉េះឯងហោង។

ច្បាប់កេរកាលថ្មី (បទព្រហ្មគីតិ)

នេះបទព្រហ្មប្រាជ្ញប្រាយ ខ្ញុំអធិប្បាយលើកល្បត់ល្បង
ប្រដៅកូនចៅផង ចងជាច្បាប់ខុសនិងត្រូវ។
កត្ដិកខ្នើតគ្នេរគ្នាន់ ក្នុងវស្សន្ដរដូវ
ទឹកស្រែជនលេចស្រូវ នៅសំណល់សំណាបខ្ចី។
កិរកាលពីព្រេងព្រឹទ្ធ ដើមគំនិតពីសេដ្ឋី
ខ្ញុំលើកកិរកាលថ្មី តែងសេចក្ដីជាបរមត្ថ។
ក្នុងថ្ងៃពេញបរមី ម៉ោង៨ព្រលប់ស្ងាត់
ឆ្នាំចរចត្វាក្សត្រ ផាត់សករាជកន្លងឆ្ងាយ។
សាសនាព្រះសមណៈ បានពីរពាន់បួនរយបា្លយ
ហុកសិបឆ្នាំកំចាយ ចាត់អធិប្បាយពីខុសត្រូវ។
កិរកាលដំណាលទុក ជាទំនុកដំណែលនៅ
តំណតរៀងទៅ តំរូវចិត្ដជនប្រុសស្រី។
កូនអើយពាក្យអាពុក ជាទំនុកទំនើបថ្មី
អនិស្រាយរាយបាលី អាពុកស្ដីឲ្យកូនស្ដាប់។
គួរស្ដាយកេរ្ដិ៍ម៉ែឪ កិរិយាត្រូវឲ្យខំត្រាប់
កិរិយាណាខុសច្បាប់ គួរក្រឡប់ក្រឡាស់ចោល។
ម្ដាយអាពុកនិងកូន បីដូចខ្លួននិងស្រមោល
ឃើញខុសកុំដេញដោល កុំថ្កោលទោសអ្នកមានគុណ។
ល្ងង់ខ្លៅត្រូវតែសួរ ពាក្យឲ្យគួរកុំឲ្យស៊ុន
យកពាក្យផ្អែមជាមុន ទន់លំទោនឱនប្រតិបត្ដិ។
ទោះឪម៉ែស្លូតកាច គួរតែខ្លាចដូចមហាក្សត្រ
ម្ដាយជេរពីរបីមាត់ គួរតែស្ងាត់ស្ងៀមឲ្យឈឹង
ប្រដៅត្រូវតែស្ដាប់ យកតំរាប់កុំទទឹង
ម្នោះម្នះចចេសរឹង នឹងហើយហៅកូនសេសកម្ម។
ធម៌អាថិចេះតែភ្លេច ជេរប្រទេចចេះតែចាំ
អាពុកពត់ទៅស្ដាំ អកុសលកម្មទាញទៅឆ្វេង។
អវជាតិបុត្រ ខូចបំផុតតាំងពីក្មេង
ប្រព្រឹត្ដព្រើលផ្សេងៗ បើលេងអ្វីស្ដីមិនស្ដាប់។
មិនស្ដាយជាតិកំណើត ល្ងង់ស្លុតស្លើតដល់ចាស់ស្លាប់
ត្រឹមត្រូវមិនសូវស្ដាប់ ព្រួយគេប្រាប់ទាំងយប់ថ្ងៃ។
ម៉ែឪមានគុណណាស់ មិនសំពះខ្លាចអៀនដៃ
បើអ្នកក្រៅដទៃ វិស័យសោះសំពះបាន។
ឆ្លើយបាទចះចា៎ខ្ញុំ រាបរម្យទមនឹងសន្ដាន
ម៉ែឪឯងក្នុងឋាន ហ៊ានឆ្លើយអីអញអឺអើ។
អនុជាតិបុត្រ ស្លូតបំផុតស្រណុកប្រើ
ប្រកបការប្រសើរ ដើរតែតាមលំអានឪ។
ប្រដៅទទួលយក ចេះលៃលកស្ដាប់ខុសត្រូវ
ស្រណុកញាក់ធ្លាក់ផ្លូវ មិនសូវភ្លេចដំបូន្មាន។
អតិជាតិបុត្រ ល្អបរិសុទ្ធស្ដាប់សីលទាន
នាំឪទៅនិព្វាន ឈានទៅរកកន្លែងសុខ។
ចេះលើសគេដរាប ជឿបុណ្យបាបប្រេតនរក
មិនល្មោភនឹងមូត្រលាមក ភ័យនឹងភក់ភពសង្សារ។
នេះគឺដើមបាលី បុត្រទាំងបីបែបកិរិយា
ស្រលាញ់ណាស្អប់ណា តាមសញ្ញាចូលចិត្ដចុះ។
អវធ្លាក់ផ្លូវក្រោម ប្រព្រឹត្ដព្រមតែខាងខុស
អតិជាតិមារយាទខ្ពស់ អនុនោះយ៉ាងកណ្ដាល។
មតិ១០០មានមួយ គួរតែស្ទូយដាក់លើក្បាល
អវគឺស្រើបស្រាល ត្រអាលយកតែពីរយ៉ាង។
អតិជាតិកំណើត គំនិតកើតពីកសាង
កុសលតំកល់ខាង សំណាងកើតពីគំនិត ។
អនុអានាងអើយ ខ្លួនធំហើយឲ្យចេះគិត
ចេះកាញ់ស្គាល់ឆ្ងាយជិត ប្រព្រឹត្ដយកតែខាងត្រូវ។
រៀនរិះរកទ្រព្យធន យកប្រពន្ធមើលធុនឪ
ធុនថើកជ្រកខុសត្រូវ អ្នកកុំទៅខ្លាចបន្លា។
ផ្លូវវៀចកុំបោះបង់ ផ្លូវព្រៃត្រង់កុំយាត្រា
ឈានឈរពិចារណា ឆ្ការឲ្យស្អាតសឹមដើរទៅ។
កុំដើរភ្លើភ្លេចខ្លួន ខ្លាចក្រែងជួនធ្លាក់ជ្រោះជ្រៅ
ជ្រកម្លប់សំណាក់នៅ កុំបោះពៅផ្ទប់គល់ឈើ។
ឆេះខ្លោចសំបកក្រោម ស្រពោនញមស្លោកស្លឹកលើ
មានភ្នែកឲ្យចេះមើល៍ កុំល្ងីល្ងើល្ងង់ល្ងិតពេក។
រៀនដើរឲ្យមើលផ្លូវ ធ្វើស្រែស្រូវឲ្យមើលមេឃ
ម្លប់ធ្លកធ្លាប់ជ្រកដេក ជាដំណេកអ្នកដំណើរ ។
ដំណែលដែលគេដាក់ ជាដំណាក់ទំនូលផ្ញើ
ចំណាំចាំគ្រាន់បើ ដើរក្រោយៗគ្រាន់ជ្រកទៀត។
ឈើណាទោសសត្រូវ ដុះជិតផ្លូវនាំចង្អៀត
ជំពប់យប់អាធ្រាត្រ ឆ្លៀតកាប់ចេញកុំទុកវា។
បន្លាគល់សង្គត់ គន្លងផុតតែភ្នែកជា
ដើរយប់ជំពប់ពារ ក្រែងគ្រោះគ្នាអ្នកដើរក្រោយ។
គ្នាមុតកុំចាំផ្ទាន់ ឃើញគួរជាន់កុំបណ្ដោយ
បណ្ដើរមើលខ្លាំងខ្សោយ ឲ្យពិនិត្យពិចារណា។
ពាក្យពិតត្រង់ប្រាកដ ត្រូវច្រើនបទច្រើនប្រការ
ប្រកបជាប្រស្នា ប្រាជ្ញាអាប់ស្លាប់នឹងឆ្ងល់។
ផ្លូវពិតទាំងជិតឆ្ងាយ សព្វសុសសាយមិនសេសសល់
អ្នកណាប្រាជ្ញាដល់ ដឹងយោបល់ច្រើនកន្លែង។
កូនអើយការកេរ្ដិ៍ឈ្មោះ កុំចង់រស់តែម្នាក់ឯង
គិតអ្វីគិតឲ្យវែង ក្រែងក្រក្រោយស៊យគំនិត។
កំណើតរាល់រូបកាយ ចេញជួញឆ្ងាយស្ដាយជួញជិត
ចិញ្ចឹមជន្មជីវិត គិតឲ្យស្រេចទើបបានស្រួល។
ធ្វើស្រែចង់បានស្រូវ ដើមរដូវធ្វើស្រែទួល
ស្រែទាបមើលទំនួល លើកទំនប់ឲ្យមាំមួន។
កូនអើយកេរ្ដិ៍មេបា ចាំរក្សាមើលថែថួន
ធុញថប់ថយថោកខ្លួន ជួនជាខ្សត់គេថាខ្សោយ។
ស្រូវខ្សោយអង្ករថ្លៃ លក់សំចៃទុកឆ្នាំក្រោយ
អ្នកក្ររកញយៗ ឲ្យអ្នកសុំជាងអ្នកខ្ចី។
សប្បុរសពេកថយធន មូទូជនថយរាសី
ប្រពន្ធល្អច្រើនអាប់ប្ដី ពាក្យអប្រិយចាញ់អាត្មា។
ឈើផ្លែចាញ់សន្លឹក ត្រីវរវឹកទឹកមិនថ្លា
កំណាញ់ក្រៅតំរា សោតសឹងអាប់ប្រយោជន៍យស។
នឹងឲ្យៗមើលភាព ឲ្យអ្នកទាបជាងអ្នកខ្ពស់
អ្នកទិញឈប់សិនចុះ ក្នុងតែរស់មិនស្លាប់ងាយ។
កំណាញ់ហួសកំណត់ ពាក្យអ្នកខ្សត់ខ្សបនិយាយ
ទេវតាផ្ដន្ទាទាយ រលាយអស់រលស់ឯង ។
សទ្ធាមើលធនធាន ជាតិអ្នកមានមិនអង្វែង
កំណាញ់ដោយកន្លែង ក្រែងគ្រោះក្រដល់ឆ្នាំក្រោយ។
អ្នកក្រខ្ចីនេះកុំ អ្នកមានសុំនេះគួរឲ្យ
អ្នកប្រាជ្ញអង្គាសញយ អស់ក៏ដោយឲ្យទៅចុះ។
អ្នកក្របានជាហាម ពិបាកតាមទៅឯណោះ
ទាល់ទឹកចូលច្រមុះ ច្រើនកើតឈ្លោះពីព្រោះយល់។
អ្នកមានគេមានខ្មាស សងរហ័សមិនអំពល់
ជួនយើងមានរវល់ គេស្គាល់មុខស្រណុកខ្ចី។
អ្នកក្រៗទាំងចិត្ដ ស្រូវឆ្មារល្ឥតឲ្យមើលល្អី
វាល់ល្អកន្ដាំងបី ទាន់ស្រូវថ្មីទារឆាប់បាន។
ជួនក្រែងឯងក្រវិញ ទោះដូរទិញមើលប្រមាណ
ជឿបុលខ្ចីសន្ដាន កុំហ៊ានពារកញ្ជើធំ។
ខ្លួនក្រកំចង់ធាត់ កុំងាកមាត់អាងតែសុំ
ជឿខ្ចីល្អីក្រមុំ ស្រូវឯងទុំស្រណុកសង។
បើជឿខ្ចីគេឲ្យ កុំទៅញយគេឲ្យខ្នង
ឯណេះឯណោះផង កុំច្រើដងគេមើលងាយ។
ក្រលុយកុំងុយដេក ចូលដំណេកកុំនិយាយ
សំពត់ញាត់សំពាយ រាយរើសរៀបញាត់សំពៀត។
រៀបដេកសំពះគុណ កុំដេកស៊ុនឲ្យប្រុងស្នៀត
ភ្លើងឆេះយប់អាធ្រាត្រ កណ្ដៀតទូលប្រមូលរត់។
ខ្លួនរាស្រ្ដក្រមាសប្រាក់ ភើចកន្រ្ដាក់អាវសំពត់
ទំរាំភ្លើងរលត់ ស្លៀកផ្គង់ផ្គត់សោះខ្មាសគេ។
កូនអើយគិតឲ្យគ្រប់ រៀងរាល់យប់កុំទំនេរ
ជាងដេកលក់ទទេ យល់សប្ដជេរបីសាចក្រៅ។
