អ្ហេ! ពួកម៉ាក! (បទពាក្យប្រាំពីរ)

មិត្តមួយមាឌមាំមានមន្តស្នេហ៍…………………..ជំនាញពូកែចែចង់ស្រី

វាសម្បូរញាតិពេលរាត្រី…………………………..ស្រុះស្រូតបោយដៃចូលកម្សាន្ត។

អាសូរប្រពន្ធ និង កូនវា……………………………រាល់យប់កំព្រាព្រួយប្រុសប្រាណ

គេងឱបតែទុក្ខឥតស្រាកស្រាន………………….ដូចបាយព្រាត់ចានខានយឹតយោង។

ឥឡូវអាអេដស៍វាចោមជេរ………………………..ថាអាទំនេរមិនទំនង

អាខ្វះគំនិតឥតគន្លង……………………………….គ្រួសារត្រូវរងទុក្ខខ្វល់ខ្វែង។

មិត្តមួយនោះវិញសេពតែស្រា…………………….គ្មានពេលធ្វើការលេសបង្វែង

ប្រពន្ធតាមទាន់ទក្តែងៗ…………………………..ទឹកស្រែហួតហែងមិនព្រមមើល៍។

វាផឹកនោះផឹកព្រឹកទល់យប់………………………ជួនដួលដេកដុបជួនផ្លូវដើរ

ឆ្កែថាអាឆ្កួតឥតអំពើ……………………………….វាហក់លោតលើលិឍមាត់លេង។

អាថ្លើមវាឆ្អើមស្រាឡើងឆ្អិន……………………….វាកើតរោគកក្រិនស្ទើរវង្វេង

ធុំស្រាវាអន្ធះអន្ទេង…………………………………ចង់លោតមកលេងខាងក្រៅម្តង។

ឥឡូវក្រពះក៏ពោលប្រាប់………………………….ថាឱ្យខំសាប់វាខំត្រង

ឱ្យឆ្អែតឆ្អន់លើសសព្វមួយដង……………………ព្រោះជិតតៃហោងសូន្យជីវិត។

មិត្តមួយនោះទៀតក៏ឆ្លៀតដែរ…………………….ប្រជាជនខ្មែរហៅបាំងផ្លិត

វាបាំងបក់បោះជុំញាតិមិត្ត…………………………ភ្លឺដល់ងងឹតឥតរកបាយ។

វាលេងសព្វល្បែងភ្នាល់ស៊ីសង…………………..ថ្ងៃឆ្នាំចាស់ឆ្លងខុសគេឆ្ងាយ

ទេវតាឆ្នាំថ្មីក្តៅក្រហាយ……………………………ថាអាអន្តរាយអន្តរធាន។

វាលេងអស់ចានឆ្នាំងស្លាបព្រា……………………មកដល់ផ្ទះវាច្បាមរុករាន

ក្រវិលខ្សែកប្រាក់ចិញ្ចៀន…………………………ប្រពន្ធមិនហ៊ានខ្លាចបីពិល។

ឥឡូវបំណុលបុល្លិកា………………………………ថ្ងៃឡើងប្រាក់ការលាប់កញ្ច្រិល

ពួនញាក់ក្នុងភួយលាក់ពុតខិល…………………..ចាំជាវាវិលរកស៊ីសង។

រកស៊ីឯណាគឺមូលវង់……………………………….ពួយភឿនបានរង់លេងល្បែងល្បង

អ្នកច្បាប់ចាប់បានជាប់ខ្នោះកង…………………..ជំពាក់គេផងចង់ចងក។

មិត្តមួយនោះវាក៏ញៀនញ៉ាម……………………..ពេទ្យលោកបានហាមយ៉ាងចំហ

វាមិនយកគិតរឹតបន្ត………………………………..គេប្រាប់ផ្លូវល្អវាបរវៀស។

វាប៉ិនណាស់ខាងបង្ហុយផ្សែង…………………….អ្នកជិតចំបែងល្អែងដើរចៀស

វាប៉ូវនូវសួតផ្សែងពោរពាស……………………….សួតសុំសម្ភាសន៍មានផលអ្វី។

ឥឡូវកើតរោគមិនចាញ់អេដស៍…………………..រាងស្គមទទ្រេតក្អករីងរៃ

សួតធ្លាក់ខ្លួនឈឺកំពុងភ័យ………………………..កើតខ្មោចបារីព្រោះមិនគិត។

មិត្តមួយវិញទៀតជាតិត្រូវការ…………………….វាមានប្រាជ្ញាថ្លាគំនិត

វារៀនចប់ថ្នាក់ថ្នាលបណ្ឌិត……………………….ខុសឆ្ងាយពីមិត្តបួនខាងលើ។

វានេះពូកែជួយសាងជាតិ………………………….កេរ្តិ៍វរនាថវាគ្រាន់បើ

វារំភើបណាស់ស្ទើរចង់ហើរ……………………….ព្រោះគេសរសើរគ្រប់ៗគ្នា។

ឥឡូវវាមាននាមឧត្តម……………………………..យសស័ក្តិបុណ្យសមនឹងវិជ្ជា

ចិត្តវាមានជាតិគ្រប់វេលា…………………………..ខ្លាចជាតិវេទនារងអន្តរាយ។

មិត្តនេះវាស្លាប់បាត់បង់ប្រាណ……………………តែឈ្មោះថ្កើងថ្កានថ្លៃសុះសាយ

ស្ថិតនៅក្នុងចិត្តមនុស្សគ្រប់កាយ…………………មិនសូន្យសោះឆ្ងាយពីលោកា។

មិត្តរៀបរាប់មកប្រាំប្រភេទ………………………..សូមជួយអង្កេតពិចារណា

តើមួយណាល្អគាប់ចិន្តា…………………………….សមមិត្តថ្លៃថ្លាគួរគប់រាប់៕

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: