បែកគ្នាអូនកុំយំ

បែកគ្នាអូនកុំយំ សូមស្រីមុំកាត់ចិន្ដា
ជួបគ្នាត្រឹមសង្សារ ល្បែងស្នេហាចប់ត្រឹមហ្នឹង។
បែកគ្នាអូនកុំយំ ទុក្ខទូលភ្នំពុំអាចថ្លឹង
ត្រូវធ្វើចិត្តរឹងប៉ឹង អូនត្រូវប្រឹងបំភ្លេចបង។
បែកគ្នាអូនកុំយំ ទុក្ខរងំរែងសៅហ្មង
ឈប់គិតរឿងកន្លង បន្តិចម្ដងណាចរណៃ។
បែកគ្នាអូនកុំយំ អូនក៏ធំដឹងហើយថ្លៃ
ឈប់នឹកឈប់ស្រមៃ គង់មានថ្ងៃស្រីធ្វើបាន។
បែកគ្នាអូនកុំយំ នាំរោគរុំរឹតខ្លួនប្រាណ
រឿងស្នេហ៍ប្រែខកខាន វាសនាច្រានឲ្យកំព្រា។
បែកគ្នាអូនកុំយំ អូនត្រូវឃុំចិត្តពុំងា
ធ្លាក់ខ្យល់ខែរងា លែងមានគ្នាដូចមុនហើយ។
បែកគ្នាអូនកុំយំ ស្ដាប់ចាស់ទុំក្រែងបានស្បើយ
រឿងស្នេហ៍គ្មានកោះត្រើយ សល់ចម្លើយត្រឹមខ្លោចផ្សា។
បែកគ្នាអូនកុំយំ ចិត្តស្រទំណែនឱរា
ថែខ្លួនស្ងួនឧស្សាហ៍ ហាត់កីឡាកិច្ចការផ្ទះ។
បែកគ្នាអូនកុំយំ ភ្លេងប្រគំផ្គុំសំពះ
ធ្វើចិត្តឲ្យមានព្រះ កុំមានះធ្វើបាបខ្លួន។
បែកគ្នាអូនកុំយំ ឲ្យបងសុំអភ័យស្ងួន
ជាតិនេះខានជួបចួន សុំថែថួនស្ងួនជាតិមុខ៕
អ្នកនិពន្ធ៖ កើយ ចិត្រា

បញ្ចេញមតិ