ទំលាប់មាត់មមើ ស្រែកថាយើៗ អៅៗ
ចោរខ្មាំងខ្មោចចិត្ដខ្មៅ ហៅមេខ្មៅវ៉ៃឲ្យខ្មុក ។
ដេកផ្អៀងជាងអង្គុយ ល្ងាល្ងាន់ល្ងុយកុំទ្រាំងក់
ពីល្ងាចដេកពុំលក់ មាន់រងាវជក់ស៊ីម្លូស្លា។
ជាងល្ងឹតឥតអំពើ ឥតអ្វីធ្វើសូត្រធម៌អាថិ
បើច្បាស់វិបស្សនា ស្មាស្មាធស្មឹងប្រឹងឲ្យស្មោះ
គងខ្នើយដេកកើយស្មុគ្រ គ្របឲ្យសុខសូត្រអំបោះ
កុំដាក់ដោយកៀនកោះ អស់នឹងសត្វកណ្ដៀរកោរ។
កណ្ដុរកន្លាតកាត់ ដល់កំណាត់ខានដេរខោ
ជួនកាលមានអាចោរ លលបលួចលីទៅបាត់។
កុំដាក់ឆ្ងាយប្រយោល ទុកជាចោលមិនប្រយ័ត្ន
ប្រយោជន៍យប់យាមស្ងាត់ បង្កាត់ភ្លើងបង្គោលគោ។
បង្ការក្រែងមូសខាំ ត្រូវចំណាំខ្យល់ជំនោរ
បាយកកផ្អកម្ហូបជោរ ឲ្យអាលោស៊ីចាំសេះ។
កំណើតឆ្កែញីឈ្មោល ដេកចំណូលតែនិងផេះ
រៀនប្រើមើលចំណេះ រិះចំណាំតាមកិរិយា។
ទោះប្រើកូនតូចធំ រឺប្រើខ្ញុំឲ្យធ្វើការ
ធ្វើកលយល់ប្រាជ្ញា អាណាហ៊ានប្រើទៅឆ្ងាយ។
អាខ្លាចប្រើតែជិត ឥតគំនិតប្រើរៀងអាយ
ខុសម្ដងកុំជេរម្ដាយ ពេលដល់បាយកុំនាំឈ្លោះ។
មនុស្សឃ្លានវាហ៊ានឆ្លើយ ស៊ីរួចហើយបន្ទោសចុះ
បានឆ្អែតប៉ោងពេញពោះ ស្ដីខុសត្រូវមិនសូវខឹង។
កូនអើយពាក្យអាពុក ចំណាំទុកពីត្រឹមណឹង
ធ្វើប្រុសឲ្យខំប្រឹង រៀនឲ្យដឹងស្គាល់ពុតស្រី។
មារយាទនិងមាយា ម្យ៉ាងចិត្ដជាចេះថ្នមប្ដី
ប្ដូរស្លាប់រស់វាហី យកពីរបីនេះមិនបាន។
កុំលោភច្រើនៗព្រួយ យកតែមួយសុខក្សេមក្សាន្ដ
ចិត្ដស្រីទាំងប៉ុន្មាន ហ៊ានប្រមូលម៉ៅមិនខុស។
មិនខូចគ្រប់តែស្រី ល្អពីបីចាំទុកចុះ
ជាតិស្រីលោភលើប្រុស នោះមិនខុសស្រីណាមួយ។
ខ្លាំងខ្សោយកុំឲ្យខ្សត់ ទោះនឿតហត់កុំលំអួយ
ធ្វើប្រុសតែងតែព្រួយ ស្រីមិនជួយកុំត្អូញត្អែរ។
ខ្លួនខ្លាំងកុំគិតខ្លាច ស្រីៗកាចស្លូតដោយខែ
រដូវធ្វើស្រូវស្រែ ចែប៉ប្រែស្ដីលើប្រុស។
ខែស្ទូងនិងខែច្រូត កាចរហូតដល់ខែបុស្ស
ខែបែនបោករលស់ រលីងអស់អំពីដី ។
ជញ្ជូនដាក់ជង្រុក ពូជពេញទុកស្បោងពីរបី
ដំណើបបួនដប់ល្អី ស្រីៗស្លូតហើយខែហ្នឹង។
ស្លូតផុតនៅខែមាឃ ស្ដីធ្ងន់ពាក្យមិនសូវខឹង
បើប្រុសៗមិនដឹង ប្រឹងតែព្រួតស្អប់ស្រីៗ។
ម្យ៉ាងទៀតមារយាទខូច មាយាបេះក្រូចមាយាដកខ្ញី
មានប្រុសសហាយថ្មី រឹតថ្នមប្ដីមិនឲ្យអាក់។
អីអើតែមាត់ក្រៅ ចិត្ដមួម៉ៅគ្មានត្រជាក់
ត្រីសាច់ល្អលួចលាក់ ដាក់តែឆ្អឹងឲ្យឯងស៊ី។
បញ្ជោរចេះបញ្ចើ បញ្ឆោតប្រើឯងវក់វី
វរវឹកព្រួតប្រុសពីរ ស៊ីទាល់ងាប់គាប់សងខាង។
មួយទៀតផិតកំលោះ ស្រលាញ់ស្មោះស្ម័គ្រអស់យ៉ាង
លោមប្ដីលាសំណាង ទាស់ក្អេងក្អាងទារសំបុត្រ។
បើប្ដីមិនព្រមលែង លបជំទែងជំទយរត់
មួយទៀតខូចបំផុត មាត់ឲ្យប្រុសសំលាប់ប្ដី។
ម្យ៉ាងទៀតមារយាទជា មានច្រើនគ្នាក្នុងលោកិយ
ប្រាកដពេញជាស្រី ប្រុសពីរបីស្មាលាកម្ម។
ស្លាប់រស់មួយនឹងមួយ មិនចង់ព្រួយយកប្រុសប្រាំ
ប្ដីស្លាប់បួនដប់ឆ្នាំ ចាំសីលទានមិនមែនទៀត។
ធ្វើបុណ្យផ្សងសច្ចា សុំប្រាថ្នាជួបរាល់ជាតិ
អុចធូបដេកឱបធាតុ កណ្ដៀតថោកោរកាន់ទុក្ខ។
និយាយពីពុតប្រុស ចូរចាំចុះជាទំនុក
ដំណតទៅមុខ អាពុកប្រាប់ឲ្យស្រីចាំ។
ប្រពន្ធមួយមិនស្កប់ ប្រពន្ធដប់គ្រាន់តែស្កាំ
កាចស្លូតរហូតឆ្នាំ រាំដរាបរាល់រូបា។
កាចម្យ៉ាងខាងល្ងាចព្រឹក រឿងបាយទឹកថ្នាំម្លូស្លា
កាចម្យ៉ាងខាងធ្វើការ ម្យ៉ាងទៀតណារឿងប្រចណ្ឌ។
ប្រជុំជាតិចិត្ដប្រុស ត្រូវនិងខុសជាកំណាន់
គំនិតល្អសំខាន់ ប្រកាន់មើលអិរិយាបថ។
ប្រចណ្ឌរាវរាលឈ្មោះ ច្រើនកើតឈ្លោះទៅជាខ្សត់
មួយឃើញជាក់ប្រាកដ ប្រកៀកចាប់ធ្វើទោសបាន។
លកលៃតែខាងប្រុស ប្រពន្ធខុសបង្អង់ខាន
ខូចម្ដងខាតប៉ុន្មាន រាប់អានឱបក្រសោបទៀត។
មួយលកលៃទាំងពីរ នៅរកស៊ីដោយសារញាតិ
ស្រីមាយាឥតមារយាទ ស្មាលាជាតិមិនឲ្យជួន។
ប្រចណ្ឌទាំងបីបទ គួរគួចកត់ទុកក្នុងខ្លួន
លក់ពីរពេញចំនួន គួនគុំទុកយកជាច្បាប់។
ប្រចណ្ឌហើយយកទៀត ហៅជួជាតិមារយាទអាប់
កូនណាយកតំរាប់ ស្លាប់នឹងស្រីៗមើលងាយ។
ទោសតិចកុំទាញផ្សំ ឃើញមិនចំកុំនិយាយ
កុំចាប់ស្ទើររវើរវាយ នាំឲ្យវល់អំពល់ចិត្ដ។
ពុតប្រុសនិងពុតស្រី ចប់សេចក្ដីពីក្បត់ផិត
រៀងរើសណាសុខចិត្ដ គិតសំគាល់រាល់រូបកាយ។
បើមានកូនក្រមុំ គួរតែកុំបណ្ដោយឆ្ងាយ
ឲ្យមើលនាយមើលអាយ ស្រេចនៅម្ដាយរក្សាកូន។
ប្រយ័ត្នកុំឲ្យឃ្លាត ភ្លាត់មារយាទមិនសុទ្ធសូន្យ
កុំទុកចិត្ដបងប្អូន ជីដូនមួយជួយរក្សា។
ក្រមុំមានម្រាក់មិត្រ មេមួយគិតនាំកិច្ចការ
កុំជឿចិត្ដនរណា មើលកិរិយានៃកូនឯង។
ទោះស្ទូងដកយប់ថ្ងៃ ដើរយកដៃដាច់សង្វែង
ប្រុសខូចលួចបន្លែង តែទាស់ភ្នែកបែកមេបា។
ច្រើនណាស់តែសែនខ្មោច កេរ្ដិ៍អាសោចផុតអាសា
នាំកូនឡើងសាលា គេថាឲ្យជំងឺចិត្ដ។
បើមានកូនប្រសា មិនទាន់ការគួរឲ្យប្រិត
កុំឲ្យបំរើឆ្ឥត អាណិតវាៗសងគុណ។
យប់ថ្ងៃចូលប្រតិបត្ដិ គាតក្រវាត់រត់រែកពុន
អាចនឹងច្រើនជឿមុន ស៊ុនអំពីឪពុកម្ដាយ។
រក្សាកូនប្រពន្ធ រកទ្រព្យធនចង់ធូរចាយ
ជួញជិតកុំជួញឆ្ងាយ ជួញរៀងអាយរក្សាគុណ។
អំពើបាបកុំរៀន កុំអៀនប្រៀនក្នុងការបុណ្យ
លាងទោសចេញជាមុន ទើបធ្វើបុណ្យចំរើនផល។
បើនឹងចង់គង់ទ្រព្យ កុំទំលាប់សាងអកុសល
របិញរបុញវៀចកាចកល់ ទេវតាផ្ដល់ផ្ដាច់ធនធាន ។
កុំឈ្នានិសអ្នកខ្សត់ កុំបំភ្លាត់ទ្រព្យអ្នកមាន
បើខ្លួនខ្សត់អត់ឃ្លាន រៀនតែរកតាមទៀងត្រង់។
ជួញខាងកុំឈប់ខាន បើចង់បានកុំខ្លាចបង់
ខ្លាចបាត់ឲ្យផ្ចិតផ្ចង់ ប្រុងថែទាំឲ្យមាំមួន។
កុំភ្លើធ្វើជាភ្លេច ភ្លាត់បន្ដិចខ្លាចក្រែងជួន
ក្រែងចោរចូលមកពួន លូនលបលួចយកទ្រព្យទៅ។
ប្រហែសតែងតែបាត់ ប្រុងប្រយ័ត្នតែងតែនៅ
គិតសព្វគ្រប់ដោយផ្លូវ សូវទ្រាំនឿយកុំទ្រាំក្រ។
នៅផ្ទះស្រះរបង របាចងឲ្យជាប់ល្អ
ប្រើប្រាស់ខ្ញុំកំដរ ឲ្យបរិភោគដោយខ្លួនឯង។
នឹងប្រើទៅហៅមក កុំគំហកយកកំហែង
កុំហាឡើងហង់ឯង ក្រែងកំហល់ទល់កំហឹង។
កុំហួសពាក្យសំដី ការអ្វីៗឲ្យចេះថ្លឹង
កុំប្រើព្រួតលើប្រឹង ក្រែងកើតខឹងវានាំខាត។
មនុស្សខឹងច្រើនៗខុស មនុស្សច្រើនឈ្លោះច្រើនប្រមាថ
ការល្អច្រើនត្រូវខ្នាត យើងចង់ស្អាតកុំខ្លាចយូរ ។
ចង់ប្រាជ្ញឲ្យខំប្រឹង ចងក្បិនតឹងរកស៊ីធូរ
គំនិតមុនគំនូរ រៀនមានគ្រូមានគេរាប់ ។
បំរើឪពុកម្ដាយ អ្នកនៅឆ្ងាយគេច្រើនគាប់
អ្នកណាបំរើខ្ជាប់ ធ្លាប់តែខុសមិនដែលត្រូវ ។
ជាតិមនុស្សទោះខ្ពស់ទាប មិនចោលភាពជាម៉ែឪ
ពាក្យមនុស្សវែងជាងផ្លូវ ស្រូវច្រើនខួបខូចអង្ករ ។
របស់ទ្រព្យថោកថ្លៃ ទុកសំចៃលៃឲ្យល្អ
អុងអាងពាងក្រឡ ត្រដរទិញកុំឲ្យខ្វះ ។
កើតមកជាខ្លួនរាស្រ្ដ ក្រប្រាក់មាសឲ្យមានខ្មាស
សារពើគ្រឿងប្រើប្រាស់ ឲ្យមានចាស់ឲ្យមានថ្មី។
ពូថៅដឹងកាំបិត ពន្លាកខ្វិតចបវែងខ្លី
ខ្សែសេះគោក្របី ឫ្សីផ្ដៅកាច់សង្រែក។
ការងាយកុំឲ្យក្រ អាក្រក់ល្អមានដោយឡែក
ថ្ងៃនេះរបេះបែក ស្អែកខំរើធ្វើជាឆាប់។
ឈ្មោះការប្រើលើដី កុំចាំស្រីតឿនប្រើប្រាប់
ឲ្យមានគ្រប់ប្រដាប់ ដំរាប់រាល់ឲ្យសល់ប្រើ ។
កុំខ្ជិលល្ងង់ខ្លៅពេក ឲ្យចេះដេកឲ្យចេះដើរ
ចេះសព្វគ្រប់ប្រសើរ កុំចង់ហើរហួសភាពខ្លួន ។
ចង់ក្ដីឲ្យរៀនច្បាប់ រស់និងស្លាប់ឲ្យចេះក្បួន
ចេះអ្វីចេះឲ្យមួន កុំបន្លំផ្សំនឹងគេ ។
កុំដេកចាំសំណាង កុំក្អេងក្អាងចាំបុព្វេ
ខំរកកុំទំនេរ រេរៀនរិះចេះឲ្យគ្រប់ ។
នឹងដើរស្វែងរកផល មិនទាន់ដល់កុំអាលឈប់
ឈានខ្លាំងពេកជំពប់ បើដេកយប់ឲ្យស្គាល់យាម។
កុំដេកយូរទ្រមឹក លក់ហួសព្រឹកខុសទំនៀម
តែភ្លឺឡើងភ្ញាក់ភ្លាម ព្រហាមឡើងក្រោកធ្វើការ ។
ជាតិមនុស្សទោះប្រុសស្រី រាស្រ្ដមន្រ្ដីជាធម្មតា
ពេលព្រឹកតែងអុស្សាហ៍ ថ្ងៃក្ដៅល្អាខ្ជិលល្ឥតឆ្អឹង។
ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង
ការអ្វីឲ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី។
កុំចង់ខ្ពស់ស្មើមេឃ កុំឱនពេកអាប់រាសី
ទោះដើរនិយាយស្ដី លៃតែល្មមឲ្យគួរសម។
យល់ឆ្ងាយកុំណាយគិត ទោះយល់ជិតកុំអាលខំ
មិនជាក់មើលឲ្យចំ ក្រែងច្រឡំសជាខ្មៅ ។
ទំលាប់ធំជាងច្បាប់ បើរៀនត្រាប់កុំត្រាប់ខ្លៅ
ត្រាប់ប្រាជ្ញអាចប្រដៅ ស្ដីកូនចៅស្ដីឲ្យស្មោះ។
ស្មឹងស្មឹលសិល្ប៍របៀន ឲ្យគេរៀនកុំឲ្យអស់
ស្រលាញ់កុំញេះញ៉ោះ បើខឹងទាស់កុំឲ្យទាយ។
ឆ្កែព្រុះកុំព្រួយពេក ឃើញឆ្កែដេកកុំមើលងាយ
កំណប់ដប់សំពាយ កុំនិយាយប្រាប់សម្លាញ់។
សំលឹងមើលឲ្យសព្វ បើនឹងស្អប់កុំអាលបាញ់
ក្ដីឈ្នះគេចុះចាញ់ កុំក្នាញ់តាមផ្ដន្ទាទៀត។
បើខឹងកុំរំលោភ បើនឹងល្មោភឲ្យល្មមមាឌ
កុំមាត់ក្រែងភ្លាត់ស្នៀត វាតហួសវង់ផុតគំនិត។
កំណើតអាក្រក់ល្អ មាននិងក្រពីគំនិត
ពីកាលបុព្វេពិត ងងឹតពេកមើលមិនយល់ ។
ដាំដូងឲ្យខំថែ ចង់ស៊ីផ្លែឲ្យដុតគល់
បើជួនសំណាងដល់ រវល់តែស៊ីឆ្ងាញ់ពិសា។
ប្រាជ្ញប្រិតប្រៀនប្រដៅ ចូរកូនចៅពិចារណា
រំពឹងក្នុងប្រាជ្ញា ស្រាយបញ្ហានេះឲ្យដឹង។
ចេះច្បាប់កេរកាលថ្មី អស់សេចក្ដីតែប៉ុណ្ណឹង
កូនប្រុសអ្នកខំប្រឹង សំលឹងចាំតទៅមុខ ។
ពីឆ្នាំចតទៅ ខំធ្វើស្រូវដាក់ជង្រុក
អាសូរពាក្យអាពុក ទុកឲ្យកូនចៅគ្រប់គ្នា ។
អាពុកកាន់តែចាស់ ស្ដាយខ្លួនណាស់ចូលជរា
ពាក្យពិតប្រាំរយឃ្លា ជាសូរេចម្ល៉េះឯងហោង។
អ្នកប្រាជ្ញភិរម្យល្បី លើច្បាប់ថ្មីអស់ល្បត់ល្បង
ឈ្មោះអូ ហៅ ង៉ុយផង ចងជាច្បាប់សំរាប់ជន ។
ខ្ញុំសូមផ្សងសច្ចា កើតជាតិណាសូមមានបុណ្យ
មូលកូនមូលប្រពន្ធ ធនសម្បត្ដិសំបូរចាយ ។
ស្មាលាក្រលំបាក សូមជៀសចាកចតុរាបាយ
សូមល្អពង្សរូបកាយ កុំឲ្យឆ្ងាយពីព្រះពុទ្ធ ។
ប្រាជ្ញាកុំទើសទាស់ ចេះអាថិធម៌ឲ្យមាំមុត
សូមជាប់សីលបរិសុទ្ធ រលត់ទុក្ខសោករោគភ័យ ។
អានិសង្សបុណ្យខ្ញុំបាន សាងប៉ុន្មានក្នុងលោកិយ
សម្បត្ដិសួគាល័យ កុំបីឃ្លាតរវាតវែងឆ្ងាយ ។
ពីជាតិនេះទៅមុខ មូលអាពុកជួបមូលម្ដាយ
បងប្អូនកុំខ្ចាត់ខ្ចាយ អធិប្បាយចែងចប់អេវំ ។

 

ច្បាប់ល្បើកថ្មី (បទកាកគតិ)

 

អ្នកព្រះភិរម្យ ភាសាអ៊ូខ្ញុំ បង្គំនឹកគុណ
ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃជាមុន គុណគាប់មហាធ្ងន់
មាតាបិតា។
ឧបជ្ឈាយ៍ជាធំ កាលចាប់ដៃខ្ញុំ ឲ្យធម៌កេស
អនុសាវន ព្រះកម្មវាចា គុណតួអក្ខរា
ទាំងសាមសិបបី។
ខែចែត្រឆ្នាំច ចត្វាស័កក កគិតកាព្យថ្មី
លើច្បាប់ប្រដៅ កូនចៅប្រុសស្រី តូចក្ដីធំក្ដី
ចូរស្ដាប់គ្រប់គ្នា។
ដ្បិតមនុស្សឥឡូវ យកខុសជាត្រូវ យកឆ្កួតធ្វើជា
អំពើអាក្រក់ ឡិកឡក់លីលា ព្រហើនពានពារ
អាងមាសអាងប្រាក់។
៥-អាងព្រើលអាងប្រាជ្ញ អាងកោងអាងកាច អាងកាប់អាងចាក់
អាងជើងអាងដៃ អាងវាយអាងធាក់ អាងគុកច្រវាក់
អាងម៉ាស៊ីនកាត់ក។
អាងសុទ្ធតែខុស កូនអើយចាំចុះ អាងនោះមិនល្អ
អ្នកគិតឲ្យល្អិត ដ្បិតស្រុកលោកក្រ ប្រមាណតំណ
តទៀតទៅមុខ។
សាសនានៅឆ្ងាយ លែងបានសប្បាយ មានតែកើតទុក្ខ
កើតទាន់លោកីយ៍ លឺតែទំនុក ដំណែលអាពុក
ចូរចាំគ្រប់គ្នា។
អ្នកជឿពាក្យចាស់ ជឿចាំឲ្យណាស់ កុំធ្វើបំពារ
អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកជា មនុស្សចោរប៉ោបៀ
កុំយកខ្លួនបៀត។
ឃើញរិកគេល្អ ទោះបីមានក្រ យកគេជាញាតិ
គួររាប់អ្នកក្រៅ ផៅអ្នកឯទៀត រាប់រើសមារយាទ
សុចរិតត្រឹមត្រូវ។
១០-រៀនបទរៀនបាទ កុំកោងហួសខ្នាត កុំភ្លាត់ខុសផ្លូវ
កុំភ្លើនភ្លេចម៉ែ កុំប្រែហួសឪ ឃើញចាស់សក់ស្កូវ
កុំសូវមើលងាយ។
បន្ទន់អាត្មា ខ្លាចមេខ្លាចបា ខ្លាចតាខ្លាចយាយ
បំរើមហាក្សត្រ ប្រយ័ត្នស្ដេចទាយ ពាក្យពិតទំនាយ
រលាយកេរ្ដិ៍ឈ្មោះ។
ពាក្យស្ដេចពាក្យគ្រូ មានប្រៃមានជូរ កំរពីរោះ
ជួនទាយឲ្យទាប ជួនទាយឲ្យខ្ពស់ ទាយឲ្យសក្ដិយស
ទាញចុះកុំខឹង។
បំរើមើលភេទ ចំណាំព្រះនេត្រ ហេតុខ្លួនឲ្យដឹង
ខ្លួនខ្ជិលហៃព្រើល លោកមើលសំលឹង សំលក់ឲ្យប្រឹង
ខំប្រិតសូត្ររៀន។
បំរើមើលពុត ប្រាជ្ញាឲ្យមុត ស្មារតីឲ្យមាន
បើខ្លៅឲ្យប្រាជ្ញ បើខ្លាចឲ្យហ៊ាន ចង់បានរបៀន
កុំអៀនកុំខ្មាស។
១៥-ពុតលោកថាធំ ជ្រងោប៉ុនភ្នំ ឯងមើលមិនច្បាស់
បំរើលោកណា លោកហ្នឹងជាម្ចាស់ លោកស្អប់អ្វីណាស់
ប្រាសចោលឲ្យឆ្ងាយ។
កុំឈមឈរជិត កុំយកធ្វើមិត្រ ភ្លាត់ខ្លួនអន្ដរាយ
បើប្រពន្ធកូន បងប្អូនចៅហ្វាយ អាពុកឬម្ដាយ
ឱនកាយប្រតិបត្ដិ។
អ្នកកុំមើលងាយ ឃើញគេរីករាយ ព្រួយខ្លួនប្រយ័ត្ន
ត្រកូលញាតិផៅ កូនចៅមហាក្សត្រ ស្មើថ្លើមប្រមាត់
ប្រមាថមិនបាន។
ទោះអ្នកដទៃ អ្នកព្រៀងអ្នកព្រៃ ដែលលោករាប់អាន
កុំថាតែមនុស្ស ទោះសត្វតិរិច្ឆាន ឯស្អប់មិនបាន
ជួយថែរក្សា។
របស់រឺទ្រព្យ ដែលជាសំអប់ កុំបាច់សំអាត
ទ្រព្យណាសំលាញ់ អស់អញឱហាត ចូរចៅសង្វាត
ជួយថែរក្សា។
២០-កុំជិះកុំជាន់ ស្មៅផ្ទីអាចម៍មាន់ ពាក្យចាស់ឧមា
បុរាណហៅផ្ទី ពីរបីប្រការ កុំស៊ីត្រង់ណា
ជុះដាក់ត្រង់ហ្នឹង។
សាច់សាលោហិត កុំផ្ដួលផ្ដេកផ្ដិត ផ្ដួចទោសកើតប្ដឹង
អាពុកផ្ដែផ្ដាំ ចូរចាំចេះថ្លឹង សាច់ថ្លើមសួតឆ្អឹង
និងស្បែកខាងក្រៅ។
សាច់សួតក្នុងខ្លួន ទុកស្មើបងប្អួន ប្រពន្ធកូនចៅ
សរសៃនិងស្បែក ចែកជាញាតិផៅ ខ្ញុំស្រីខាងក្រៅ
ជាស្មៅអាច់មាន់។
ស្រីខ្ញុំកំដរ បើឃើញរូបល្អ កុំលលូកលាន់
កុំលួចលបលេង ក្រែងម្ចាស់គេទាន់ កុំភប់កុំភាន់
អាប់អន់អាត្មា។
បើអ្នកមានយស មានសក្ដិខ្ពង់ខ្ពស់ គាប់នឹងរាជការ
ធ្វើធំធ្វើថី មន្រ្ដីមានត្រា ព្រះហ្លួងឧកញ៉ា
សាលាកុង្សីយ៍។
២៥ – ចេះច្បាប់បារាំង កុំភ្លេចសច្ចំ កតញ្ញូខន្ដី
កុំឆ្មើងហួសមាឌ ភ្លេចញាតិប្រុសស្រី ជំនុំកាត់ក្ដី
យកឧបេក្ខា។
កុំកាន់សីហលោ កុំកាន់លោភោ ទោសោមោហោ
កុំជក់អាភៀន កុំឃ្លានផឹកស្រា កុំស្អប់ត្រង់ណា
សច្ចាយកត្រង់។
ល្អងលោមពិសោធ កុំឆបញ្ឆោត បញ្ចូលឲ្យបង់
ឲ្យបែកឲ្យបាក់ ពាក្យសត្យពាក្យសង្ឃ កូនអើយផ្ចិតផ្ចង់
តំរង់ស្មារតី។
កុំភ្លើនឃើញប្រាក់ កុំភ្លើភ្លាត់សក្ដិ ធ្លាក់ទៅអវចី
កាន់ធម៌ទសពិធ រឹតឡើងរាសី គាប់ពីលោកិយ៍
ដល់បរលោកនាយ។
អ្នកក្ដីជាភ្លើង កុំកាត់ជាន់ជើង អ្នកម្ខាងមើលងាយ
ចៅក្រមជាទឹក រលឹករំលាយ កុំជេរកុំវាយ
បង្ខំនាំខុស។
៣០ – ចោរលួចចោរប្លន់ រីចោរស្ម័គ្រស្មន់ តណ្ហាស្រីប្រុស
កុំស្អប់ខាងណេះ បញ្ឆេះខាងណោះ លួងលោមបញ្ចុះ
បញ្ចូលចិត្ដក្ដី។
កុំដុតឲ្យក្ដៅ បើឃើញអ្នកខ្លៅ ប្រាជ្ញាគ្នាខ្លី
កុំឃើញប្រាក់ប្រុស បន្ដុះខាងស្រី បើកាន់ច្បាប់ថ្មី
កុំចោលច្បាប់ចាស់។
កុំដៀលអ្នកស្រែ ត្រកូលឯងខ្មែរ កុំប្រែក្រលាស់
ក្រលេកមើលគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់
កុំត្មះអ្នកក្រ។
អ្នកកុំភ្លេចគុណ គ្រូលេខនព្វន្ដ គ្រូសូត្រអក្សរ
កុំចាប់ដៃទាញ គំនាប់ងក់ក កុំជជែកត
ស្មើមិត្ដសំលាញ់។
រាស្រ្ដរត់ចូលជ្រក សួរសាចទៅមក កុំអើឯងអញ
ពាក្យពុំពិរោះ គេកើតមួក្នាញ់ គេដៀលផ្ចាលផ្ចាញ់
អន្ដរាយកេរ្ដិ៍ឈ្មោះ។
កុំឆ្មើងអាងបុណ្យ ស្រដីឲ្យទន់ ពោលពាក្យពិរោះ
ខ្លួនអ្នកនឹងថ្កើង នឹងឡើងសក្ដិយស កុំឆ្លៀតនាំឈ្លាះ
ញុះញង់អ្នកធំ។
កុំស្អប់អ្នកតូច បើឃើញគ្នាខូច គួរគិតប្រមុំ
ទោសគ្នាតិចតួច ផ្ដួចឡើងជាធំ ផ្សែងពួតជាដុំ
ផ្លុំឆេះជាភ្លើង។
កុំភ្លើនភ្លេចខ្លួន ចេះសាសន៍ចិនយួន កុំចោលខ្មែរយើង
កុំធ្វើក្រអើត កុំពើតកុំពើង កុំពាក់ស្បែកជើង
ចូលវត្ដលោកសង្ឃ។
ដោះមួកដាក់ឆ័ត្រ ឱនកាយប្រតិបត្ដិ លំអុតឱនអង្គ
កុំស៊ីតាមឃ្លាន កុំហ៊ានតាមចង់ កាន់ច្បាប់ស្រុកហ្វង្ស៍
កុំបង់សាសនា។
កុំចង់ថ្កើងពេក កុំលើកដំណេក ហួសមេហួសបា
តែងខ្លួនឲ្យល្មម មើលពូជពង្សា សង្ខេបនិដ្ឋិតា
រឿងផ្គប់បុណ្យសក្ដិ។
៤០ – បើទៅជារាស្រ្ដ ប្រាជ្ញាវៃឈ្លាស គូរវាសឆ្លកឆ្លាក់
ឲ្យឆ្លៀតរែកពុន បើធ្ងន់សុំដាក់ ខំរកមាសប្រាក់
ឲ្យគ្រាន់ទាន់ចាយ។
រាជ្យបារាំងសេស កូនកុំប្រហែស កុំថ្នមរូបកាយ
ដើរគិតដេកគិត ជួញជិតជួញឆ្ងាយ បើចង់សប្បាយ
ស្រេចនៅមានទ្រព្យ។
រាជ្យហ្លូងពីមុន រកស៊ីរែកពុន មានក្រតាមភ័ព្វ
រាជ្យលោកឥឡូវ ត្រូវខំឲ្យញាប់ តែខ្ជិលច្រើនជាប់
ខ្នោះជើងខ្នោះដៃ។
តាំងពីឆ្នាំច ចាំជាដំណ ទំនិញឡើងថ្លៃ
ចងក្បិតឲ្យតឹង ប្រឹងកុំសំចៃ សញ្ជឹងយប់ថ្ងៃ
កុំឲ្យក្រខ្សត់។
បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់
កុំចេះស្ទាក់ស្ទើ ល្ងីល្ងើឥតបទ បើចេះប្រាកដ
ប្រាក់រត់តាមហៅ។
៤៥ – កុំថ្នមកំលាំង កាប់ជីកចូកចាំង កុំថារងាក្ដៅ
រៀនអ្វីឲ្យឆ្អិន កុំឲ្យខ្លោចឆៅ កុំដេកតែខ្លៅ
ក្រក្រៅសន្ដាប់។
បើល្ងង់ឲ្យចេះ រករៀនតំរិះ រិះរកតំរាប់
អិន្រ្ទីឆ្វេងស្ដាំ កុំចាំគេប្រាប់ រៀនស្ដីរៀនស្ដាប់
រៀនមើលឲ្យស្ដែង។
កើតមកជាមនុស្ស ទាំងស្រីទាំងប្រុស មិនដែលចេះឯង
បើក្រឲ្យមាន វិញ្ញាណចេះក្រែង គិតគ្រប់កន្លែង
កុំដេកតែក្រ។
កុំប្លន់កុំលួច កុំខ្ជិលកុំខូច កុហកឆូវឆ
បោកប្រាសយកប្រាក់ ច្រវាក់ជាប់ក កាន់មារយាទល្អ
សុច្ចរិតត្រឹមត្រូវ។
កូនអើយរកស៊ី កកាយធរណី ធ្វើស្រែយកស្រូវ
កុំតាមអ្នកណា បាតាមតែឪ លើកភ្លឺជិតផ្លូវ
កុំស្រាស់បន្លា។
៥០ – គេដើរយប់ថ្ងៃ មុតជើងមុតដៃ ដឹងចៀសទៅណា
ចៀសចុះជាន់ស្រូវ ហើយជេរផ្ដាសា កូនម្ដាយអាណា
ស្រាស់ដើរមិនរួច។
កុំយកគល់ឈើ ទៅដាក់ពីលើ ទោះធំទោះតូច
ជំពប់ជើងគេ គេថាឯងខូច ជេរដៀលដល់ពូជ
ប្រដូចមេបា។
លើកភ្លឺឲ្យធំ បង្ហាប់ឲ្យមាំ គាប់ភ្នែកទេវតា
ស្មើបានសង់ស្ពាន នឹងមិនផលា កើតសាធុការ
អាយុយឺនវែង។
កូនអើយធរណី បើតាមគម្ពីរ ដែលលោកសំដែង
កុំចង់បានធំ ក្រមុំឆ្វេលឆ្វែង កុំលើកដីឯង
លបដាក់ស្រែគេ។
អំពើអាក្រក់ មួយចំរៀកសក់ ធ្លាក់ទៅនិរយេ
បច្ចុប្បន្នលោកិយ៍ កើតក្ដីវាយជេរ មិនដែលសុខទេ
ព្រោះដីមួយហត្ថ។
៥៥ – កុំជួញចង់ទាស់ ខូចខាតរបស់ អស់ទ្រព្យសម្បត្ដិ
ចង់គង់ប្រយោជន៍ ឲ្យចេះប្រយ័ត្ន ពាក្យឪមួយមាត់
ឲ្យគិតមួយម៉ោង។
សំអាតផ្ចិតផ្ចង់ លើកភ្លឺឲ្យត្រង់ កុំលើកឲ្យកោង
អ្នកកុំប្រហែស ក្រែងមានប្រហោង លើកមើលទំនង
ទំនាបទឹកហូរ។
ចំនួនទឹកស្ទឹង ទឹកព្រែកទឹកបឹង ទឹកវាលទឹកអូរ
អ្នកលើលិចស្រូវ ត្រូវបើកបង្ហូរ អ្នកក្រោមកុំថ្ងូរ
បន្ធូរហួសទៅ។
រាំងរឹងថ្ងៃយប់ កុំឲ្យបាក់ជ្រៅ ឆាប់លើកឆាប់ទប់
កត្ដឹកចេញខ្យល់ តំកល់ទឹកនៅ បើចង់បានស្រូវ
ស្រេចនៅត្រឹមថែ។
កុំយកគ្រាប់ត្នោត ទៅដាំទៅដោត ពីលើភ្លឺស្រែ
ចិត្ដគិតប្រមាណ ចង់បានផ្កាផ្លែ ដាំដុះដង្ហែ
បង្ហិនខ្លួនឯង។
៦០ – ដល់ត្នោតឡើងគល់ ឡើងកើតនាំខ្វល់ ធាងលូតឡើងវែង
ភ្ជួររាស់ជាប់នឹម ក្របីជាប់ស្នែង ទទើសទទែង
ភ្ជួរឆ្វេងមិនត្រូវ។
ដល់ត្នោតវាធំ មានស្លឹកវាទុំ វាជ្រុះក្នុងស្រូវ
ស្រែឆ្ងាយពីផ្ទះ ឃ្លាតណាស់ពីផ្លូវ ទំរាំតែទៅ
រលួយស្រូវអស់។
កូនអើយកុំឆោត បើចង់បានត្នោត ដាំដោយកៀនកោះ
ដីទួលចំការ ឯណាចន្លោះ ដាំជារបស់
ជាយជួររបង។
របៀបចំការ ថែទាំរក្សា យូរៗស្រាស់ម្ដង
ស្រាស់ឲ្យត្រូវជួរ មើលគួរសមផង កុំបើកមុជឆ្លង
ទៅស្រាស់ខាងក្រៅ។
មិនគាប់ប្រសើរ របងវាដើរ អ្នកម្ខាងវាក្ដៅ
កើតក្ដីកើតក្ដាំ អស់ខោអស់អាវ ខឹងអស់ញាតិផៅ
ពីព្រោះចំការ។
៦៥ – មួយទៀតរបង ជិតផ្លូវអ្នកផង គេទៅណាៗ
ធ្វើឲ្យទូលាយ កុំរាយបន្លា កាប់ឆ្កេះទាត់ឆ្ការ
ឲ្យឆ្ងាយពីផ្លូវ។
កុំធ្វើចង្អៀត ក្រែងយប់អាធ្រាត្រ ខ្លះមកខ្លះទៅ
ចៀសគ្នាមិនរួច បើកបរកាត់ស្រូវ ជេរម្ដាយតាមផ្លូវ
រហូតដល់ផ្ទះ។
កូនអើយអ្នកចាំ អ្នកកុំចងកម្ម មានពៀរច្រើនណាស់
ជាតិក្រោយខ្វក់ខ្វិន កខ្វេះកខ្វាស សូវចោលដីខ្លះ
មិនខាតប៉ុន្មាន។
កុំខ្លាចតែក្រ ធ្វើរិកមិនល្អ ច្រើនកើតរឱស្ថាន
រអែករអោក បាត់ញាតិសន្ដាន ឥតគេរាប់អាន
មានតែគេស្អប់។
កាន់រិកឲ្យខ្ពស់ ឲ្យខ្ពើមពាក្យឈ្លោះ ទើបបានជាគាប់
យកឆោតដាក់ខ្លួន ច្រើនមានគេរាប់ បើខ្លួនឥតទ្រព្យ
កុំធ្លាប់ហ៊ានខ្ចី។
៧០ – គ្រប់ការសារពើ ចង្អេរកញ្ជើ កន្ដាំងតៅល្អី
រនាស់រទេះ គោសេះក្របី បើបានជាខ្ចី
ខ្ចីប្រាក់គេទិញ។
យកមករកស៊ី ខែមួយខែពីរ សងប្រាក់គេវិញ
របស់បានយើង ជាជើងជួញចេញ ឯទ្រព្យនោះមិញ
ពេញជាទ្រព្យឯង។
កុំខ្ចីគេប្រើ តែមួយដំណើរ មិនយូរអង្វែង
ជួនជាបាក់បែក ជជែកទាស់ទែង សងគេមិនលែង
ចាស់ផ្លាស់ជាថ្មី។
កើតមកជាប្រុស គិតឲ្យសព្វសុស កុំឲ្យសល់អ្វី
បួសរៀនធម៌អាថិ សាស្រ្ដាបាលី បរលោកលោកិយ
កុំបីចន្លោះ។
សឹកមករកស៊ី កកាយធរណី ធ្វើជាគ្រហស្ថ
កុហកជឿបុល បំណុលរុំកោះ ច្រើនគេដាក់ខ្នោះ
អស់ស្រែចំការ។
៧៥ – ធ្វើរាស្រ្ដរកស៊ី ចិញ្ចឹមគោញី ថែទាំព្យាបាល
ក្រហេតុពីខ្ជិល មានត្បិតអុស្សាហ៍ អ្នកមានប្រាជ្ញា
មិនស្មើគំនិត។
កំណើតសំណាង សំណូមសូមសាង កកើតពីគិត
ពីកាលជាតិមុន បុណ្យព្រេងអតិត កើតរូបគំនិត
ទើបកើតសំណាង។
ឯមនុស្សសំណល់ ល្ងង់ល្ងើងឿងឆ្ងល់ ទាស់ទែងក្អេងក្អាង
ដប់ឆ្នាំនេះហើយ ប្រកាន់ម្យ៉ាងៗ ខ្លះអួតសំណាង
ខ្លះអាងគំនិត។
កូនចៅប្រុសស្រី រកប្រពន្ធប្ដី ឲ្យរកស្រុកជិត
បើរកស្រុកឆ្ងាយ ឲ្យម្ដាយពិនិត្យ ឲ្យត្រឹមត្រូវពិត
ពូជពង្សាវតារ។
កូនអើយអ្នកចាំ កុំជឿខែឆ្នាំ កុំជឿតំរា
ពាក្យក្បួនទាំងឡាយ កើតពីមនុស្សចារ ពីដូនពីតា
ចារតាមសំគាល់។
៨០ – អ្នកជឿតែពូជ អំបូរធ្លាប់ខូច វាខូចរាងរាល់
ពូជមានវាមាន ពូជទាល់វាទល់ កុសលអកុសល
យើងមើលមិនជាក់។
ប្រពន្ធនិងប្ដី អាយុវែងខ្លី យើងមើលមិនច្បាស់
កុំយកពូជល្បែង ពូជភ្លេងអារក្ខ បើម្ង៉ៃបង់ប្រាក់
រកអាយុវែង។
អំបូរពង្សពូជ ត្រកូលធ្លាប់ខូច វាខូចមិនលែង
ពូជចោរស្រីៗ យកប្ដីចិត្ដឯង មិនគិតកោតក្រែង
ខ្លាចចិត្ដមេបា។
កូនចៅស្រីៗ បើនឹងយកប្ដី ឲ្យមើលកិរិយា
មួយភ្លេងអារក្ខ មួយអ្នកបាណា មួយអ្នកផឹកស្រា
មួយអ្នកចង់ស្រី។
មួយអ្នកក្រមាច់ លេងផោមលេងអាច់ ច្រើនអាយុខ្លី
ប្រកាច់ដាច់លក្ខណ៍ ជាន់អារក្ខព្រៃ មួយគឺមន្រ្ដី
ធ្វើក្រមជំទប់។
៨៥ – ជំទយតែដើរ មេស្រុកគេប្រើ ទាំងថ្ងៃទាំងយប់
មានមួកខ្វះឆ័ត្រ កំរមានគ្រប់ មួយទៀតកុំភប់
ជួញប្រាំប្រការ។
ប្រាកដជាខុស លក់សត្វទាំងរស់ មិនចេះអនិច្ចា
សព្វសត្វអ្វីៗ បក្សីបក្សា ព្រាត់មេព្រាត់បា
ទេវតាលោកលក់។
លោកិយនេះខ្សត់ យម្ភបាលគេកត់ នៅស្ថានរក
មួយហួយអាប៉ោង ប៉ោបៀគ្រប់មុខ កូនអើយចាំទុក
ក្រគ្រប់ប្រាំបី។
ឯអ្នកទាំងអស់ រកស៊ីម៉េះម៉ស់ ច្រើនជាងស្រីៗ
ប្រាជ្ញានោះវែង គំនិតនោះខ្លី ប្រពន្ធជេរស្ដី
អាងឈ្លោះបំពាន។
នេះពូជអ្នកក្រ រស់ទាំងត្រដរ ទាំងអត់ទាំងឃ្លាន
ធ្វើគុណនឹងគេ រកគេសងគ្មាន ហេតុនេះកុំរៀន
ទាំងប្រាំបីផ្លូវ។
៩០ – យ៉ាងអ្នកនេសាទ មិនដែលសង្វាត ធ្វើស្រែបានស្រូវ
ប្រព្រឹត្ដសាងកម្ម ប្រចាំរដូវ វង្វេងខុសត្រូវ
ព្យាយាមសំលាប់។
អន្ទាក់ជង់កុក អង្រុតឈ្នាងឈ្នក់ គ្រប់គ្រឿងប្រដាប់
ថ្លុកបៀត្រពាំង ទប់បាំងបាចចាប់ ចោលស្រូវកណ្ដាប់
កណ្ដុរកាត់អស់។
កំពប់ខ្ចាត់ខ្ចាយ ខូចខាតអន្ដរាយ មិនស្ដាយស្រណោះ
យប់រវល់ប្របក់ ចង់បានត្រីរ៉ស់ ខែភ្លឺរវល់ឆ្លុះ
ដើរដេញសំពោច។
វក់តែសប្បាយ ដើរដេញទន្សាយ ដើរចងសន្ទូច
អំពើអស់នោះ ច្រើនខ្វះស្រូវពូជ ធ្វើបានតិចតួច
អាងជឿគេស៊ី។
កូនអើយបំណុល ចងការជឿបុល មួយឡើងជាពីរ
អ្នកភ្លេងអារក្ខ ច្រើនទឹមគោញី ធ្វើស្រែមួយពីរ
ធ្វើសោះតែខាន។
៩៥ – ថ្ងៃដេកក្រភ្ញាក់ យប់លៀងអារក្ខ ឈឺឆ្អាលសន្ដាន
គេស្ដីគេពឹង នឹងឈប់មិនបាន គេរករាប់អាន
កាលមានធុរៈ។
ផ្លុំប៉ីកូតទ្រ ស្រែកច្រៀងវាយស្គរ មិនបានលុយកាក់
ឯងពឹងគេវិញ គេគ្មានជំពាក់ ពឹងបានម្នាក់ៗ
ដោយសារឲ្យថ្លៃ។
ឡើងត្នោតភ្ជួរស្រែ កំរទាន់គេ ដ្បិតដេកដល់ថ្ងៃ
ច្រូតកាត់ចង់ឆាប់ ជួលគេពេញថ្លៃ ចំណេះចង្រៃ
នាំខាតធ្វើការ។
ឯខ្មោចអារក្ខ ស្លាប់ដប់រស់ម្នាក់ ថ្វាយចេកថ្វាយស្រា
សំពះនឹកគុណ ខ្មោចប្រេតដូនតា មិនដែលអ្នកណា
នឹកគុណអ្នកភ្លេង។
ឯអ្នកប្រមឹក ប្រមូលកនផឹក ធ្វើភឿននឹងក្មេង
សំដីច្រើនតឹង ស្រវឹងវង្វេង ចំហរអួតក្អេង
មិនចេះក្រខ្សត់។
១០០ – អួតទាំងបំពាន ផឹកម្ង៉ៃលុយមាន ផឹកម្ង៉ៃលុយអត់
ឯងចេះតែកិន ចិនគិតតែកត់ ផឹកដល់កំណត់
យកស្រែបញ្ចាំ។
សល់ថ្នាលមួយពីរ វាយគោស្ងោរស៊ី មិនគិតខ្លាចកម្ម
ផឹកជ្រុលហួសល្បត់ អត់បាយរាប់ឆ្នាំ អស់ស្រែបញ្ចាំ
បញ្ចាំកូនទៀត។
កំណើតផឹកស្រា ផឹកផុតមេត្ដា ផឹកជ្រុលហួសមាឌ
អ្នកមួយផឹកស្ទើរ ល្ងីល្ងើចេះឆ្លៀត ម្យ៉ាងផឹកផុតមារយាទ
ច្រើននៅខ្ញុំចិន។
រែកទឹកពុះអុស វាទុញវាតុះ ចាក់កែវផឹកសិន
ស៊ូរែកខំអត់ សំពត់ខើចក្បិន ទំរាំបាយឆ្អិន
ចិនដួសហៅស៊ី។
ឆ្ងាញ់តែម្នាក់ឯង ឆ្អែតហើយខំស្វែង ខំលើកខំលី
ដងទឹកស្រោចគ្រប់ ស្រោចខ្ទឹមម្ទេសជី ខ្ញុំចិនម្ង៉ៃពីរ
វិលទៅរវាំងផ្ទះ។
១០៥ – ឯអ្នកចង់ស្រី ប្រពន្ធពីរបី ថាឯងអ្នកណាស់
គន់ឯសំពត់ តែមួយបន្លាស់ ពាក់អាវបំណាស់
កំរមានថ្មី។
ផ្ទះលេចវាលល្វឹង ជញ្ជាំងចងហ៊ឹង ស្លាធ័របាយសី
ខួចប្រេងក្រមួន ម្លូស្លាបារី កំលោះពីរបី
ចោមរោមរៀនស្នែហ៍។
រៀនស្នាលរៀនស្និទ្ធ កើតក្ដីពីក្ដិត ព្រួយចិត្ដម៉ែឪ
កូនអើយប្រពន្ធ អាងមន្ដពូកែ ត្រូវគុករាប់ខែ
អស់ស្រែត្រពាំង។
ធម្មតាប្រពន្ធ បានដោយសីលមន្ដ ដោយស្ងាត់កំបាំង
រកស៊ីលៀនភ្នែក បានវែកខ្វះឆ្នាំង បានល្អីកន្ដាំង
នៅខ្លះចង្អេរ។
បាននេះខ្វះនោះ ក្រហេតុពីព្រោះ អាពុកម្ដាយជេរ
បើចូលជំនុំ មិនរម្យដូចគេ អង្គុយវេះវេរ
មិនហ៊ានហាលមុខ។
១១០ – នេះពុតអ្នកក្រ ចាំជាតំណ តជាទំនុក
ប្រយ័ត្នដំនៀល គេដៀលអាពុក កូនអើយចាំទុក
ចាំតកូនចៅ។
រក្សាពូជពង្ស បើខ្លួនល្ងឹតល្ងង់ ស្ដាប់ចាស់ប្រដៅ
កុំស្អប់អ្នកប្រាជ្ញ កុំខ្លាចអ្នកខ្លៅ បើមនុស្សឆោតឆៅ
កូនឯងកុំភប់។
កុំភ័យខ្លាចអត់ មើលឲ្យប្រាកដ គួរយកគួរឈប់
គួរឈានគួរឈោង តោងមើលឲ្យគ្រប់ កុំចេះតែងប់
មិនស្ដាប់ឪម៉ែ។
រកប្ដីប្រពន្ធ ឲ្យគិតឲ្យគន់ ឲ្យមើលថួនថែ
ត្រកូលក្រខ្សត់ ប្រាកដតាមខ្សែ បីដូចឈើផ្លែ
មិនដែលចេះក្លាយ។
ជូរផ្អែមធំតូច ដើមក្រូចផ្លែក្រូច ដើមស្វាយផ្លែស្វាយ
ពូជស្រីចោរក្បត់ មិនអត់សាហាយ ពូជស្រីមេម៉ាយ
ពីម្ដាយដល់កូន។
១១៥ – រើសពូជមិនខុស ពូជសាំងនិងប្រុស ទាំងអស់បងប្អួន
ពូជសែនមេបា ពីតាដល់ដូន ពូជល្អសុទ្ធសូន្យ
ពីដូនដល់ចៅ។
រករូបមិនក្រ អាក្រក់ហើយស មារយាទល្អហើយខ្មៅ
ស្រីក្មេងមានខ្មាស ប្រដូចតាមផៅ ចាស់ចង់ប្រដៅ
មិនសូវខុសខាន។
ពាក្យចាស់លោកថា ធ្វើស្រែចំការ ស្ដាប់មហាសង្រ្កាន្ដ
ធ្វើម្ដងខុសខាត ធ្វើម្ដងទៀតបាន ធ្វើតាមប្រមាណ
ប្រមើលទឹកភ្លៀង។
រកប្ដីប្រពន្ធ ឲ្យគយឲ្យគន់ រើសរករូបរាង
ពូជថ្លៃល្មមយក ពូជថោកល្មមវាង រូបល្អរិកល្អៀង
នាងកុំប្រសព្វ។
ជាតិស្រីនិងប្រុស បើបានជាខុស ខុសទាល់ថ្ងៃងាប់
បើបានរូបល្អ កំរមានភ័ព្វ មានខុសមានគាប់
ដូចស្រែចំការ។
១២០ – មួយទៀតអ្នកចាំ អាពុកចំណាំ ទុកជាតំរា
កុំយកតំរាប់ កុំស្ដាប់អាចារ្យ បើនឹងរៀបការ
កុំការប្រធួន។
ប្រជែងវេលា លឺស្គរឆ្លើយគ្នា ប្រទប់ប្រទួន
ស្រុកជិតភូមិផង របងដោយខ្លួន អាចារ្យអាងក្បួន
ថាសុខសប្បាយ។
កូនអើយអ្នកចាំ យូរណាស់៤ឆ្នាំ ព្រាត់ប្រាស់អន្ដរាយ
ច្រើនស្លាប់បីនាក់ រស់ម្នាក់មេម៉ាយ កូនឃើញតែម្ដាយ
មិនឃើញអាពុក។
មានកាលស្លាប់ស្រី ស្លាប់ចោលកូនខ្ចី ប្ដីនៅរងទុក្ខ
យកប្រពន្ធទៀត កំរពេញមុខ កូននិងអាពុក
បែកគ្នាខ្ចាត់ខ្ចាយ។
កូនចៅស្រីៗ បើនឹងយកប្ដី កុំយកពោះម៉ាយ
សូវនៅម្នាក់ឯង បន្លែងនឹងម្ដាយ អាណិតរូបកាយ
ស្ដាយខ្លួនក្រមុំ។
១២៥ – ហៅប្រុសអភ័ព្វ ប្រពន្ធដើមស្លាប់ មានកូនតូចធំ
យកឯងជាចុង បំរុងតែយំ ច្រើនឈ្លោះជំនុំ
ព្រួយចិត្ដម៉ែឪ។
ហៅប្រុសចិត្ដពីរ ពិបាករកស៊ី រញាំរញ៉ូវ
ឯងនឿយស្ទើរស្លាប់ ផ្គាប់ចិត្ដមិនត្រូវ បីបួនរដូវ
ខ្លួនឯងស្លាប់ទៀត។
ចង្រៃខាងប្រុស កូនអើយចាំចុះ កុំយកខ្លួនបៀត
ស្រីណាខំយក ស្រីនោះបង់មារយាទ ប្រុសព្រួយខ្ចប់ធាតុ
ខ្ចប់គ្រប់ជាបី។
យកទៀតជាបួន គ្រោះដល់ស្លាប់ខ្លួន មេម៉ាយខាងស្រី
ប្រាកដមិនខុស ប្រុសក្នុងលោកិយ ស៊ូនៅអត់ប្ដី
ស្លាប់រស់រូបមួយ។
បើខ្លួនកំព្រា រំពឹងមីងមា រកស៊ីមិនព្រួយ
កាន់មារយាទល្អ មិនក្រគេជួយ បងប្អូនកូនក្មួយ
រត់ចូលឲ្យប្រើ។
១៣០ – ពោះម៉ាយមានបី កុំយកធ្វើប្ដី មិនគាប់ប្រសើរ
អាមួយស្រីលែង ស្រីគេគ្រាន់បើ ពោះម៉ាយក្លាយដើរ
អាងលែងប្រពន្ធ។
ពោះម៉ាយទាំងអស់ កុំយកឲ្យសោះ ហៅប្រុសទូរជន
ទូរជាតិអប្រិយ ស្រីកើតទុក្ខធ្ងន់ ហៅមួយជំនាន់
ចំណាំមិនខុស។
កំលោះចាស់យូរ ចាស់ទុំគេប្ដូរ ល្មមព្រមយកចុះ
រកស៊ីមានបាន សុខសាន្ដឥតឈ្លោះ ចំរើនរូបរស់
អាយុយឺនយូរ។
កុំយកប្ដីប្អូន ថោករាសីខ្លួន រកស៊ីមិនធូរ
គេហៅឯងធំ សមហៅគេពូ ច្រើនខ្ជិលមូទូ
ម៉េះម៉ស់នឹងល្បែង។
វាច្រើនមើលងាយ ហៅស្ដីនិយាយ ហៅហងហៅឯង
ខ្លួនយើងជាស្រី ស្រដីឥតក្រែង យល់គេប្អូនឯង
ឯងមើលងាយជេរ។
១៣៥ – ពាក្យចាស់លោកចង ប្ដីទុកស្មើបង ប្រពន្ធស្មើម៉ែ
មើលងាយរាល់ថ្ងៃ ចង្រៃរាល់ខែ រកស៊ីធ្វើស្រែ
ច្រើនខាតគ្រាប់ស្រូវ។
គួរយកប្ដីបង ពាក្យចាស់លោកចង ទុកប្ដីស្មើឪ
ខ្លួនឯងប្រមាថ ប្រតិបត្ដិឲ្យត្រូវ រាសីគង់នៅ
ទេព្រិក្សរក្សា។
ប្រពន្ធនិងប្ដី ធំស្រេចនឹងស្រី គត់គង់ភរិយា
ឈ្លោះហើយច្រើនខ្សត់ ស្រីអត់លក្ខិណា ប្ដីខ្ជិលអុស្សាហ៍
ព្រោះរិកប្រពន្ធ។
ជាតិស្រីមានលក្ខណ៍ ទេវតាពុំនាក់ កបកើតទ្រព្យធន
ប្រទេចជេរវាយ ចង្រៃទូរជន ជួរជាតិលើសលន់
លើសលុបលើប្រុស។
ហៅកាឡកិណី វាយកូនជេរស្ដី មិនដឹងត្រូវខុស
បើមានភ្ញៀវមក រឹតរករឿងឈ្លោះ អសោចសាយសុស
រង្គោះធនធាន។
១៤០ – រកស្រីមារយាទខ្ពស់ ចេះខ្ពើមពាក្យឈ្លោះ ចេះទ្រាំអត់ឃ្លាន
ចេះស្លូតចេះកាច ចេះខ្លាចចេះហ៊ាន ចេះខ្មាសចេះអៀន
កាចមានប្រាជ្ញា។
កូនចៅស្រីប្រុស ចំណាំទុកចុះ ទុកជាតំរា
គួរយកតំរាប់ គួរស្ដាប់ពុទ្ធដិកា ព្រះអង្គទេសនា
គាថាបួនបទ។
រៀនត្រាប់អ្នកប្រាជ្ញ បើចង់ឈ្នះកាច យកស្លូតសង្កាត់
ចង់ឈ្នះមនុស្សខឹង ឲ្យប្រឹងខំអត់ វាជេរវាហត់
វាស្បថលែងខឹង។
ចង់ឈ្នះអសុរោះ ស្ដីលេងឡេះឡោះ កុំធ្វើជាដឹង
យើងស្ដីត្រង់ណា ឲ្យចំត្រង់ហ្នឹង ឃើញរិកយើងរឹង
ខ្លាចយើងខាងក្រោយ។
ចង់ឈ្នះកំណាញ់ ក្រដេក្រដាញ់ សុំអ្វីមិនឲ្យ
បើបានចំណី ហុចវាញយៗ តិចដោយច្រើនដោយ
ក្នុងតែវាដឹង។
១៤៥ – នេះមន្ដព្រះពុទ្ធ ប្រាជ្ញាឲ្យមុត ឲ្យគិតថ្លែងថ្លឹង
កុំកាចខុសខ្នាត កើតខាតដ្បិតខឹង កូនអើយខំប្រឹង
កាន់ច្បាប់ទាំងបួន។
កុំជួញរវល់ កុំតបតទល់ កើតទាស់គុំគួន
កូនណាកាន់បាន កូននោះសុខខ្លួន ទោសទាស់លែងជួន
លែងជួបមួយជាតិ។
បើមនុស្សរែកទូល មកនៅចំណូល ញ៉េះញ៉ាស់ធ្វើញាតិ
ឲ្យមើលលៃលក កុំយកខ្លួនបៀត វាទូលទៅទៀត
អសារឥតការ។
ចំណីចំណុក បើឲ្យស៊ីចុក ឲ្យដោយមេត្ដា
កុំឲ្យជឿខ្ចី ក្រែងខុសសន្យា កើតទាស់កាលណា
រើរែករត់បាត់។
មនុស្សគ្មានកន្លែង ខុសពីមារយាទឯង មិនប្រុងប្រយ័ត្ន
តាមទាន់តឹងទារ វាខឹងក្ដៅក្ដាត់ គុំគួនដោយស្ងាត់
បំភ្លាត់ឯងបាន។
១៥០ – ហេតុនេះគួរគិត គួរកូនពិនិត្យ ច្បាស់សុំរាប់អាន
គួរឲ្យសុំឲ្យ គួរខានឲ្យខាន ត្បិតពាក្យបុរាណ
មានពីរចំណែក។
ចងទុកជាក្បួន ចិត្ដល្អក្រខ្លួន នេះពាក្យមួយប៉ែក
មួយទៀតចិត្ដល្អ មិនក្រយូរពេក ឆ្នាំនេះឆ្នាំ(ស្អែក?)
ក្នុងតែនឹងមាន។
ចិត្ដល្អក្រខ្លួន ចាំទុកជាក្បួន ជាក្បាលនិទាន
ឃើញអ្នកទុរគត កំសត់អត់ឃ្លាន មិនស្គាល់ពោះវៀន
ហ៊ានឲ្យជឿខ្ចី។
ទៅទារមិនឲ្យ តឹងតឿនញយៗ ខឹងប្ដឹងកើតក្ដី
ខាតទាំងទ្រព្យចាស់ អស់ទាំងទ្រព្យថ្មី ស្គមគោក្របី
រវល់ក្ដីខាន់ថែ។
ចិត្ដល្អមួយទៀត មេត្រីជាញាតិ សំដីខ្ចីស្រែ
បានស្រូវស៊ីស្កប់ ត្រលប់កាច់កែ រំលងឆ្នាំខែ
ដកហូតមិនបាន។
១៥៥ – ឯងប្ដឹងវា ត ក្ដីទាល់តែក្រ អស់ឆ្នាំងអស់ចាន
របស់ក៏ខាត របរក៏ខាន ដឹងអស់ប៉ុន្មាន
ទំរាំចាញ់ឈ្នះ។
ទ្រព្យធនអ្វីៗ ចងការជឿខ្ចី មើលមុខឲ្យច្បាស់
កុំចោលច្បាប់ខ្មែរ កុំភ្លេចច្បាប់ព្រះ តាមតែប្រទះ
ប្រទាញសងខាង។
ចាំចិត្ដកណ្ដាល បើនឹងឈឺឆ្អាល សប្បុរសមើលយ៉ាង
រៀនស្លូតរៀនប្រាជ្ញ កាចកុំក្អេងក្អាង ក្រែងគ្រោះសំណាង
ខ្មោចខាងវាស្អប់។
ល្អមិនក្រយូរ ស្វែងរៀនរកគ្រូ ស៊ូកុំស្ដាយទ្រព្យ
គ្រូវាយកុំខឹង ឲ្យប្រឹងខំផ្គាប់ ចេះមន្ដសាយសព្វ
ត្រលប់ជាមាន។
ធម្មតាអ្នកចេះ អ្នកស្វែងចំណេះ ចេះដ្បិតខំរៀន
ឆ្លាក់គូរក្បូរក្បាច់ សាច់សិល្ប៍របៀន អ្នកខ្សត់អត់ឃ្លាន
ព្រោះចិត្ដអាក្រក់។
១៦០ – ខូចខិលល្ងង់ខ្លៅ គ្រូជេរប្រដៅ ខឹងលបសំលក់
របេញរបុញ ភូតភរកុហក ស៊ូប្លន់លួចឆក់
មិនខំធ្វើស្រែ។
អ្នកប្លន់អ្នកលួច ឆក់បានតិចតួច បានគ្រាន់បើដែរ
ដល់គេឃើញមុខ ត្រូវគុកច្រើនខែ អាក្រក់ដល់ម៉ែ
ខូចកេរ្ដិ៍ដល់ឪ។
ចង់ខ្ពស់បានទាប ចចើងចង់លាភ រែងបាត់ធនទៅ
ពាក្យពីបូរាណ លោកអានតំរូវ រិកមនុស្សឥឡូវ
ត្រូវតាមតំរាយ។
អ្នកលួចអ្នកប្លន់ ចង់បានប្រពន្ធ ចេញជួញស្រុកឆ្ងាយ
ទិញងារមេស្រុក សូកធ្វើចៅហ្វាយ ចង់ថ្កើងសប្បាយ
ចាយប្រាក់រាជការ។
ឆបាំងបំបាត់ លួចបានដោយស្ងាត់ អាងមានប្រាជ្ញា
ក្រលេកថ្នាំងដៃ កាលៃបោះត្រា ទាស់ភ្នែកទេវតា
រក្សាផែនដី។
១៦៥ – មួយទៀតទូរជន ធ្វើបាបបានបុណ្យ គឺបុណ្យមន្រ្ដី
ទោសទៅចងចាប់ កាប់ឥតប្រណី បានបុណ្យមន្រ្ដី
ព្រោះបុណ្យធ្វើបាប។
អំពើទាំងអស់ កុំសាងឲ្យសោះ ចៀសវាងដរាប
កាន់សីលព្រះពុទ្ធ ឱនលុតឱនក្រាប បើក្រដុនដាប
មានទេវតាជួយ។
កូនអើយទេវតា ស្ថិតសព្វព្រឹក្សា រងោករងួយ
មនុស្សទ្រូស្ដឫ្យា ឯណានិមួយ ទេវតាពុំជួយ
ចំណាំស្គាល់មុន។
មិនដែលកំបាំង រាជការបារាំង គេចាប់ដាក់គុក
ដល់ខ្លួនស្លាប់ទៅ នៅរងសោយទុក្ខ សោយទោសនរក
ទាំងពីរកន្លែង។
នរកបារាំង មានខ្សោយមានខ្លាំង មានខ្លីមានវែង
នរកយម្ភបាល គេផ្ចាលឥតក្រែង ព្រះអង្គសំដែង
ថាលានកោដិឆ្នាំ។
១៧០ – ហេតុនេះគួរវាង គួរចាលគួររាង គួរចងគួរចាំ
គួរកុំធ្វើបាប ដរាបខ្លាចកម្ម គួរកាន់សីលប្រាំ
បណ្ដាំសាសនា។
ហៃកូនចៅអើយ ក្រលាប់អស់ហើយ មិនដូចដូនតា
ភ្លៀងជនខែប្រាំង រាំងខែវស្សា ឆ្នាំវករកា
ត្រីស័កនេះឯង។
រនោចផល្គុន រកាពីមុន ឯកស័កជាក់ស្ដែង
ក្នុងខ្នើតផល្គុន ជនគ្រប់កន្លែង ទាំងគេទាំងឯង
ធ្វើស្រែមិនបានផល។
ឆ្នាំរោងឆស័ក វិសាខភ្លៀងធ្លាក់ ពីររោចសំគាល់
យប់ថ្ងៃអាទិត្យ ងងឹតព្យុះខ្យល់ ភ្លៀងជន់ពេញថ្នល់
ពេញវាលតូចធំ។
ពេញអូរពេញជ្រោះ ដើមឈើទាបខ្ពស់ រលុះរលំ
ឫ្សីស្រុកយើង រលើងទាំងគុម្ព ទើបគ្រាប់វាផ្ដុំ
ផ្ដួចដុះជាថ្មី។
១៧៥ – ឆ្នាំចកុរជូត រាំងរីងរហូត គ្រប់ឆ្នំាទាំងបី
កើតទាំងជំងឺ ស្លាប់មនុស្សប្រុសស្រី ខាលថោះអស់ភ័យ
ធ្វើស្រែស្រូវបាន។
ភ្លៀងឆ្នាំម្សាញ់ រលីងក្បាលក្រាញ់ ត្រូវតាមបុរាណ
កត្ដឹកជន់វាល រាលសព្វស្មសាន អ្នកស្ទឹងប៉ុន្មាន
រលួយស្រូវអស់។
ដាច់ថ្នល់ខានដើរ រាជការគេប្រើ ទាំងចាស់កំលោះ
មមែរងកម្ម បញ្ចាំកេរ្ដិ៍កោះ គ្មានអ្វីស៊ីសោះ
ដាច់ពោះក្សិណក្ស័យ។
ខែចែត្រឆ្នាំវក ស្រលះពពក កើតមានសម័យ
ជាហេតុអស្ចារ្យ សុរិយាល្ងាចថ្ងៃ អុត្បាតង្រៃ
ឃើញសត្វអ្វីហោះ។
ពីជើងទៅត្បូង ចាស់ក្មេងមើលច្រូង បានឃើញទាំងអស់
មើលមិនស្គាល់ជាក់ ធ្លាក់ចំចន្លោះ បាត់ឈឹងសូន្យសោះ
មិនដឹងទៅណា។
១៨០ – កាលមុននោះមក ខែបុស្សឆ្នាំវក លែងមានប្រាជ្ញា
មានតែមេស្រុក វាស់បែងក្រឡា ដីមួយហិតា
ត្រូវសែសឹបថាំង។
រង្វាន់មេស្រុក ត្រូវហូតមួយទុក ដប់ជូនបារាំង
ទៅដល់ប៊ុយរ៉ូ បង្ហូរដាក់ឃ្លាំង ពូជពីរកន្ដាំង
ក៏ជាប់ពន្ធដែរ។
គ្មានធូរគ្មានតឹង កូនអើយខំប្រឹង ជាតិឯងជាខ្មែរ
ក្មេងប្រុសជំទង់ នៅក្នុងឪម៉ែ រាជការប្រិតប្រែ
ថាឲ្យបង់ប្រាក់។
កូនចៅប្រុសស្រី កើតមកលើដី ខំរកលុយកាក់
បានហើយប្រឹងខំ ផ្សំគ្នាទុកដាក់ គ្រាន់ទិញស្លៀកពាក់
បង់ថ្លៃរាជការ។
ភទ្របទឆ្នាំច ចាប់គោខ្មៅស ដុតដែកបោះត្រា
ដល់កុរជូតឆ្លូវ តំរូវយ៉ាងណា នឹងកើតអស្ចារ្យ
រហូតរាល់ឆ្នាំ។
១៨៥ – នគរថ្កើងប្លែក សប្បាយតែភ្នែក ក្នុងចិត្ដរងកម្ម
កូនប្រុសបណ្ដាច់ កុំភ្លេចបណ្ដាំ កប្បាសសូត្រថ្នាំ
ត្រីម៉ាំលែងថោក។
ដូងស្លាអំពៅ អំបិលស្ករស្រូវ មានទៅមានមក
មានចុះមានឡើង រាស្រ្ដយើងល្មមយក ល្មមរេលៃលក
គួរយកគួរខាន។
កប្បាសនិងថ្នាំ គួរដាស់ដីដាំ ធ្វើដៃឯងបាន
កុំអាងខ្ជិលពេក កុំដេកឈប់ខាន កុំចោលបុរាណ
ម៉ែឪដូនតា។
ដីកេរគរគោក កុំអាងខ្ជិលជោក ទៅឈ្ងោកចិនផ្សារ
កូនចៅស្រីៗ ខំរៀនធ្វើការ បើគ្មានប្រាជ្ញា
មានមាត់ចេះស្ដី។
ឲ្យសួរចាស់ៗ រៀនបោះកប្បាស ថ្ពេចមូរសំលី
រៀនកូតរៀនការ ត្រសារពាត់រវៃ ហូលគោមគាតក្ដី
កុំបីចន្លោះ។
១៩០ – រៀនថ្កររៀនត្បាញ ឲ្យចាស់បង្ហាញ បង្ហាត់ទាំងអស់
សំពត់បែបងាយ លាយសូត្រអំបោះ កុំទិញគេសោះ
ឈ្មោះការជាស្រី។
ទិញដូរតែលាក់ អញ្ជុលចេសចាក់ ព្រហូតជាបី
ធ្មេញឈើឈ្នាន់ផ្សំ ក្ដារមូរក្ដារកី ត្រល់ខ្នារឫ្សី
មុខប្ដីជាប្រុស។
តាំងពីឆ្នាំច ការអ្វីក្រៗ ខំរៀនទៅចុះ
ទាន់មានចាស់នៅ ស្គាល់ត្រូវស្គាល់ខុស ចាស់ស្លាប់រលស់
គ្មានមនុស្សចេះដឹង។
រកស៊ីឲ្យញឹក ដេកយប់រលឹក រឹតក្បិនឲ្យតឹង
បើភ្ញាក់កាលណា កាន់ការកាលនឹង កូនអើយខំប្រឹង
ទាំងប្រុសទាំងស្រី។
រមៀតស្លឹកគ្រៃ ជីរម្ទេសខ្ទឹមខ្ញី មានដីដាំចុះ
ដាំដើមអ្វីៗ ចំណីគ្រប់ឈ្មោះ គ្រឿងស៊ីឆ្អែតពោះ
ជុះចោលទទេ។
១៩៥ – ជុះទិសខាងជើង ជុះដាក់ដីយើង កុំជុះដីគេ
កុំជុះដាក់ផ្លូវ ត្រូវមាត់ក្មេងជេរ ដីសល់ទំនេរ
ល្មមមាត់ជុះទៅ។
សក់មួយជាដប់ ជ្រៀតសិតឲ្យសព្វ កុំឲ្យសល់នៅ
បើប្រាជ្ញារាក់ ចាក់ចិត្ដឲ្យជ្រៅ ដាំចេកអំពៅ
ដូរស្រូវអង្ករ។
កើតមកជាមនុស្ស មួយព្រួយចង់រស់ មួយព្រួយចង់ល្អ
ពីនេះជាធំ វានាំឲ្យក្រ ចាំជាតំណ
តជាទំនុក។
មនុស្សមារយាទមិនប៉ិន កូននៅខ្ញុំចិន ព្រោះម្ដាយឪពុក
ធ្វើស្រែមិនត្រូវ គ្មានស្រូវជង្រុក កូនអើយចាំទុក
នេះមុខមេក្រ។
មេ១ជាធំ កំលោះក្រមុំ ស្លៀកពាក់ចង់ល្អ
បើបានបែបខ្មៅ ថានៅបែបស ទើបគ្រាន់អន់ក្រ
ត្រដរចង់ថ្កើង។
២០០ – ក្រលាប់នគរ រឹងរឹតកើតចោរ ច្រើនឡើងច្រើនឡើង
ពាលរឹងក្រអើត ចើតម៉ើតចើតម៉ើង ក្រដាស់យ៉ាងស្ដើង
ចាយរហែកនៅដៃ។
ប្រាក់ចាយអស់ទៅ ព្រោះមនុស្សឥឡូវ អុត្បាតចង្រៃ
ជាតិខ្មែរប្រែភេទ ក្រលែតក្រលៃ ក្រលាស់សាសន៍សៃយ
សព្វសត្វនានា។
ជាតិខ្មែរប្រែខុស ស្រីក្លែងធ្វើប្រុស ប្រុសក្លែងធ្វើជ្វា
យកប្ដីប្រពន្ធ មិនស្គាល់មីងមា បុណ្យទានការងារ
កាប់គ្នាឥតក្រែង។
ល្ងង់រិកធ្វើចេះ គោចងត្រដោកសេះ ប្រុសៗដុះស្នែង
ស្រីពាក់អាវខ្លី ប្រុសពាក់អាវវែង សារុងហៀរកែង
ធ្វើឯងអ្នកគ្រាន់។
កាន់ចិត្ដសីហលោ សេះទឹមនឹងគោ ចាក់ហ៊ោលាន់ៗ
រកស៊ីមួយថ្ងៃ ចង់បានមួយពាន់ បរគោជល់មាន់
ចាក់កាប់ជាប់គុក។
២០៥ – រីល្បែងបៀប៉ោ ច្រើនទៅជាចោរ ប្រកាសហាមទុក
ចូរកូនប្រយ័ត្ន ប្រយោជន៍ទៅមុខ ចាំជាទំនុក
ដំណកូនចៅ។
អ្នកកុំប្រហែស រាជការនិរទេស កំចាត់ចេញទៅ
រាជការអាណិត ខំប្រិតប្រដៅ កុំលោភល្ងង់ខ្លៅ
ថោកផៅត្រកូល។
ប្រយ័ត្នក្រែងក្រ ផ្លូវច្បាប់ល្អៗ អ្នកខំប្រមូល
ផ្លូវវៀចអាក្រក់ អ្នកកុំដើរចូល ហៅផ្លូវមិនស្រួល
លង់ផុតគំនិត។
ដើរផ្លូវកណ្ដាល ស្រលាញ់ស្និតស្នាល ឈឺឆ្អាលដោយពិត
មគ្គផលសីលទាន ឈានចូលឲ្យជិត យកធម៌ជាមិត្រ
មិនឥតអំពើ។
មនុស្សម្នាក់ច្រើនឆោត ច្រើនគ្មានគេកោត ឈឺគ្មានគេមើល
ស្លាប់ឥតគេព្រួយ គេជួយទាំងស្ទើរ មិនដែលឡើងលើ
ច្រមុះចុះក្រោម។
២១០ – កូនចៅស្រីៗ ក្រមុំសាវខ្ចី រៀនឆោតឲ្យល្មម
ប្រុសស្មើម៉ែឪ ឆូវឆប្រលោម មើលរូបមើលឆោម
កុំព្រមដោយងាយ។
កុំក្និចក្នក់ក្នាញ់ បើចិត្ដស្រលាញ់ កុំចេញនិយាយ
បើស្អប់កុំប្ដឹង បើខឹងកុំធ្លាយ កុំរោះកុំរាយ
កុំងាយធ្វើស្និទ្ធ។
កុំដើរប្រាប់គេ កុំអាងអួតជេរ ក្រែងប្រុសឈឺចិត្ដ
នៅឲ្យតែនឹង កុំរវល់ធ្វើស្និទ្ធ ប្រុសនឹងអាណិត
គិតចូលដណ្ដឹង។
បើម៉ែឪឲ្យ មើលមុខមើលក្រោយ អាក្រក់ខ្មៅឆ្អឹង
ប្រកែកដោយស្ងាត់ កុំខ្លាចម្ដាយខឹង កើតកូនមកតឹង
ពិបាកចាយណាស់។
កុំឃ្លានចំណី កុំខ្លាចអត់ប្ដី កុំភ័យខ្លាចចាស់
មើលមុខឯងផង កុំរើសឥតខ្មាស ខ្លួនល្អស្រលះ
មិនខ្វះគេស្ដី។
២១៥ – បើបានជាខូច ទាន់ផើមនៅតូច ខែពីរខែបី
រវៀសឆ្លើយប្រញាប់ ប្រាប់គ្នាស្រីៗ កុំលាក់ធ្វើអី
ក្នុងតែគេដឹង។
កុំមាយាបេះក្រូច មារយាទចេះតែខូច មាត់ចេះតែខឹង
គេថាត្រង់ណា ជេរគេត្រង់ហ្នឹង ជេរហើយខំប្រឹង
យកថ្មសង្កត់។
រំលាយរំលូត អាក្រក់តែគូទ អួតល្អតែមាត់
មានគេឃើញច្បាស់ ម្នះរឹងហ៊ានស្បថ ទោសនេះនឹងភ្លាត់
ធ្លាក់ទៅអវចី។
ចោរកាចល្ងង់ខ្លៅ ប្រាជ្ញប្រាមប្រដៅ ហៅបារាជិកស្រី
មេបាគេកាច់ ស្លាប់ពីរស្លាប់បី រំលូតកូនខ្ចី
ស្មើរំលាយព្រះ។
មានកាលមានក្ស័យ ខ្វិនជើងខ្វិនដៃ កខ្វេះកខ្វាស
ខ្វាក់ភ្នែកអន្ធការ អនិច្ចារូបណាស់ អាក្រក់កេរ្ដិ៍ខ្មាស
តកូនតចៅ។
២២០ – អសោចសុសសាយ សុសសព្វដល់ម្ដាយ ដល់ពូជពង្សផៅ
ស្លាប់ទៅរងទុក្ខ នរកឋានក្រៅ គេស្រុះទឹកក្ដៅ
ស្លាប់ទៅរស់ទៀត។
ស៊ីខ្ទះឈាមឯង ព្រះអង្គសំដែង ថាម៉ឺនសែនជាតិ
ឡើងមកជាប្រេត ហេតុកម្មមិនឃ្លាត អត់ឃ្លាតគ្មានញាតិ
ហែកកូនឯងស៊ី។
ព្រះពុទ្ធលែងប្រោស ធម៌លែងសន្ដោស សោយទុក្ខវក់វី
ហេតុចិត្ដឫ្យា មិច្ឆាទិដ្ឋី កើតជាជ្រូកញី
គេគ្រៀវគេចាក់។
អសង្ខេយ្យឆ្នាំ ហេតុផលសេសកម្ម កើតជាមនុស្សខ្វាក់
មនុស្សខ្វិនទ្រែមទ្រម ជាគមជាគាក់ ខ្ទើយឆ្កួតអបលក្ខណ៍
ជាអ្នកឥតប្ដី។
បើម្ដាយជួយព្រួត ជួយនាំរំលូត រំលាយកូនខ្ចី
នរកប្រេតព្រមគ្នា មិនឃើញរស្មី ត្បិតចិត្ដតិរ្ថិយ
ទាំងម្ដាយទាំងកូន។
២២៥ – ហេតុនេះគួរខ្លាច ធម្មតាចោរកាច មិនដែលស្ងាត់សូន្យ
អសោចកេរ្ដិ៍ឈ្មោះ ទាំងអស់បងប្អូន មេបាតាដូន
កាត់កាលលែងរាប់។
គួរប្រុងអិរិយា កើតទាន់សាសនា ហៅមហាមានភ័ព្វ
ទាំងស្រីទាំងប្រុស កុំបីឲ្យធ្លាប់ គួរខំរៀនផ្គាប់
បរលោកលោកិយ។
ឯខុសនឹងគាប់ បើនឹងរៀបរាប់ រាល់រូបប្រុសស្រី
គាប់ខុសនៅចិត្ដ ខុសគាប់នៅស្ដី គំរប់ជាបី
ខុសត្រូវនៅកាយ។
កូនប្រុងប្រព្រឹត្ដ ការកេរ្ដិ៍ឲ្យជិត គំនិតឲ្យឆ្ងាយ
កើតមកជាខ្មែរ កុំប្រែក្លែងក្លាយ ធម្មតាសប្បាយ
វាតែងឲ្យទុក្ខ។
ឲ្យទោសឲ្យទែង ទាស់តែម្នាក់ឯង ដល់ម្ដាយឪពុក
រីឯរឿងទោស មានតែពីរមុខ មួយនៅនរក
មួយនាលោកិយ។
២៣០ – លោភោទោសោ កើតពីមោហោ រាល់រូបប្រុសស្រី
គួរកាន់មេត្ដា កតញ្ញូខន្ដី នេះជាបាលី
ទៅកាន់បរលោក។
ពាក្យពិតប្រដៅ ឲ្យអស់កូនចៅ ប្រព្រឹត្ដរៀនយក
កូនណាមិនរៀន កូននឹងមារយាទថោក នឹងធ្លាក់ជ្រុលជ្រក
ក្នុងចតុបារាយ។
ធំស្រេចនៅស្លូត សុខខ្លួនរហូត ដរាបវែងឆ្ងាយ
ខន្ដីអំណត់ សង្កត់ក្នុងកាយ ជាតិជនទាំងឡាយ
កំរកាន់បាន។
ចេះហើយមិនដឹង ចិត្ដនៅម្នះរឹង ប្រឹងរកកម្មដ្ឋាន
រកធម៌មិនយល់ ខ្ជិលខ្វល់ឈប់ខាន បន្ទោសបុរាណ
ថាគ្មាននិស្ស័យ។
រីបាបនិងបុណ្យ មានចិត្ដជាមុន មាត់ជាបច្ច័យ
នាំចុះនាំឡើង ពីជើងពីដៃ សន្សំសព្វថ្ងៃ
ឈ្មោះហៅសំណាង។
២៣៥ – កើតក្នុងលោកិយ រាល់រូបប្រុសស្រី មានចិត្ដមានអាង
កុសលអកុសល ប្រទាញសងខាង រូបនៅតេងតាង
តែងតាមទៅមក។
មគ្គផលសីលទាន បើល្ងង់ឲ្យរៀន បើគ្មានឲ្យរក
យល់ល្អសាងស្អាត សង្វាតជ្រៀតជ្រក ជ្រើសរើសរៀនរក
រក្សារូបកាយ។
នេះជាហៅច្បាប់ ជាទីសណ្ដាប់ សណ្ដានទាំងឡាយ
កូនចៅប្រុសស្រី កុំបីនឿយណាយ សង្ខេបបរិយាយ
និដ្ឋិតំចែងចប់។
អ្នកព្រះភិរម្យ អាចារ្យង៉ុយខ្ញុំ បង្គំម្រាមដប់
លើសលស់ឆ្គាំឆ្គង រំលងពុំគាប់ ពុំគួរសមសព្វ
សុសសាយសេចក្ដី។
កាយកម្មវចីកម្ម ឈ្មោះច្បាប់បណ្ដាំ កូនចៅប្រុសស្រី
ជាបរមត្ថក្រៅ មិនហៅបាលី បរលោកលោកិយ
ទាំងពីរកន្លែង។
២៤០ – បើលោកឯណា ចេះចាំធម៌អាថិ ប្រាកដជាក់ស្ដែង
ឃើញខុសត្រង់ណា កុំថាជាល្បែង ដ្បិតពាក្យខ្ញុំតែង
ឲ្យក្មេងវាភ័យ។
មិនមែនភរភូត កុំថាខ្ញុំអួត ប្រាជ្ញាខ្ញុំវៃ
ឃើញមនុស្សវង្វេង ខ្ញុំតែងច្បាប់ថ្មី អស់អាថិសេចក្ដី
អេវំចប់ហោង។
%d bloggers like this: